ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា សុំគោលការណ៍ពីសម្តេចលើការទប់ស្កាត់សំណង់ខុសច្បាប់ រូបពីក្រសួងដែនដី
× ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនសម្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំគោលការណ៍សម្រេចចិត្តលើវិធានការចាំបាច់ទប់ស្កាត់ ចំពោះការដ្ឋានសំណង់ខុសច្បាប់នៅកម្ពុជា។ លោក ជា សុផារ៉ា ប្រាប់សម្តេចនាយករដ្ឋមន្ត្រីថា គោលការណ៍នេះ គឺដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស រួមទាំងធានាដល់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។
ក្នុងសំណើ ដែលចុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក ជា សុផារ៉ា លើកឡើងថា គោលការណ៍នេះ ដើម្បីដាក់ចេញវិធានការចាំបាច់មួយចំនួន ដល់ការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម (Condo, Apartment) អគារពាណិជ្ជកម្ម អគារសិប្បកម្ម និងសំណង់ផ្សេងៗទៀត ដែលគ្មានលិខិតអនុញ្ញាត និងការសាងសង់ខុសបច្ចេកទេស។
ខ្លឹមសារនៃសំណើនេះ បញ្ជាក់យ៉ាងដូច្នេះថា «ការចាត់វិធានការលើការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាត ឬសាងសង់ខុសបច្ចេកទេស មានក្រសួងពាក់ព័ន្ធចំនួនចូលរួម។ ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឱ្យផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់នោះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឱ្យផ្គត់ផ្គង់ទឹកស្អាត។ ក្រសួងសាធារណការ មិនត្រូវអនុញ្ញាតឱ្យតភ្ជាប់លូ ចូលបណ្តេញលូសាធារណៈ។ ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយពាណិជ្ជកម្មនៃសំណង់ទាំងនោះ។ ដោយឡែក ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតិឱ្យប្រកបអាជីវកម្មឡើយ។
ប៉ុន្តែគោលការណ៍នេះ បានលើកលែងចំពោះសំណង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com