ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា សុំ​គោលការណ៍​ពីស​ម្តេច​លើ​ការទប់ស្កាត់​សំណង់​ខុសច្បាប់​
28, Jun 2019 , 7:39 pm        
រូបភាព
រូបពីក្រសួងដែនដី
រូបពីក្រសួងដែនដី
​ភ្នំពេញ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានដាក់​សំណើ​ជូន​សម្ត​ច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​គោលការណ៍​សម្រេចចិត្ត​លើ​វិធានការ​ចាំបាច់​ទប់ស្កាត់ ចំពោះ​ការដ្ឋាន​សំណង់​ខុសច្បាប់​នៅ​កម្ពុជា​។ លោក ជា សុផារ៉ា ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី​ថា គោលការណ៍​នេះ គឺ​ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស រួមទាំង​ធានា​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​ចីរភាព​។


 
​ក្នុង​សំណើ ដែល​ចុះ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ លោក ជា សុផារ៉ា លើកឡើងថា គោលការណ៍​នេះ ដើម្បី​ដាក់ចេញ​វិធានការ​ចាំបាច់​មួយចំនួន ដល់​ការដ្ឋាន​សំណង់​សណ្ឋាគារ អគារ​ស្នាក់នៅ​រួម (Condo, Apartment)  អគារ​ពាណិជ្ជកម្ម អគារ​សិប្បកម្ម និង​សំណង់​ផ្សេងៗ​ទៀត ដែល​គ្មាន​លិខិតអនុញ្ញាត និង​ការសាងសង់​ខុស​បច្ចេកទេស​។ 
 
​ខ្លឹមសារ​នៃ​សំណើ​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការចាត់វិធានការ​លើ​ការដ្ឋាន​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត ឬ​សាងសង់​ខុស​បច្ចេកទេស មាន​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ចូលរួម​។ ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​មិនឱ្យ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ការដ្ឋាន​សំណង់​នោះ​។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចាត់វិធានការ​មិនឱ្យ​ផ្គត់ផ្គង់​ទឹកស្អាត​។ ក្រសួង​សាធារណការ មិនត្រូវ​អនុញ្ញាតឱ្យ​ត​ភ្ជាប់​លូ ចូល​បណ្តេញ​លូ​សាធារណៈ​។ ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​សំណង់​ទាំងនោះ​។ ដោយឡែក ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ដែលមាន​សមត្ថកិច្ច មិនត្រូវ​ផ្តល់​លិខិត​អនុញ្ញាតិ​ឱ្យ​ប្រកប​អាជីវកម្ម​ឡើយ​។ 
 
​ប៉ុន្តែ​គោលការណ៍​នេះ បាន​លើកលែង​ចំពោះ​សំណង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​៕ 
 

Tag:
 សំណង់​
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com