កីឡាជាតិ
ជាតិ
កម្ពុជា​រំពឹង​បាន​បទពិសោធ​ល្អៗ​ពី​ជើងឯក​យុវជន​អាស៊ាន និង​សុំ​យោគយល់​ចំពោះ​ការខ្វះខាត
28, Jun 2019 , 2:21 pm        
រូបភាព
ដោយ:
​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រំពឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ជាមួយគ្នានេះ លោក​សុំ​ការយោគយល់​ពី​ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​ទាំង​៩​ក្នុង​តំបន់​អាស៊ាន ចំពោះ​ការខ្វះខាត​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​នេះ​ផងដែរ​។

 
 
​តាំងពី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា Games Ganefo អាស៊ី​លើក​ទី​១​នៅ​ឆ្នាំ​១៩៦៦ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ពុំ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នោះឡើយ​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លងមកនេះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ សហព័ន្ធ​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ ឡើងវិញ​ដោយមាន​ប្រតិភូ​មកពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​។ 
 
​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​ធ្វើជា​ធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​នេះ​ជឿជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ឡើងវិញ​នេះ គឺ​ចៀស​មិន​ផុតពី​កំហុសឆ្គង ដែល​កើតឡើង​ដោយ​អ​ចេតនា​នោះឡើយ​។ កត្តា​នេះហើយ​ទើប លោក ស្នើសុំ​ការយោគយល់​ទុកជាមុន​ពី​ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​ទាំងនោះ ក្នុងអំឡុងពេល​ប្រកួត និង​ស្នាក់​នៅក្នុង​កម្ពុជា​។​


 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូបនេះ​ចាត់ទុក​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​នៅពេលនេះ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​និង​ជា​ឱកាស​ក្នុង​ការបង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ ហើយ​វា​ជា​ឱកាស​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី និង​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ក៏ដូចជា​ឲ្យ​ពួកគេ​បាន​សិក្សា​ពីបទ​ពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផងដែរ​។  
 
«​វា​ជា​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​បែបនេះ បន្ទាប់ពី​ខកខាន​ចាប់តាំងពី​ឆ្នាំ​១៩៦៦ ដែល​កម្ពុជា​បានធ្វើ​ម្ចាស់ផ្ទះ កីឡា Games Ganefo អាស៊ី​លើក​ទី​១​។ ហេតុដូច្នេះ ខ្ញុំ​សូម​ការយោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ការខ្វះខាត​ក្នុងការ​រៀបចំ និង​ការទទួល​បដិសណ្ឋារកិច្ច​ក្នុងកំឡុងពេល​ប្រកួត និង​ការ​ស្នាក់នៅ​នៅ​កម្ពុជា​។ យើង​សង្ឃឹមថា សហព័ន្ធ​នឹង​អាច​រៀនសូត្រ​បាន​ច្រើន​ពី​ការរៀប​ចំនេះ​»​។ ការលើកឡើង​បែបនេះ​របស់លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជ្រើសរើស​យុវជន​អាស៊ីអាគ្នេយ៍​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង ដែល​បាន​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣​ឆ្នាំនេះ ដែលជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដើម្បី​បង្ហាញ​មុខមាត់ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​»​។ 
 
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ បានបញ្ជាក់​ពី​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ថា គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ និង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ជាដើម​។​
 
​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៤០៦​រូប ដែល​មកពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ថៃ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា សិង្ហ​បុរី ព្រុយ​ណេ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​។ សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២៨-៣០ ខែមិថុនា​នេះដែរ កម្ពុជា​បានដាក់​កីឡាករ​កីឡាការិនី​ចំនួន​២០​រូប​ឲ្យ​ចូលរួម​៕ 
 

Tag:
 ​ហែល​ទឹក​
  ស៊ុន ចាន់ថុល​
  ហែម គី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com