កីឡាជាតិ
ជាតិ
លោក ប៉ាន សូរស័ក្តិ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាទោចក្រយាន
× លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវ បានតែងតាំងឲ្យធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានជំនួសលោក នុត សាអាន ដែលបានដកខ្លួនក្រោមហេតុផលមមាញឹកជាមួយការងារផ្ទាល់ខ្លួន។ សហព័ន្ធ ក៏បានផ្លាស់ប្តូរ និងបន្ថែមសមាជិកថ្មីមួយចំនួនទៀតផងដែរ។
ការតែងតាំង លោក ប៉ាន សូរស័ក្តិ ជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ធ្វើឡើងក្នុងអង្គសន្និបាតវិសាមញ្ញរបស់សហព័ន្ធកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ សម្រាប់ការប្រកាសតែងតាំងនោះដែរ ដោយមានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC។
ក្រៅពីផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ សហព័ន្ធក៏បានផ្លាស់ប្តូរ និងបន្ថែមសមាជិកមួយចំនួនទៀតផងដែរ។ ក្នុងនោះលោកឧកញ៉ា វង្ស ខាន់ពៅ ដែលជាអគ្គលេខាធិការ ត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានទី២ ខណៈតំណែងចាស់របស់លោកជំនួសដោយលោក នូ ចំរើន។ ចំណែកលោក កឹម សុខុន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជាអនុប្រធានទី១ជំនួសលោក វ៉ាន់ ថន ខណៈលោក ស៊ាង ថៃ កាន់តួនាទីជាអនុប្រធានទី៣។
លោក ព្យែរ អ៊ីវកាទ្រី បន្តកាន់តំណែងអគ្គលេខាធិការរងជាមួយលោក សុខ ដារិទ្ធិ រីឯលោក ឡាយ សុខសៅគន្ធា ជាអគ្គហិរញ្ញិក និងមានសមាជិក៥រូបទៀតរួមមានលោក ឡុង កែមវិចិត្រ, អ៊ូច សារិន, កញ្ញា ឱ ចន្ទន៍ធឿន, ជ័យ ច័ន្ទរស្មី និង ង៉ែត ធានសិរីវល័ក្ខ៕
Tag:
ទោចក្រយាន
ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com