អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ដើរ​ដល់​ផ្លូវបំបែក​សន្តិភាព និង​សង្គ្រាម​
28, Jun 2019 , 4:07 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាកិច្ចប្រជុំជាមួយមេដឹកនាំអាហ្វ្រិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិអំឡុងពេលស្នាក់ទីក្រុងអូសាកាដើម្បីចូលរូមជំនួបមេដឹកនាំ G20 ។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាកិច្ចប្រជុំជាមួយមេដឹកនាំអាហ្វ្រិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិអំឡុងពេលស្នាក់ទីក្រុងអូសាកាដើម្បីចូលរូមជំនួបមេដឹកនាំ G20 ។ រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៨ ខែមិថុនា និយាយថា តំបន់​ឈូង​សមុទ្រ​កំពុងស្ថិត​ក្នុងដំណាក់កាល​រសើប ហើយ​ឈរ​នៅ​ចំ​ផ្លូវបំបែក​រវាង​សន្តិភាព និង​សង្គ្រាម​។ លោក ស៊ី ចង់​សំដៅ​ដល់​ភាព​តានតឹង​ដែល​ពុះកញ្ជ្រោល​ខ្លាំង​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ ថ្លែង​នា​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ មេដឹកនាំ​ចិន​រូបនេះ​ក៏​ស្នើ​ឲ្យ​មានការ​អត់ធ្មត់ រក្សា​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា​ដោយ​ការចរចា​សន្តិវិធី​។​

 
​សន្តិភាព និង​សង្គ្រាម​! នេះ​ជា​ផ្លូវ​ពីរ​ដែល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង មើលឃើញ​ក្នុង​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​សព្វថ្ងៃនេះ​។ ការប្រឈមមុខគ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់ បាន​កើនឡើង​គួរ​ឲ្យ​បារម្ភ​ក្នុង​តំបន់​ដែលជា​ប្រភព​ប្រេង​របស់​ពិភពលោក ហើយ​អ្វីដែល​គេ​រឹតតែ​បារម្ភ​ខ្លាំង​នោះ គឺ​តំបន់​នេះ​កំពុង​ស្ថិតក្នុង​ផ្លូវ​ឆ្ពោះទៅកាន់​សង្គ្រាម​ជាជាង​ផ្លូវ​សន្តិភាព​។  
 
​នា​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​២៨ ខែមិថុនា លោក ស៊ី លើកឡើងថា ស្ថានភាព​អន្តរជាតិ​បច្ចុប្បន្ន គឺ​ពោរពេញ​ដោយ​ភាពស្មុគស្មាញ និង​បញ្ហា​មិនចេះចប់​មិនមែន ហើយ​តំបន់​ឈូង​សមុទ្រ​វិញ គឺ​កំពុង​ឈរលើ​ផ្លូវបែក​ជា​ពីរ​រវាង​សង្គ្រាម និង​សន្តិភាព​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ត្រង់ចំណុច​នេះ លោក​ប្រធានាធិបតី​ចិន​ប្រកាសថា ចិន​ឈរ​ខាង​សន្តិភាព ហើយ​ប្រឆាំង​សង្គ្រាម​។ 
 
​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា មេដឹកនាំ​ចិន បានស្នើ​ឲ្យ​ភាគី​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ អត់ធ្មត់ ជំរុញ​កិច្ចសន្ទនា និង​ការជជែក​គ្នា ព្រមទាំង​រួមគ្នា​ការពារ​សន្តិភាព និង​ស្ថិរភាព​តំបន់​។ ចំពោះមុខ​អគ្គលេខាធិការ UN លោក ស៊ី ក៏​ប្រកាស​គាំទ្រ​យន្តការ​ពហុភាគី​និយម និង​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចការ​ពិភពលោក​។​
 
​ចិន ហាក់​ប្រកាន់​ជំហរ​ប្រយ័ត្នប្រយែង​ច្រើន​នៅពេល​និយាយ​រឿងរ៉ាវ​នៅ​តំបន់​ឈូង​សមុទ្រ ទោះ​មាន​ជំហរ​គាំទ្រ​អ៊ីរ៉ង់​ខ្លាំង​។ ក្រុង​ប៉េកាំង​មាន​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម និង​ថាមពល​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ ប៉ុន្តែ​ក៏​មិន​ចង់​ឲ្យ​វ៉ាស៊ីនតោន​ឃ្នើសចិត្ត​ប៉ុន្មាន​ដែរ​។ លើសពីនោះ ចិន​ក៏​កំពុង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​សត្រូវ​មនោគមន៍វិជ្ជា​របស់​អ៊ីរ៉ង់​ផងដែរ​។ ទាំង​អ៊ីរ៉ង់ ទាំង​អា​រ៉ា​ប៊ី​សា​អូឌីត សុទ្ធតែ​ប្រភព​ប្រេង​របស់​ចិន​។​
 
​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ កើនឡើង​ខ្លាំង​ក្រោយ​មានការ​វាយប្រហារ​បន្ត​បន្ទាប់​លើក​ប៉ាល់​ដឹក​ប្រេង​ដែល​បើក​កាត់​ផ្លូវទឹក​ដ៏​មមាញឹក​មួយ​នោះ​។ អាមេរិក​ចោទ​អ៊ីរ៉ង់​ថា នៅ​ពីក្រោយ​ការ​ប្រហារ​ទាំងនេះ តែ​អ៊ីរ៉ង់​បដិសេធ​។ សភាពការណ៍​កាន់តែ​យ៉ាប់យ៉ឺន បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​របស់​អាមេរិក ដោយ​ចោទថា បំពាន​ដែនអាកាស​របស់ខ្លួន​។ ពេលនោះ លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​វាយប្រហារ​អ៊ីរ៉ង់​ទៅហើយ តែ​បាន​ដក​បញ្ជា​វិញ​៕ 
 

Tag:
 ចិន​
  ឈូង​សមុទ្រ​ពែ​រ្ស​
  អាមេរិក​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com