អន្តរជាតិ
លោក ស៊ី ជិនភីង៖ តំបន់ឈូងសមុទ្រពែរ្សដើរដល់ផ្លូវបំបែកសន្តិភាព និងសង្គ្រាម ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាកិច្ចប្រជុំជាមួយមេដឹកនាំអាហ្វ្រិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិអំឡុងពេលស្នាក់ទីក្រុងអូសាកាដើម្បីចូលរូមជំនួបមេដឹកនាំ G20 ។ រូបភាព Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៨ ខែមិថុនា និយាយថា តំបន់ឈូងសមុទ្រកំពុងស្ថិតក្នុងដំណាក់កាលរសើប ហើយឈរនៅចំផ្លូវបំបែករវាងសន្តិភាព និងសង្គ្រាម។ លោក ស៊ី ចង់សំដៅដល់ភាពតានតឹងដែលពុះកញ្ជ្រោលខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់។ ថ្លែងនាជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ មេដឹកនាំចិនរូបនេះក៏ស្នើឲ្យមានការអត់ធ្មត់ រក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយបញ្ហាដោយការចរចាសន្តិវិធី។
សន្តិភាព និងសង្គ្រាម! នេះជាផ្លូវពីរដែលប្រធានាធិបតីចិន ស៊ី ជិនភីង មើលឃើញក្នុងភាពតានតឹងនៅតំបន់ឈូងសមុទ្រពែរ្សសព្វថ្ងៃនេះ។ ការប្រឈមមុខគ្នារវាងអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងគួរឲ្យបារម្ភក្នុងតំបន់ដែលជាប្រភពប្រេងរបស់ពិភពលោក ហើយអ្វីដែលគេរឹតតែបារម្ភខ្លាំងនោះ គឺតំបន់នេះកំពុងស្ថិតក្នុងផ្លូវឆ្ពោះទៅកាន់សង្គ្រាមជាជាងផ្លូវសន្តិភាព។
នាជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែមិថុនា លោក ស៊ី លើកឡើងថា ស្ថានភាពអន្តរជាតិបច្ចុប្បន្ន គឺពោរពេញដោយភាពស្មុគស្មាញ និងបញ្ហាមិនចេះចប់មិនមែន ហើយតំបន់ឈូងសមុទ្រវិញ គឺកំពុងឈរលើផ្លូវបែកជាពីររវាងសង្គ្រាម និងសន្តិភាព។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ត្រង់ចំណុចនេះ លោកប្រធានាធិបតីចិនប្រកាសថា ចិនឈរខាងសន្តិភាព ហើយប្រឆាំងសង្គ្រាម។
ដោយមិននិយាយចំឈ្មោះប្រទេសណា មេដឹកនាំចិន បានស្នើឲ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ ជំរុញកិច្ចសន្ទនា និងការជជែកគ្នា ព្រមទាំងរួមគ្នាការពារសន្តិភាព និងស្ថិរភាពតំបន់។ ចំពោះមុខអគ្គលេខាធិការ UN លោក ស៊ី ក៏ប្រកាសគាំទ្រយន្តការពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការពិភពលោក។
ចិន ហាក់ប្រកាន់ជំហរប្រយ័ត្នប្រយែងច្រើននៅពេលនិយាយរឿងរ៉ាវនៅតំបន់ឈូងសមុទ្រ ទោះមានជំហរគាំទ្រអ៊ីរ៉ង់ខ្លាំង។ ក្រុងប៉េកាំងមានទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្ម និងថាមពលជាមួយក្រុងតេហេរ៉ង់ ប៉ុន្តែក៏មិនចង់ឲ្យវ៉ាស៊ីនតោនឃ្នើសចិត្តប៉ុន្មានដែរ។ លើសពីនោះ ចិនក៏កំពុងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីតដែលជាសត្រូវមនោគមន៍វិជ្ជារបស់អ៊ីរ៉ង់ផងដែរ។ ទាំងអ៊ីរ៉ង់ ទាំងអារ៉ាប៊ីសាអូឌីត សុទ្ធតែប្រភពប្រេងរបស់ចិន។
ភាពតានតឹងនៅតំបន់ឈូងសមុទ្រ កើនឡើងខ្លាំងក្រោយមានការវាយប្រហារបន្តបន្ទាប់លើកប៉ាល់ដឹកប្រេងដែលបើកកាត់ផ្លូវទឹកដ៏មមាញឹកមួយនោះ។ អាមេរិកចោទអ៊ីរ៉ង់ថា នៅពីក្រោយការប្រហារទាំងនេះ តែអ៊ីរ៉ង់បដិសេធ។ សភាពការណ៍កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សរបស់អាមេរិក ដោយចោទថា បំពានដែនអាកាសរបស់ខ្លួន។ ពេលនោះ លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ទៅហើយ តែបានដកបញ្ជាវិញ៕
Tag:
ចិន
ឈូងសមុទ្រពែរ្ស
អាមេរិក
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com