ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ប្រកាស​រក​ទីតាំង​ជួល​ក្លិប​ថ្មី ខណៈ​ទីតាំង​ចាស់​ដល់​កិច្ចសន្យា​
28, Jun 2019 , 4:37 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
«​ខ្ញុំ កូនសិស្ស និង​ប្រពន្ធ​ខ្ញុំ​កំពុង​រក​ទីតាំង​មួយ​សមរម្យ អាច​ជួល​បង្ហាត់​សិស្ស ឬ ដាក់​រេញ​បាន​១ និង​ដាក់​សម្ភារ​ហ្វឹកហាត់​មួយចំនួន​។ ប៉ុន្តែ​រហូតដល់​ពេល​មិនទាន់​រកបាន​ទេ​។ បើ​បងប្អូន​មាន​ទីតាំង​សមរម្យ​ជួយ​ប្រាប់​បង​ខ្ញុំ​នឹង​ទៅ​ឆែក​មើល​។ ទីតាំង​ខ្ញុំ​ចង់បាន​ម្ដុំ​ទួល​ទំពូង និង បឹងត្របែក​។ បើ​បងប្អូន​មាន ឬ ស្គាល់​កន្លែង​ទំនេរ សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ខ្ញុំ ០៩២ ៣៤៥ ៤៣៩»​។ នេះ​ជា​បង្ហើប​ឲ្យ​ដឹង​របស់ ចាន់ រតនា កំពូល​អ្នកលេង​ក្បាច់ គុន​ចម្រុះ​ប្រចាំ​នៅ​កម្ពុជា និង ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​»​។


 
​ការ​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ បន្ទាប់ពី​ទីតាំង​ស្ថិតនៅ​ក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​នោះ​នឹង​ផុត​កិច្ចសន្យា​ត្រឹម​ខែ តុលា ឆ្នាំ ២០១៩ ខាងមុខ ប៉ុន្តែ​សម្ភារ​ហ្វឹកហាត់​នានា និង រេញ​ក្នុង​ទ្រុង​មួយ​នឹងត្រូវ​រើចេញ​ត្រឹម​ដើមខែ កញ្ញា ហើយ​។ ទីតាំង​ក្បែរ​គុក​ទួលស្លែង​នេះ​ត្រូវបាន​ដំណើរការ​ហ្វឹកហាត់​អស់​រយៈពេល ៣ ឆ្នាំ​មក ហើយ ដែល​ត្រូវ​ទៅតាម​កិច្ចសន្យាជួល​ជាមួយ​ម្ចាស់​ទីតាំង​ផ្ទាល់​។ ការដែល​បញ្ចប់​ការជួល​ឲ្យ ចាន់ រតនា នេះ​ព្រោះ​ម្ចាស់ផ្ទះ​យក​ទីតាំង​នេះ​លក់​ឲ្យ​អ្នកផ្សេង​។  


 
 អ្នកលេង​គុន​ខ្មែរ​វ័យ ៣៣ ឆ្នាំ​រូបនេះ​រៀបរាប់​ទៀត ខ្លួន​នៅសល់​ពេល ២​ខែ​ពេញ​ដើម្បី​ស្វែងរក​ទីតាំង​សមរម្យ​មួយ​ដើម្បី​ជួយ ក្នុងនោះ​មានការ​ជួយ​ពី​សំណាក់​គ្រួសារ និង​កូនសិស្ស​ក៏​ជួយ​ស្វែងរក​ដែរ​។ ការស្វែងរក​ទីតាំង​ម្ដុំ​បឹងត្របែក ឬ ម្ដុំ​ទួល​ទំពូង​ខាងលើ ដោយសារ​មិន​ចង់​បាត់​សិស្ស​ហ្វឹកហាត់​។ បើសិន​ក្នុងករណី​ទៅ​ជួយ​ឆ្ងាយ​ពីនេះ កូនសិស្ស និង បរទេស ដែល​ជួល​ម៉ោង​ហ្វឹកហាត់​អាច​ជួប​ការ​លំបាកទៅ​ហ្វឹកហាត់​។ 
 
​ក្លិប «​សិល្បៈ​» មិន​ត្រឹមតែ​បង្ហាត់​កីឡាករ​អាជីព​ទេ​ប៉ុន្តែ មាន​ទទួល​ម៉ោង​ហ្វឹកហាត់​សម្រាប់​អ្នក​ចង់បាន​សុខភាព​ល្អ ហើយ បច្ចុប្បន្ននេះ​មាន​ជនបរទេស ចូលរួម​ហ្វឹកហាត់​ប្រមាណ ៣០ នាក់​ដែល​ពួកគេ​ចង់​ចេះ​គុន​ខ្មែរ និង ហាត់​ដើម្បី​សុខភាព​។ រីឯ​កូនសិស្ស​ខ្មែរ​វិញ មាន​ប្រមាណ ៣០ នាក់​ដែល​ទទួល​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​មានបទពិសោធន៍​កម្រិត​អន្តរជាតិ ចាន់ រតនា ដោយ​បែង​ចែកជា ៣ ពេល មាន​ព្រឹក ថ្ងៃ និង ល្ងាច​។ 


 
​អ្នកលេង​ក្បាច់គុន​យុទ្ធ​ក្រម​ខម សង្កត់ធ្ងន់ថា ៖«​ទីតាំង​ចាស់​នេះ​មាន​ទំហំ​ប្រហែល​ទទឹង​ជាង ១០ ម៉ែត្រ និង បណ្ដោយ​ជាង ២០ ម៉ែត្រ ដែល​មើលទៅ​ធំ​ទូលាយ​ស្រួល​ដាក់​សម្ភារ​ហ្វឹកហាត់​។ ប៉ុន្តែ​បើ​ខ្ញុំ​មិនអាច​រកបាន​ទំហំ​ប៉ុនគ្នា​នេះ​ទេ គឺ រក​ទីតាំង​ផ្ទះ​តូច​ល្មម​អាច​បង្ហាត់​កូនសិស្ស​បាន​គ្រប់គ្រាន់​ហើយ​»​។ 
 
​ចាន់ រតនា ជា​កីឡាករ​គុន​ចម្រុះ​មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ប្រចាំ​នៅ​កម្ពុជា​។ រតនា ប្រឡូក​ក្នុង​សង្វៀន​គុន​ចម្រុះ និង ឡើង​ប្រកួត​លើស​ង្វៀន​គុន​ខ្មែរ​ក្នុងស្រុក​ជាច្រើន​ដង​។ ការឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​មានកំណត់​ត្រា​ចំនួន ៩ ដង​តាំងពី​ឆ្នាំ ២០១៥​មក ពោល​ឈ្នះ ៦ ដង និង ចាញ់ ៣​ដង​។ អ្វី​គួរ​ឲ្យ​សម្គាល់​លើស​ង្វៀន ONE Championship ពីរលើក​ចុងក្រោយ​នេះ​មិនដែល​ចាញ់​។ រតនា ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ទាំងពីរ​រូប​ក្នុង​ពីរ​លើ​ចុងក្រោយ​នៅ​ONE ដោយ​ឈ្នះ ABRO Fernandez ក្នុង​ទឹក​ទី​២ កាល​ចុងឆ្នាំ ២០១៨ និង ឈ្នះ Rudy Agustian ត្រឹម​ទី​២​ដែរ​កាល​ដើមខែ ឧសា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com