សង្គមអន្តរជាតិ​
អន្តរជាតិ
សុបិន​បានសម្រេច​សម្រាប់​ស្ត្រី​វ័យ​៩៣​ឆ្នាំ​ម្នាក់​ដែល​ចង់​ឲ្យ​គេ​ចាប់ខ្លួន និង​ដាក់​ខ្នោះ​
28, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ចំណាស់​អាយុ​៩៣​ឆ្នាំ​ម្នាក់ បានសម្រេច​បំណង​មួយ​ក្នុង​ជីវិត​របស់ខ្លួន​។ គាត់​ត្រូវបាន​ប៉ូលិស​ក្រុង Manchester ចាប់ខ្លួន ដាក់​ខ្នោះ និង​ដឹក​តាម​រថយន្ត​ទៅ​សាកសួរ មុននឹង​បញ្ជូនទៅ​ពន្ធនាគារ​។ បើតាម​ការផ្សាយ​របស់ BBC នេះ​គ្រាន់តែ​ជាការ​រៀបចំ​ទៅតាម​បំណង​របស់​ស្ត្រី​ចំណាស់​ជនជាតិ​អង់គ្លេស​រូបនេះ​ប៉ុណ្ណោះ ពោលគឺ​គាត់​មិនបាន​ធ្វើ​ខុស​អ្វី​នោះឡើយ​។​

 
​ឈានដល់​អាយុ​ជិត​មួយ​សតវត្សរ៍​ទៅហើយ លោកយាយ Josie Birds មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​រហូតដល់​ជាប់​ពាក់ព័ន្ធ​រឿង​ក្តីក្តាំ​នោះឡើយ​។ គាត់​ចង់​សាក​រសជាតិ​ជាប់ពន្ធនាគារ​មួយ​លើក​ក្នុង​ជីវិត​របស់ខ្លួន ហើយ​បានស្នើ​ទៅ​មន្ត្រីប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​សម្រេច​សុបិន​របស់ខ្លួន​។​
 
​អ្នកស្រី Pam Smith ដែលជា​ចៅស្រី បាន​អះអាងថា ប៉ូលិស​បានសម្រេច​ចិត្ត​ប្រកាន់​យាយ​របស់ខ្លួន​ពីបទ​លួច​ទំនិញ​នៅ​ហាង​មួយ​។ «​ប៉ូលិស​បានដាក់​ខ្នោះដៃ​លោកយាយ ហើយ​នាំ​គាត់​ទៅ​ប៉ុស្តិ៍ ដោយ​ដាក់​អង្គុយ​លើ​រថយន្ត​ផ្នែក​ខាងក្រោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Smith​។​
 
​ក្រោយ​សាកសួរ​រួច លោកយាយ Birds ចង់​ឲ្យ​ប៉ូលិស​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ផងដែរ ប៉ុន្តែ​ប៉ូលិស​គ្រាន់តែ​រៀបចំ​បែប​និមិត្តរូប​ប៉ុណ្ណោះ ដោយ​ឲ្យ​គាត់​ពិសា​តែ និង​នំ​ជំនួស ពេល​អង្គុយ​រង់ចាំ​។​
 
​លោកយាយ Birds មានកូន​ស្រី​៦​នាក់ ចៅ​២០​នាក់ ចៅទួត​២៨​នាក់ និង​ចៅលួត​២​នាក់​។ អ្នកស្រី Smith កត់សម្គាល់ថា​៖ «​លោកយាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​អាទិត្យ​នៅ​កន្លែង​ឃុំឃាំង ដែល​នេះ​ជា​បទពិសោធន៍​ដ៏​រំភើប​មួយ​របស់គាត់​»​។ 
 
​លោកស្រី Denise Pye អធិការ​ប៉ូលិស​ប្រចាំ​តំបន់ បាន​អះអាងថា នេះ​ជា​ករណី​កម្រ​ដែល​សមត្ថកិច្ច​ចោទប្រកាន់​លើ​មនុស្ស​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​វា​ជា​មោទកភាព​មួយ​ដែល​បាន​ជួយ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​សម្រេច​ក្តី​សុបិន​របស់ខ្លួន​។​
 
​នេះ​មិនមែន​ករណី​លើកទីមួយ​នោះឡើយ ដោយ​កាលពីពេល​កន្លងមក ប៉ូលិស​នៅ Manchester ដដែល​ធ្លាប់​ឃាត់ខ្លួន​ស្ត្រី​វ័យ​១០៤​ឆ្នាំ​ម្នាក់ ដែល​ចង់ដឹង​ពី​រសជាតិ​ជាប់ពន្ធនាគារ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សមត្ថកិច្ច​បានសម្រេច​ចោទប្រកាន់​គាត់​ពីបទ «​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ​» ៕

© រក្សាសិទ្ធិដោយ thmeythmey.com