ជាតិ
សង្គមជាតិ
អាមេរិក​ចាត់ទុក​ការសម្រេច​តុលាការ​លើក​រ​ណី​លោក រ៉ាត់ រត្ន​មុនី ជា​រឿង​អយុត្តិធម៌​
28, Jun 2019 , 9:19 pm        
រូបភាព
រូបលោក រ៉ាត រត្នមុនី និងលោកស្រី ឡុង គឹមហ៊ាង ជាភរិយា
រូបលោក រ៉ាត រត្នមុនី និងលោកស្រី ឡុង គឹមហ៊ាង ជាភរិយា
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចាត់ទុក​ការសម្រេច​របស់​តុលាការ​លើ​ករណី​លោក រ៉ាត់ រត្ន​មុនី  ជា​រឿង​អយុត្តិធម៌ ដែល​បង្ហាញ​ពី​ភាពមិន​ត្រឹមត្រូវ​របស់​តុលាការ ក្នុងការ​អនុវត្ត​នីតិ​វិធី​ច្បាប់​លើ​ប្រជាពលរដ្ឋ​។ ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ ធ្វើឡើង​ក្រោយពី​តុលាការក្រុង​ភ្នំពេញ បានសម្រេច​ដាក់ទោស​លោក រ៉ាត់ រត្ន​មុនី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ ។

 
​តាម​របាយការណ៍​ពី​សវនាការ​របស់លោក រត្ន​មុនី ដែល​ស្ថានទូត​អាមេរិក​ទទួលបាន​នោះ បាន​បង្ហាញថា លោក រត្ន​មុនី មិន​ទទួលបាន​ការធានា​លើ​សវនាការ​ប្រកបដោយ​យុត្តិធម៌​ទេ​។ ដោយសារ​មើលឃើញ​ចំណុច​នេះហើយ ទើប​ស្ថានទូត​អាមេរិក យល់ថា ការដាក់ទោស​លោក មុនី បែបនេះ វារឹតតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធតុលាការ​របស់​ប្រទេស​កម្ពុជា​ថែមទៀត​។​
 
​ជាមួយគ្នានេះ​ស្ថានទូត​អាមេរិក ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​គ្រប់រូប ខណៈ​សិទ្ធិ​មួយ​នេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។ 
 
​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នា​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ ថា ៖«​សហរដ្ឋអាមេរិក​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ នៅ​ទូទាំង​ពិភពលោក ដោយ​ចាត់ទុក​វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​អភិបាលកិច្ច​តាម​លទ្ធិប្រជាធិបតេយ្យ​។ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​អនុវត្ត​ដោយ​សេរី​នូវ​សិទ្ធិ​នេះ ដែល​ត្រូវបាន​ការពារ​នៅក្រោម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដោយ​គ្មាន​រង​ការគំរាមកំហែង​សងសឹក​។ សេរីភាព​ក្នុងការ​បញ្ចេញមតិ​ក៏មាន​សារៈសំខាន់​ចាំបាច់​ផងដែរ ដល់​ការ​ចងក្រង​ឯកសារ និង​លើកកម្ពស់​ការយល់ដឹង​ទៅលើ​បញ្ហា​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​»​។​
 
​លោក អ៊ី រិន្ទ ប្រធាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នោះទេ​។ ប៉ុន្តែ​លោក​លើកឡើងថា ក្នុងករណី​មាន​ភាគី​ណាមួយ​មិន​ពេញចិត្ត​ទៅនឹង​សាលក្រម​របស់​សាលាដំបូង អាចដាក់​ពាក្យ​ប្តឹង​ជំទាស​ទៅ​សាលាឧទ្ធរណ៍​។​
 
​ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ចាត់ទុក​ការសម្រេច​របស់​តុលាការ​លើ​ករណី​របស់​លោក រត្ន​មុនី គឺជា​រឿង​ត្រឹមត្រូវ ។ លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖«​ការផ្ដន្ទាទោស​លោក រ៉ាត់ រត្ន​មុនី  ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​សារ​មួយ មិន​ត្រឹមតែ​ក្នុងករណី​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​សារ​ប្រឆាំងនឹង​ការ​បំភ្លៃ​ព័ត៌មាន (fake news) ផងដែរ​។​
 
​ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បានធ្វើ​ឲ្យ​លោក រ៉ាត់ រត្ន​មុនី រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ សាលាដំបូង​រា​ធានី​ភ្នំពេញ បានសម្រេច​ក្តី កាលពី​ថ្ងែ​ទី ២៦ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​តម្រូវ​ឲ្យ លោក រ៉ាត់ រត្ន​មុនី ត្រូវ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ឯកសារ ក្រោម​ចំណងជើង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ។ លោក​ក៏ត្រូវ​បង់ប្រាក់​៣៥​លាន​រៀល ទៅ​ដើមបណ្តឹង​ផងដែរ​។​
 
​លោក សំ ទិ​ត្យ​សីហា មេធាវី​ការពារ​ក្តី​របស់លោក រ៉ាត់ រត្ន​មុនី  អះអាង​ដូច​មុន​ថា កូនក្តី​លោក មិនមែនជា​អ្នកដឹកនាំ​ផលិត​ខ្សែភាពយន្ត​នេះ​ទេ គឺ​គ្រាន់តែ​ជា​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។ លោក​ក៏បាន​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ថា​អយុត្តិធម៌​។​
 
​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទថា ភាពយន្ត​ឯកសារ​នោះ​គឺជា​ការ​ប្រឌិត​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​កម្ពុជា ក្រោយ​ចេញ​ផ្សព្វផ្សាយ​ដោយ RT កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​។ លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ខ្មែរ​។ កន្លងមក ភរិយា​របស់លោក និង​ប្រជាពលរដ្ឋ​មួយចំនួន បាន​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕
 

Tag:
 រ៉ាត់ រត្ន​មុនី​
  កម្ពុជា​
 ​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​
© រក្សាសិទ្ធិដោយ thmeythmey.com