អត្ថបទពាណិជ្ជកម្ម
ផ្សារទំនើបសុវណ្ណា នឹងផ្អាកដំណើរការចាប់ពីខែកញ្ញាទៅ
× ផ្សារទំនើបសុវណ្ណា ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៨ នឹងត្រូវបិទអាជីវកម្មបណ្តោះអាសន្នចាប់ពីខែកញ្ញាតទៅ ដើម្បីកែលម្អឡើងវិញ ដោយសារប្រតិបត្តិការផ្សារនេះ កំពុងរងផលប៉ះពាល់ដោយសារកម្តៅការប្រកួតប្រជែង។
អ្នកស្រី ជា សុខហៀក អគ្គនាយិការផ្សារទំនើបសុវណ្ណា បានបញ្ជាក់ថា ការផ្អាកនេះ ត្រូវការពេលប្រហែលមួយឆ្នាំ ឬច្រើនជាងនេះ។ អ្នកស្រីបន្តថា តួនាទីផ្សារទំនើប នឹងនៅរក្សាដដែល ប៉ុន្តែវិនិយោគិន នឹងបន្ថែមមុខងារផ្សេងៗទៀត ក្នុងគោលដៅប្រើប្រាស់ច្រើនប្រភេទនៅពេលផ្សារនេះ ត្រូវបានកែលម្អរួចរាល់។ អ្នកស្រីថ្លែងថា៖«អាជីវករដែលជួលតូបនៅទីនេះ អាចបន្តលក់រហូតដល់ដាច់ខែសីហា ហើយចាប់ពីខែកញ្ញាទៅ យើងនឹងចាប់ផ្តើមកែលម្អផ្សារនេះ។ វាជាការកែលម្អទ្រង់ទ្រាយធំ ហើយអាចត្រូវការពេលប្រហែលមួយឆ្នាំ ឬលើសពីនេះ»។
អ្នកស្រី សុខហៀក ឲ្យដឹងថា សម្រាប់អាជីវករដែលមានកុងត្រាមានសុពលភាព នឹងទទួលបានសំណងតាមកិច្ចសន្យា។ ទោះយ៉ាងណាក៏ដោយ អ្នកស្រី មិនបានបញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុរបស់ផ្សារកន្លងមកនោះទេ គ្រាន់តែបញ្ជាក់ថា កំណើនប្រតិបត្តិករ បានធ្វើប៉ះពាល់ដល់អាជីវកម្ម។ អ្នកស្រី ជា សុខហៀក បន្តថា៖«ពេលប្រកួតប្រជែងខ្លាំងជាងមុន វាតែងតែប៉ះពាល់ដល់ពាណិជ្ជកម្ម គ្រាន់តែថាតិច ឬក៏ច្រើន។ អ៊ីចឹង អ្វីដែលសំខាន់ គឺថាយើងត្រូវធ្វើអ្វី ឲ្យបានល្អជារៀងរហូត។ ទីតាំងរបស់យើង នៅតែជាទីតាំងល្អ អ៊ីចឹងអ្នកវិនិយោគគេហ៊ានដាក់លុយវិនិយោគ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរ»។
យោងតាមអ្នកស្រី សុខហៀក វាជាករណីធម្មតាប៉ុណ្ណោះ ដែលផ្សារទំនើបតែងតែត្រូវមានការកែលម្អ បន្ទាប់ពីដំណើរការបានច្រើនឆ្នាំមក ដើម្បីមានភាពទាក់ទាញដល់អតិថិជន និងអ្នកដើរកម្សាន្ត។
មានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ផ្សារទំនើបសុវណ្ណា ត្រូវបានសាងសង់ឡើងកម្ពស់ ៥ ជាន់ នឹងមានផ្ទៃក្រឡាសរុបជិត ៥០,០០០ ម៉ែត្រការ៉េ។ ផ្សារទំនើបនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)។ ក្រុមហ៊ុន OCIC ក៏បានវិនិយោគលើគម្រោងផ្សារទំនើបផ្សេងទៀតដែរនៅកម្ពុជា រួមមានផ្សារទំនើបសុរិយា ផ្សារទំនើបរតនាផ្លាហ្សាជាដើម។
ផ្សារទំនើបសុរិយា ក៏ទើបត្រូវបានកែលម្អផងដែរការកាលពីឆ្នាំ ២០១៦ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវ។ ការធ្លាក់ចុះកន្លងមក អាចបណ្តាលមកពីការដាក់ឲ្យដំណើរការជាបន្តបន្ទាប់របស់ផ្សារទំនើបអ៊ីអនម៉ល៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com