ជាតិ
​បច្ចេកវិទ្យា
អ្នកជំនាញ៖ បដិវត្តន៍ឧស្សាហកម្ម៤.០ នឹងធ្វើឲ្យកម្ពុជារីកចម្រើនស្ទើរគ្រប់វិស័យ
28, Jun 2019 , 10:35 pm        
រូបភាព
ភ្នំពេញ៖ «កម្ពុជាឧស្សាហកម្ម ៤.០» ជាប្រធានបទចម្បង ក្នុងកិច្ចសន្ទនា ដែលរៀបចំមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៧ មិថុនា។ នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនជំនាញចំនួន ៤រូប បានជជែកវែកញែកយ៉ាងក្បោះក្បាយ និងបង្ហាញពីការត្រៀមខ្លួនទទួលផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ឬ៤.០។ បើតាមវាគ្មិននៃកិច្ចសន្ទនានេះ បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរស្ទើរគ្រប់វិស័យ ជាពិសេសការរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថល។


 
បើទោះជាកម្ពុជាទើបចាប់ផ្តើម​ជជែកអំពី​បដិវត្តន៍ឧស្សាហកម្ម​​ជំនាន់ទី៤ (Industrial Revolution 4.0) ក៏ដោយ សម្រាប់លោក ដាវ អានសាន ដែលជានាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា គេ​ពុំចាំបាច់​សួរសំណួរថា «តើ​កម្ពុជា​បានត្រៀម​ខ្លួន​ហើយឬនៅ ដើម្បី​សម្របខ្លួន​ជាមួយបដិវត្ត​ន៍​ឧស្សាហកម្ម​ ៤.០?»​ ដែល​នាំឲ្យខាតពេលវេលានោះឡើយ។ សម្រាប់លោក អានសាន គេត្រូវតាំងសំណួរ​ថា៖«តើកម្ពុជា​ត្រូវរស់នៅរបៀបណា ដើម្បី​ទាញ​យកប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ ៤.០​នេះ?»។ ដើម្បីបា​នទទួលចម្លើយនេះ និងដើម្បី​ទទួលបាន​គំនិតជាច្រើន​ទៀតពី​អ្នកជំនាញ​មួយចំនួន​ ទើប​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា​ រៀបចំ​កិច្ចសន្ទនា​ «ហេតុអ្វីកម្ពុជា​ឧស្សាហកម្ម ៤.០?»​នេះឡើង។

 លោក ដាវ អានសាន នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា 

ក្នុងកិច្ចសន្ទនា ស្ដីពី «កម្ពុជាឧស្សាហកម្ម ៤.០» នេះ លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការទទួលយកនៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ រដ្ឋាភិបាលកម្ពុជា មានគម្រោងរៀបចំផែនការរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថល។ លោក អ៊ុង លុយណា បន្តថា កិច្ចការនេះ មិនមែនជាកិច្ចការរដ្ឋាភិបាលទាំងអស់នោះទេ ប៉ុន្តែជាកិច្ចការរបស់យុវជនកម្ពុជាផងដែរ។


  លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

បើតាមលោក អ៊ុង លុយណា ចំណុចអាទិភាពសម្រាប់ការចាប់យកឧស្សាហកម្មទី៤ គឺការធ្វើការស្រុះគ្នា ក្នុងចំណោមរដ្ឋាភិបាល, អ្នកជំនួញ និងការចូលរួមរបស់ពលរដ្ឋ។ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិការូបនេះ អះអាងយ៉ាងដូច្នេះថា៖ «បដិវត្តន៍ឧស្សាហកម្មទី៤ បានជួយដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសផ្ដល់ឱកាសការងារ និងការបង្កើតអាជីវកម្មថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា»។ 
 
បដិវត្តន៍ឧស្សាហកម្មទី៤ មានភាពជឿនលឿន និងទំនើបនៃបច្ចេកវិទ្យាថ្មីៗ ដែលមានប្រព័ន្ធវិភាគទិន្នន័យធំ និងបច្ចេកវិទ្យាផ្សេងៗ។ ការរីកចម្រើននៃឧស្សាហកម្មទី ៤ មានភាពឆាប់រហ័ស និងទូលំទូលាយ។ សម្រាប់លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បដិវត្តន៍ឧស្សាហកម្មទី៤ បានតភ្ជាប់ពីបដិវត្តន៍ឧស្សាហកម្មទី៣ ដែលផ្ដោតសំខាន់លើល្បឿន និងការចូលរួមយ៉ាងទូលំទូលាយ។ 


លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម 

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្ម បានអនុវត្ត ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាពិសេសក្រសួង នឹងដំណើរការប្រព័ន្ធត្រួតពិនិត្យ និងការវិវត្តន៍ការងាររបស់ក្រសួងផងដែរ»។ ក្នុងកិច្ចសន្ទនាដដែលនេះ លោកស្រី ចម និម្មល បន្តថា ក្នុងរង្វង់លេខ១ដល់លេខ១០ កម្ពុជាកំពុងស្ថិតនៅចន្លោះលេខ ៣ និងលេខ៤ នៃបដិវត្តន៍ឧស្សាហកម្មទី៤។
 
នាកិច្ចសន្ទនា លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយឌីជីថល លើកឡើងថា បដិវត្តន៍ឧស្សាហកម្មទី៤ ធ្វើឲ្យជីវិតកាន់តែស្រួល ប៉ុន្តែធ្វើឲ្យមនុស្សកាន់តែខ្ជិល។ សម្រាប់លោក ជី សិលា ការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ជារឿងថ្មី សម្រាប់ការបង្កើតអាជីវកម្មឌីជីថល ប៉ុន្តែកម្ពុជាត្រូវការរៀនសូត្របន្ថែមទៀត។ ជាមួយគ្នានេះ អ្នកជំនាញឌីជីថលរូបនេះ ក៏បានលើកឡើងពីធនធានមនុស្សយ៉ាងដូច្នេះ៖ «ធនធានមនុស្សនៅខ្វះច្រើន អ្នកខ្លះរៀនបីឆ្នាំហើយ តែនៅមិនត្រូវនឹងអ្វីដែលយើងចង់បាន បច្ចេកវិទ្យាប្រែប្រួលលឿនពេកបត់បែនមិនទាន់»។
  

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយឌីជីថល

សូមបញ្ជាក់ថា កិច្ចសន្ទនានេះ រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា  ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជា និងសិស្សនិស្សិត អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈមក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ កិច្ចសន្ទនា មានវាគ្មិនជំនាញចំនួន ៤រូប គឺលោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ជី សិលា នាយកប្រតិបត្តិសប្បាយឌីជីថល និងលោក STEVEN PATH នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing រួមទាំងលោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកសម្របសម្រួល៕
 




Tag:
 កម្ពុជា
 ឧស្សាហកម្ម៤.០
  ក្រសួងសេដ្ឋកិច្ច
  ក្រសួងពាណិជ្ជកម្ម
  មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com