សង្គមអន្តរជាតិ​
អន្តរជាតិ
អ៊ី​ស្លង់​៖ ប្រទេស​នាំមុខគេ​ទីមួយ​ក្នុង​វិស័យ​ថាមពលបៃតង​
29, Jun 2019 , 9:44 am        
រូបភាព
នៅក្នុង​ពេលវេលា​មួយ​ដែល​ពិភពលោក​កំពុងតែជួបប្រទះ​នូវ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឡើងក​ម្តៅ​ផែនដី​ប្រទេស​កោះ​មួយ ដែលមាន​ទីតាំងនៅ​ខាងជើង​ទ្វីបអឺរ៉ុប អាចជា​ប្រទេស​គំរូ​មួយ​យ៉ាង​ល្អ​សម្រាប់​ឆាក​អន្តរជាតិ ក្នុង​ការឱ្យ​តម្លៃ​និង​ខិតខំ​ស្ថាបនា​វិស័យ​ថាមពលបៃតង​។ ក្នុងពេល​បច្ចុប្បន្ន ប្រទេស អ៊ី​ស្លង់ បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ខ្លួន​សឹងតែ ១០០​ភាគរយ​ចេញពី​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​ជាមួយនឹង​ប្រជាជន​ជាង ៣​សែន​នាក់​ដែល​រស់​នៅលើ​ប្រទេស​កោះ​នោះ​។ នេះ​ជាការ​ដកស្រង់​ចេញពី​គេហទំព័រ​អង្គការសហប្រជាជាតិ​មួយ​មាន​ឈ្មោះថា unchronicle.un.org ។

 
​ដោយ​អ៊ី​ស្លង់ ជា​ប្រទេស​ត្រជាក់​ខ្លាំង​គួរសម​ផ្ទះ​ទាំង​៩​ក្នុងចំណោម​១០​ផ្ទះ​ក្នុង​ប្រទេសមួយ​នេះ​ប្រើប្រាស់​ខ្យល់​កម្តៅ​ចេញពី​ថាមពល​កម្តៅ​ផែនដី​ដែលជា​ផ្នែក​មួយ​នៃ​ថាមពលបៃតង​ដែរ​។ អ៊ី​ស្លង់ ជា​ប្រទេសមួយ​ដែល​គេ​ហៅថា​«​ទឹកដី​នៃ​ភ្លើង និង​ទឹកកក​» ដោយសារតែ​សណ្ឋាន​ដី​យ៉ាង​កម្រ និង​អំណោយ​របស់​វា​។ ប្រទេសមួយ​នេះ​ស្ថិតនៅ​ចំ​ពីលើ​ផ្លាក​តិច​តូ​និ​ច​ពីរ គឺ​ផ្លាក​អាម៉េរិក​ខាងជើង​និង​ផ្លាក​អាស៊ី​អឺរ៉ុប ដែល​បង្កឱ្យមាន​កម្តៅ​ខ្លាំង​ក្បែរ​ស្រទាប់ផែនដី​មាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​ថាមពល​កម្តៅ​ពីក្រោម​ដី​។​
 
​ម្យ៉ាងវិញទៀត​១១​ភាគរយ​នៃ​ផ្ទៃដី​ត្រូវបាន​គ្របដណ្តប់​ទៅដោយ​ទឹកកក ដែល​ក្នុង​រដូវក្តៅ​ទឹកកក​នឹង​រលាយ​ចូលក្នុង​ប្រព័ន្ធ​ទន្លេ​បង្កើត​ទៅជា​ថាមពល​វា​រី​អគ្គិសនី​។ ក្រៅពីនេះ ប្រទេស អ៊ី​ស្លង់ ក៏​សម្បូរ​ទៅដោយ​ខ្យល់​បក​ខ្លាំង​ដែរ​ដែល​អំណោយផល​ល្អ​សម្រាប់​វាយោ​ថាមពល​។ អ្វីដែល​ពួកគេ​ពឹងពាក់​លើ​ឥន្ធនៈផូស៊ីល គឺ​ទៅលើ​វិស័យ​ដឹកជញ្ជូន​តែប៉ុណ្ណោះ​។​នៅ​អំឡុង​ដើម​សតវត្សរ៍​ទី ២០ ប្រទេស អ៊ី​ស្លង់ បានចាប់ផ្តើម​គិតគូរ​ពី​ការទាញយក​ថាមពល​ពី​ថាមពល​កម្តៅ​របស់​ផែនដី​ទោះបីជា​ប្រទេស​នេះ​មិនមែនជា​ប្រទេស​អភិវឌ្ឍន៍ មានការ​រីកចម្រើន​ខ្ពង់ខ្ពស់​មែន​ក្តី​។​
 
​តែ​ការទាញយក​ថាមពល​ក្នុងពេលនោះ​មិនមែនជា​ការទាញយក​បែប​ពាណិជ្ជកម្ម​នោះទេ​វា​គ្រាន់តែ​ជាការ​ទាញយក​បែប​គ្រួសារ​ធម្មតា​សម្រាប់​ចម្ការ​របស់​ពួកគេ​។ ក្រោយមក​ជាមួយនឹង​ការវិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក អ៊ី​ស្លង់ បាន​ក្លាយជា​ប្រទេសមួយ​ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​ថាមពល​កម្តៅ​ផែនដី​។​ក្នុង​ឆ្នាំ​១៩៥០ រោងចក្រ​ផលិត​ថាមពល​តូចៗ​ចេញពី​ប្រភព​មួយ​នេះ​មាន​ចំនួន​ទៅដល់​៥៣០​ពាសពេញ​ផ្ទៃ​ប្រទេស​។​
 
​តើ​ភាព​វិជ្ជមាន​ទៅលើ​បរិស្ថាន​មួយ​នេះ​អាចជា​ក្លាយជា​គំរូ​មួយ​ដ៏​ងាយស្រួល​សម្រាប់​ប្រទេស​ក្នុង​ពិភពលោក​មែនដែរ​ឬទេ​? ប្រហែលជា​មិនមែន​ទេ​ហើយក៏​មិនមែន​សម្រាប់​ប្រទេស អ៊ី​ស្លង់ ខ្លួនឯង​នេះដែរ​។ ការ​ងាក​មករក​វិស័យ​ថាមពលបៃតង​អាស្រ័យ​ខ្លាំង​លើ​តម្លៃ ធនធាន ការផលិត និង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​នីមួយៗ​។​
 
​អ៊ី​ស្លង់ អាចជា​ករណី​មួយ​ពិសេស និង​អាច​មិនមែនជា​ករណី​មួយ​ដែល​ងាយស្រួល​នឹង​យក​លំនាំ​តាម​នោះឡើយ​។ ក្នុង​ឆ្នាំ​១៩៧០ អ៊ី​ស្លង់ ជា​ប្រទេសមួយ​ដែលមាន​ស្ថានភាព​នយោបាយ​ល្អ​សមរម្យ​។ ទោះបីជា​យ៉ាងនេះ​មែន​ក្តី វា​មិនមែនជា​ប្រទេស​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ​ខ្លាំងក្លា​នោះទេ​។​
 
​មក​ត្រឹម​ឆ្នាំ​១៩៧០​នៅពេល​រួច​ផុតពី​ការគ្រប់គ្រង​របស់​ប្រទេស​ដទៃ អង្គការសហប្រជាជាតិ​បាន​កំណត់ថា អ៊ី​ស្លង់ ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​។ ប្រទេស​នេះ​មិនទាន់មាន​ស្ថាប័ន​ដែល​អាចជួយ​គ្រប់គ្រង​ថវិកាជាតិ​ឱ្យមាន​និរន្ត​ភាព​នោះទេ​។​ទោះបីជា​យ៉ាងនេះ​មែន អ៊ី​ស្លង់ បានធ្វើការ​ចែករំលែក​បទពិសោធ​និង​ចំណេះដឹង​របស់ខ្លួន​យ៉ាងច្រើន​ទៅលើ​ថាមពល​កម្តៅ​ផែនដី​។ អ្នកជំនាញ​ថាមពល​កម្តៅ​ផែនដី​ជាង​១​ពាន់​បាន​សិក្សា​ពី​ប្រទេស​តាំងពី​ឆ្នាំ​១៩៧៩​។​
 
​សកម្មភាព​វិស័យ​ឧស្សាហកម្ម​ថាមពល​កម្តៅ​ផែនដី​របស់ អ៊ី​ស្លង់ បាន​វត្តមាន​ក្នុង​ជាង​៥០​ប្រទេស​។ នេះ​បាន​បញ្ជាក់ថា​មិនមែន​តែ​ប្រទេស​មានអំណាច​ខាង​សេដ្ឋកិច្ច​នោះទេ ដែល​អាចអនុវត្ត​វិស័យ​ថាមពលបៃតង​បាន​។ សូម្បីតែ​ប្រទេស​កោះ​តូច​មួយ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​មិនមែនជា​ប្រទេស​មហាអំណាច​ក៏​អាច​ពិចារណា​បង្កើត​ជំហាន​ដ៏​ប្រសើរ​ទាំងនេះ​សម្រាប់​បរិស្ថាន​ដែល​យើង​កំពុង​រស់នៅ​ជុំគ្នា​និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​៕

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com