ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ៖ការវិនិយោគ​ត្រូវរក្សា​អត្តសញ្ញាណ​ជាតិ​
29, Jun 2019 , 10:11 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​តែងតែ​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ការវិនិយោគ​ទាំងអស់​នៅ​កម្ពុជា ជួយ​ចូលរួម​រក្សា​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ ដោយ​មិនត្រូវ​ឲ្យ​បាត់បង់​ឡើយ​។​

 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ តែងតែ​ចង់បាន​ការវិនិយោគ​ពី​បរទេស ប៉ុន្តែ​ការវិនិយោគ​នោះ ក៏ត្រូវ​តែ​គោរព​និង​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​ដែលជា​ម្ចាស់ផ្ទះ​ដែរ​។ ក្នុងន័យនេះ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចង់​សំដៅ​ឲ្យ​អ្នកវិនិយោគ​ទាំងអស់ ត្រូវ​លើក​បដា ឬ​ផ្លាក​សម្គាល់​ទីតាំង​អាជីវកម្ម​នោះ ដោយ​សរសេរ​អក្សរ​ខ្មែរ​ខាងលើ មុននឹង​សរសេរ​អក្សរ​អង់គ្លេស និង​ចិន​ជាដើម​។ ក្រៅពី​អក្សរ​ខ្មែរ សម្ដេច ក៏​ស្នើ​ឲ្យ​អ្នកវិនិយោគ​ទាំងអស់ មិនត្រូវ​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​វិស័យទេសចរណ៍ ដែលនាំឲ្យបាត់បង់អត្តសញ្ញាណ​ជាតិខ្មែរ​ឡើយ​។​

ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជា​ផ្លូវ របស់លោក គួច ចំរើន នៅ​ថ្ងៃទី​២៩ មិថុនា​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​ត្រូវ​រក្សា​ដាច់ខាត​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ជាតិ ក្នុងពេល​វិនិយោគ ស្រូបយក​ការវិនិយោគ​នេះ​។ គឺ​រក្សាបាន​ដាច់ខាត​នូវ​អត្តសញ្ញាណ​ជាតិ ដើម្បី​បង្ក​ឱកាស​ឲ្យ​ទេសចរ មិនមែន​តែ​ជនជាតិ​ណាមួយ​ទេ គឺ​ជនជាតិ​ចម្រុះ​ពី​ក្រៅ​មក គេ​អាច​ចូលមក​កម្ពុជា ដើម្បី​កម្សាន្ត​ងូតទឹក​សមុទ្រ ឬក៏​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត បាន​ដូចគ្នា​។ នេះ​គឺជា​ចំណុច​សំខាន់​ណាស់​»​។​
 
​បន្ថែម​ពីនេះ សម្ដេច ស ខេង ក៏​ស្នើ​ម្ចាស់​ទីតាំង​អាជីវកម្ម​ផ្ដល់​សេវាកម្ម​ទេសចរណ៍ ត្រូវប្រកាន់យក​គុណធម៌ សុជីវធម៌ និង​សីលធម៌​ខ្ជាប់​ខ្លួន ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​។ ចំណែក​បញ្ហា​ការពារ និង​ថែរក្សា​បរិស្ថាន ក៏​ជា​រឿង​ដែល​មន្ត្រី​អាជ្ញាធរ​ទាំងអស់​ត្រូវយក​ចិត្ត​ដោះស្រាយ និង​ទប់ស្កាត់​ផងដែរ​។ 

Tag:
 ស ខេង
  គួច ចំរើន
  អគារ
© រក្សាសិទ្ធិដោយ thmeythmey.com