កីឡាជាតិ
ជាតិ
ថាយហ្គឺរ ទ័ព ទទួលភ្ញៀវរៀងៗខ្លួន រីឯយុវជនបាទីស្វាគមន៍សូលទីឡូអង្គរ
× ការប្រកួតក្របខណ្ឌខេមបូឌានលីគបានឈានដល់ប្រកួតបញ្ចប់ជើងទី១ ដោយនៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា មានការប្រកួតចំនួន៣គូ ក្នុងនោះក្រសួងការពារជាតិ(ទ័ព)ត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ទទួលភ្ញៀវអាស៊ីអឺរ៉ុប ក្រោយអង្គរថាយហ្គឺរប៉ះអគ្គិសនីកម្ពុជា និងយុវជនអាយុក្រោម១៨ឆ្នាំបាទីទទួលសូលទីឡូអង្គរ។
ក្រោយយកឈ្នះអគ្គិសនីកម្ពុជាកាលពីសប្តាហ៍មុន ក្រសួងការពារជាតិរំពឹងបន្តយកឈ្នះអាស៊ីអឺរ៉ុប នាជំនួបបញ្ចប់ជើងទី១នៅថ្ងៃនេះ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមជើងឯកនៃពានរង្វាន់ក្របខណ្ឌខេមបូឌានលីគឆ្នាំ២០១៩។ ខណៈបច្ចុប្បន្នក្រុមនេះមានគម្លាតពិន្ទុជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងរហូត១២ពិន្ទុ។ ចំណែកអាស៊ីអឺរ៉ុប ក៏ទាមទារឈ្នះផងដែរ បន្ទាប់ពីពួកគេបានរងបរាជ័យកាលពីសប្តាហ៍មុន ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង ២-០។
បើមើល៣ប្រកួតចុងក្រោយក្រុមអាស៊ីអឺរ៉ុបហាក់ទទួលបានលទ្ធផលល្អជាងក្រសួងការពារជាតិ ក្នុងនោះក្រុមសាកលវិទ្យាល័យមួយនេះបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៦-១ ហើយបានបន្តយកឈ្នះជើងខ្លាំងវិសាខា ៣-១ តែចាញ់ព្រះខ័នរាជស្វាយរៀង ២-០ កាលពីសប្តាហ៍មុន។ ចំណែកក្រសួងការពារជាតិក្រោយចាញ់ភ្នំពេញក្រោន ៣-១ ពួកគេបានបន្តចាញ់ព្រះខ័នរាជស្វាយរៀង ២-១ មុនយកឈ្នះ ៣-០ លើអគ្គិសនីកម្ពុជាសប្តាហ៍មុន។
ងាកទៅមើលកីឡដ្ឋានខេត្តសៀមរាប ក្រុមអង្គរថាយហ្គឺរ ដែលរងបរាជ័យយ៉ាងប្រផិតប្រផើយ ១-០ ក្រោមថ្វីជើងភ្នំពេញក្រោនសប្តាហ៍មុន រំពឹងអាចយកឈ្នះអគ្គិសនីកម្ពុជា នាជំនួបបញ្ចប់ជើងទី១នៅម៉ោង៣និង៣០រសៀល ដើម្បីស្តារមុខមាត់ឡើងវិញ ក៏ដូចជាបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមជើងឯក។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ស្ថិតនៅលេខរៀងទី៣មាន២៤ពិន្ទុ ជាមួយជម្នះ៧ ស្មើ៣ និងចាញ់២ ខណៈអគ្គិសនីកម្ពុជាស្ថិតនៅលេខរៀងទី១២មាន១០ពិន្ទុ។
បើមើល៣ប្រកួតចុងក្រោយរបស់ពួកគេទាំងពីរ អង្គរថាយហ្គឺរក្រោយយកឈ្នះសូលទីឡូអង្គរ ៣-០ បានបន្តយកឈ្នះគីរីវង់សុខសែនជ័យ ២-០ តែចាញ់ភ្នំពេញក្រោន ១-០ កាលពីសប្តាហ៍មុន។ ចំណែកអគ្គិសនីកម្ពុជា ក្រោយយកឈ្នះគីរីវង់សុខសែនជ័យ ២-១ ពួកគេចាញ់ភ្នំពេញក្រោន ៥-០ និងចាញ់ក្រសួងការពារជាតិ ៣-០។
នៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទីម៉ោង៣និង៣០នាទីរសៀលនេះដែរក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីត្រូវតទល់ជាមួយក្រុមសូលទីឡូអង្គរ។ ១២ប្រកួតកន្លងមកក្រុមមានមូលដ្ឋាននៅខេត្តតាកែវ U18 បាទីស្គាល់ជ័យជម្នះតែ១លើកប៉ុណ្ណោះដោយយកឈ្នះកំពង់ចាម ៣-០។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី១៣មាន៣ពិន្ទុ ខណៈសូលទីឡូស្ថិតនៅលេខរៀងទី៨មាន១៨ពិន្ទុ។
៣ប្រកួតចុងក្រោយរបស់សូលទីឡូអង្គរ គឺឈ្នះទាំង៣ប្រកួតក្នុងនោះយកឈ្នះគីរីវង់សុខសែនជ័យ ១-០ ភ្នំពេញក្រោន ១-០ និងអគ្គិសនីកម្ពុជា ៤-២ ខណៈ U18 បាទីចាញ់ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ និងព្រះខ័នរាជស្វាយរៀង ៣-០៕
Tag:
Cambodian League 2019
អង្គរថាយហ្គឺរ
ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com