អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ចង់​ជួប​លោក គីម នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ​
29, Jun 2019 , 11:02 am        
រូបភាព
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ រូបភាព AFP
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ រូបភាព AFP
​ពី​ទឹកដី​ជប៉ុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មកជួប​លោក​នៅ​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ តាម​គម្រោង លោក ត្រាំ នឹងធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កូរ៉េខាងត្បូង ហើយ​លោក​ឆ្លៀត​ទៅ​តំបន់​គ្មាន​យោធា​ផងដែរ​។ មិនមែនជា​ជំនួប​ចរចា​អ្វី​ធំដុំ​ឡើយ ដោយ​លោក ត្រាំ គ្រាន់តែ​ចង់​ចាប់ដៃ និង​និយាយ​គ្នា​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ មុន​លោក​ធ្វើដំណើរ​ទៅកាន់​អាមេរិក​វិញ​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ទៅដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៩ ខែមិថុនា ដើម្បី​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ស្អែក​នេះ​។ ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ធ្វើឡើង​ក្រោយ​លោក​ចូលរួម​ក្នុងជំនួប​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ មុន​ចាក​ចេញពី​ជប៉ុន លោក ត្រាំ ក៏បាន​ផ្ញើ​សារ​អញ្ជើញ​មួយ​ទៅកាន់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ។ 
 
«​ក្រោយ​ជំនួប​សំខាន់ៗ​ជាច្រើន រាប់ទាំង​ជំនួប​ជាមួយ​លោក ស៊ី ជិន​ភីង ផង ខ្ញុំ​នឹង​ចាកចេញ​ទៅកាន់​កូរ៉េខាងត្បូង​។​» នេះ​ជា​សំណេរ​របស់​ប្រធានាធិបតី​អាមេរិក​លើ​បណ្ដាញ​សង្គម Twitter របស់លោក មុននឹង​បន្តថា ប្រសិន​លោក គីម ជុង​អ៊ុន ឃើញ​សារ​នេះ អាច​ជួបគ្នា​នៅ​តំបន់​គ្មាន​កងទ័ព (DMZ) ដើម្បី​ចាប់ដៃ និង​និយាយ​សួស្ដី​(?)​។  លោក​ដាក់​ស​ញ្ញ​សួរ​នៅ​ចុង​ប្រយោគ ទំនង​ចង់​បញ្ជាក់ថា ការចាប់​ដៃ​នៅ DMZ អាចមាន​លើសពី​ការនិយាយ​សួស្ដី​។​
 
​បើតាម​លោក ត្រាំ សំណើ​ខាងលើនេះ លេចឡើង​ភ្លាម​ប៉ុណ្ណោះ​។ ប៉ុន្តែ​សំណើ​នេះ លេចឡើង​ស្រប​ពេលដែល​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​កំពុង​ជាប់គាំង ហើយ​កូរ៉េខាងជើង​ហាក់​លែង​ចង់​ចរចា​ទៅទៀត​នោះ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បែរជា​អវត្តមាន​ពី​ពិធី​អាហារ​ពេល​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ដែល​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា លោក​អាច​លួច​ទៅ​រៀបចំ​ដំណើរ​របស់លោក ត្រាំ នៅ DMZ ។​
 
​ប្រធានាធិបតី​អាមេរិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅពេល​បន្ទាប់​ថា រង់ចាំ​មើល​សិន ហើយ​បើ​លោក គីម នៅ DMZ មែន គឺអាច​ជួបគ្នា​ត្រឹម​ពីរ​នាទី​ក៏បាន​។ ប៉ុន្តែ​លោក ត្រាំ បែរជា​អារម្មណ៍​ថា លោក គីម មិន​នៅ​កូរ៉េខាងជើង​ទៅវិញ​។ នេះ​បើតាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ​ពី​កូរ៉េខាងជើង​ទាក់ទង​នឹង​ការអញ្ជើញ​របស់លោក ត្រាំ ឡើយ​។ ម្យ៉ាង​គេ​មិនដឹងថា លោក គីម អាច​មើល Twitter បាន​ឬ​យ៉ាងណាដែរ ដ្បិត​ប្រទេស​នេះ បាន​បិទ​ប្រព័ន្ធ​សង្គម​ពេញនិយម​អស់​ទៅហើយ​។ ប៉ុន្តែ​អ្នក​ភៀសខ្លួន​កូរ៉េខាងជើង​ឈ្មោះ  Ahn Chan Il ដែល​សព្វថ្ងៃ​រស់នៅ​សេ​អ៊ូ​ល​និយាយថា ប្រព័ន្ធ​ដឹកនាំ​កូរ៉េខាងជើង រាប់ទាំង​លោក គីម គួរតែ​អាច​ឆែក​មើល​បណ្ដាញ​សង្គម​ទាំងនោះ​។ បើ​ពិតមែន លោក គីម ទំនង​បាន​អាន​សារ​លោក ត្រាំ រួចហើយ​៕   
 
 
   

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com