ជាតិ
បទវិភាគ
វិញ្ញាសា​ថ្មី​«​កម្រិត​ខ្ពស់​»​សម្រាប់​លោក គួច ចំរើន លើ​ដែនដី​ថ្មី​នៃ​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​…!
29, Jun 2019 , 11:28 am        
រូបភាព
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​រលំ​អគារ​៧​ជាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ប៉ុន្មាន​ថ្ងៃមុន បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តំណែង​មួយចំនួន​នៅក្នុង​ជួរ​ថ្នាក់​ខេត្ត និង​ក្នុង​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​។ លោក យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ បាន​លាលែង​ពី​តំណែង ជំនួស​ដោយ​លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម ហើយ​ខេត្តកំពង់ចាម ជំនួស​ដោយ​លោក​អ៊ុន ចាន់​ដា ដែល​ធ្លាប់ជា​អភិបាលខេត្ត​ព្រះវិហារ​។ រីឯ លោក ប្រាក់ សុវណ្ណ អតីត​អភិបាលខេត្តរង​ខេត្តស្វាយរៀង ត្រូវបាន​តែងតែ​ជា​អភិបាលខេត្ត​ព្រះវិហា​រវិ​ញ​។ ការផ្លាស់ប្តូរ​មាន​ច្រើន តែ​ក្រសែភ្នែក​របស់​មហាជន​សំឡឹងមើល​ចៅហ្វាយខេត្ត​ព្រះសីហនុ​តែមួយគត់​ប៉ុណ្ណោះ​។ តើ​អ្វីខ្លះ​ជា​វិញ្ញាសា​ថ្មី​«​កម្រិត​ខ្ពស់​»​សម្រាប់​លោក គួច ចំរើន​? 




​ព័ត៌មាន​ផ្លាស់​លោក គួច ចំរើន ពី​ខេត្តកំពង់ចាម មកកាន់​ខេត្ត​ព្រះសីហនុ អាចធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​រំភើប​ផង និង​បារម្ភ​ផង។ រំភើប ព្រោះថា នេះ គឺជា​កិត្តិយស​ដែល​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តី​ទុក្ខ​ចិត្ត​ឲ្យ​លោក​ដឹកនាំ​ខេត្ត​មួយ​ដែល​កំពុង​ប្រឈម​នឹង​ភាពចម្រូងចម្រាស​។ បារម្ភ ព្រោះថា ខេត្ត​តូច​មួយ​នេះ មាន​ប្រជាពលរដ្ឋ​តិច តែមាន​បញ្ហា​ច្រើន​។ 
 
​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក គួច ចំរើន ជា​អភិបាលខេត្ត​ព្រះសីហនុ​ជា​ផ្លូវការ​។ ក្នុង​ពិធី​នោះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក គួច ចំរើន ក្នុងការ​គ្រប់គ្រង និង​បទពិសោធន៍​ការងារ​នាពេល​កន្លងមក​។ ដូចគ្នា​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន ក៏បាន​ទទួលស្គាល់​សម​ត្ថ​ភាព​លោក គួច ចំរើន ក្នុងការ​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មានការ​វិនិយោគ​ពី​ជន​ជាតិចិន​យ៉ាងគំហុក ខេត្ត​ព្រះសីហនុ​ទទួលបាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​នៅលើ​គ្រប់​វិស័យ​។ ជា​លទ្ធផល បញ្ហា​ក៏​កើតឡើង​រាប់មិនអស់​ដែរ​។ បញ្ហា​ទាំងនោះ ជារួម​មាន​៖ សំណង់​អត់​ច្បាប់​, អំពើចោរកម្ម​, អសន្តិសុខ​មួយចំនួន​បង្កឡើង​ដោយ​ជនជាតិ​ចិន​, ចរាចរណ៍​ស្មុគស្មាញ​, ជម្លោះដីធ្លី​, ឆ្នេរសមុទ្រ​មិន​ស្អាត​, ការបាត់បង់​អត្តសញ្ញាណ​ខេត្ត​ព្រះសីហនុ​, បញ្ហា​បរិស្ថាន​, អ្នកជំនួញ​ជនជាតិ​បរទេស​លោកខាងលិច​រើ​ចេញពី​ខេត្ត​ព្រះសីហនុ​។​ល​។ 
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, នៅក្នុង​ពិធី​ផ្ទេរ​ចូលកាន់​តំណែង​របស់លោក គួច ចំរើន នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩, បាន​ទទួលស្គាល់ថា​៖«​ខេត្ត​ព្រះសីហនុ​តូច តែមាន​បញ្ហា​ច្រើន​»​។ លោក​អំពាវនាវ​ឲ្យ​មានការ​អភិរក្ស​អត្តសញ្ញាណ​ខេត្ត ឲ្យ​រក្សា​សម្រស់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ដែលជា​ឆ្នេរ​ស្រស់ស្អាត​ជាងគេ​។ 
 
​ងាក​មក​និយាយ​ពី​វត្តមាន​របស់លោក គួច ចំរើន នៅលើ​ដែនដី​ឆ្នេរសមុទ្រ​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ​វិញ​។ លោក​ធ្លាប់​ធ្វើជា​អភិបាលខណ្ឌ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ និង​ធ្លាប់ជា​អភិបាលខេត្ត​កំពង់ចាម មុននឹង​ឡើងមក​កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​មាន​អ្នកជំនួញ​ជនជាតិ​ចិន​ច្រើន និង​បញ្ហា​ច្រើន​។ បញ្ហា​ប្រឈម​ខាងក្រៅ​របស់លោក គួច ចំរើន ដែល​ត្រូវ​ដោះស្រាយ​នាពេលខាងមុខ មានដូចជា​៖ ទំនាស់​ដីធ្លី​, បញ្ហា​ចរាចរណ៍​, សំណង់​មិន​ត្រឹមត្រូវ​, បញ្ហា​អនាម័យ​, សន្តិសុខ​ទូទៅ​, សម្ផស្ស​ឆ្នេរសមុទ្រ​ធ្លាក់ចុះ​, ការរក្សា​កម្រិត​ទាក់ទាញ​ទេសចរ​, ការរក្សា​អត្តសញ្ញាណ​ខេត្ត​, កែលម្អរ​បរិស្ថាន​។​ល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​«​ត្រូវ​ប្រើប្រាស់​សិល្បៈ​ដឹកនាំ​»​របស់លោក​ដើម្បី​សម្របសម្រួល​ផ្ទៃក្នុង​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ដ៏​វែងឆ្ងាយ​របស់លោក​ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ និយាយ​ដោយឡែក និង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល និយាយ​ជារួម​។ នេះ គឺជា​វិញ្ញាសា​ថ្មី​«​កម្រិត​ខ្ពស់​»​សម្រាប់​លោក គួច ចំរើន នៅលើ​ដែនដី​ថ្មី​នៃ​ទឹកដី​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ជោគជ័យ ឬ​បរាជ័យ លទ្ធផល​ជាក់ស្តែង​នឹង​បង្ហាញ​នាពេលខាងមុខ​…៕ 
 
 

Tag:
 ខេត្ត​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com