ពីនេះ ពីនោះ
ឧបករណ៍នេសាទ «លបឡុក ឬណរ៉ាវ» ត្រូវបានគេកែច្នៃឲ្យមានប្រសិទ្ធភាពក្នុងការចាប់ត្រី រូបភាពពីលើអាកាសនេះ បានបង្ហាញពីរបាំងព្រួលរាងដូចព្រួញដ៏ធំ របស់ «លបឡុក ឬណរ៉ាវ» ដែលប្រជានេសាទដាក់បង្កប់ក្នុងព្រៃលិចទឹក នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ឧបករណ៍នេសាទ «លបឡុក ឬណរ៉ាវ» ជាឧបករណ៍នេសាទខ្នាតធំ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា តាំងពីយូរណាស់មកហើយ ពិសេសក្នុងបឹងទន្លេសាប។ ឧបករណ៍នេះត្រូវបានអ្នកនេសាទប្រើដាក់ក្នុងលំហរផ្ទៃទឹកបឹងទន្លេសាប ដោយមានរបាំងព្រួលឬស្សីរាងដូចព្រួញដ៏ធំ និងវែងជាជំនួយនាំផ្លូវឲ្យត្រីចូលលប។ របាំងព្រួលទាំងនោះអាចមានប្រវែងពី ២០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ខណៈនៅតាមព្រៃលិចទឹក ឬក្នុងទន្លេ អាចមានប្រវែងចាប់ពី ៥០ម៉ែត្រ ទៅ ២០០ម៉ែត្រ ។
លបប្រភេទនេះ ត្រូវបានគេហៅឈ្មោះខុសៗគ្នាទៅតាមតំបន់។ នៅកំពង់ធំ គេហៅថា «លបឡុក» នៅបាត់ដំបង គេហៅថា «លបរ៉ាវ» រីឯបណ្តាខេត្តផ្សេងៗទៀត គេហៅថា «លបណ» តែជាទូទៅ គេនិយមគេប្រើវានៅក្នុងបឹងទន្លេសាបដូចគ្នា។ អ្នកនេសាទប្រើប្រាស់លបនេះ សម្រាប់ចាប់ពពួកត្រី ត្រីឆ្តោ - ត្រីឌៀប (Channa micropeltes), ត្រីឆ្កោក (Cyclocheilichthys enoplos), ត្រីប្រា (Pangasius spp), ត្រីរៀល (Henicorhynchus spp) ត្រីឆ្ពិន (Barbonymus gonionotus) ត្រីខ្មាន់ (Hampala spp) ជាដើម។ល។
រូបភាពពីលើអាកាសនេះ បានបង្ហាញពីរបាំងព្រួលរាងដូចព្រួញដ៏ធំជាច្រើនខ្សែរបស់ «លបឡុក ឬណរ៉ាវ» ដែលប្រជានេសាទដាក់នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ប៉ុន្តែ បច្ចុប្បន្នេះ «លបឡុក ឬណរ៉ាវ» ត្រូវបានគេកែច្នៃឲ្យប្រសិទ្ធភាព និងសមត្ថភាពចាប់ត្រី បានខ្ពស់ជាងមុន ដោយចាប់បានទាំងធំទាំងតូចមិនរើសប្រភេទ ព្រោះគេឈប់ប្រើរបាំងព្រួល និងលបធ្វើពីឬស្សីទៀតហើយ។ ទាំងរបាំងព្រួល និងលប ត្រូវបានគេជំនួសដោយសាច់អួនសុទ្ធ។ ចំណែកឯប្រវែងរបាំងព្រួលទៀតសោត ក៏រិតតែវែងជាងមុន រហូតដល់ជាងមួយពាន់ម៉ែត្រឯណោះ ដូចមានរូបភាពបង្ហាញខាងលើស្រាប់។
គួរបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំបំផុតជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ផ្ទៃបឹងក្នុងរដូវប្រាំង លាតសន្ធឹងជាង ២.៥០០គីឡូម៉ែត្រការ៉េ។ ក្នុងរដូវវស្សា ផ្ទៃបឹងបានរីកធំជាងមុន៤ដង ដោយជម្រៅទឹកបានកើនឡើងពី៤ ទៅ១០ម៉ែត្រ។ ដោយសារតែទំហំផ្ទៃបឹងដ៏ធំល្វឹងល្វើយ បានធ្វើឲ្យមានការលំបាកដល់មន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ជុំវិញបឹងទន្លេសាបចុះធ្វើការបទល្មើសផ្សេងៗ ទើបធ្វើឲ្យមានវត្តមាន «លបឡុក ឬណរ៉ាវ» នេះ មានគ្រប់រដូវ ស្ទើរពេលផ្ទៃបឹងទន្លេសាបទាំងមូល។ ការណ៍នេះ អាចបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មច្ឆជាតិក្នុងបឹងទន្លេសាប ជាពិសេស ក្នុងរដូវត្រីពង-កូន។
ទាំងនេះ អាចជាដើមចមមួយក្នុងបញ្ហាជាច្រើន ដែលកើតមានឡើងក្នុងបឹងទន្លេសាប ដូចជា ការប្រែប្រួលអាកាសធាតុ ភ្លើងឆេះព្រៃលិចទឹកផង ការទន្ទ្រានកាប់ឆ្ការដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកធ្វើកម្មសិទ្ធជាដីកសិកម្មផង ព្រមទាំងការនេសាទហួសកម្រិតពីអតីតកាល និងបច្ចុប្បន្នបានធ្វើឲ្យមច្ឆជាតិគ្រប់ប្រភេទ មាននិន្នាការធ្លាក់យ៉ាងខ្លាំង និងមានប្រភេទខ្លះ ឈានទៅផុតពូជតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com