ភ្នំពេញ៖ កញ្ញា រិទ្ធី លំអរពេជ្រ គឺជាស្ត្រីលេចធ្លោមួយរូប ដែលបានចូលរួមចំណែកក្នុងវិស័យសិល្បៈបុរាណ និងវប្បធម៌ខ្មែរ។ នាង គឺជាស្ថាបនិកបុណ្យភូមិ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់បង្ហាញនូវសិល្បៈខ្មែរបុរាណជាច្រើនប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ លំអរពេជ្រ ក៏ជាផលិតករវ័យក្មេងផ្នែកផលិតចម្រៀង និងវីដេអូ ដែលបានដាក់បញ្ចូលទម្រង់សិល្បៈខ្មែរជាច្រើនទៀតផង។ តាមរយៈការងារ របស់ខ្លួន រិទ្ធី លំអរពេជ្រ បានកា្លយជាចំណែកមួយក្នុងការជំរុញឲ្យយុវជនខ្វល់ខ្វាយពីសិល្បៈ វប្បធម៌ខ្លួន និងថែរក្សាទម្រង់សិល្បៈ វប្បធម៌ខ្មែរ ឲ្យឋិតថេរ។
កញ្ញា រិទ្ធី លំអរពេជ្រ ដែលគេស្គាល់ថា Yoki គឺជាស្ត្រីខ្មែរមួយរូប ដែលនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍បុណ្យភូមិដែលជាកម្មវិធីដ៏សំខាន់មួយ នៅក្នុងការបង្ហាញសិល្បៈវប្បធម៌ខ្មែរជាច្រើនប្រភេទ និងច្រើនទម្រង់។ មានវ័យ២៧ឆ្នាំ រិទ្ធី លំអរពេជ្រ បានឲ្យដឹងថា បុណ្យភូមិ កើតចេញពីការស្រឡាញ់ល្ខោនស្រមោលស្បែកធំ ដែលជាប្រធានបទនៃការផលិតវីដេអូឯកសាររបស់នាងកាលពីឆ្នាំ២០១៤ ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញា រិទ្ធី លំអរពេជ្រ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ពេលធ្វើបុណ្យភូមិដំបូង គឺយើងគ្រាន់តែចង់ធ្វើកម្មវិធីមួយថ្ងៃ ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស យុវ័យខ្មែរ បានមើលល្ខោនស្បែកធំ ហើយស្របពេលនោះ ខ្ញុំផលិតវីដេអូដើម្បីបញ្ចប់ការសិក្សាឆ្នាំទី៤ ដែលវីដេអូនេះមានចំណងជើងថា «ស្រមោលនៃស្រមោល» ដែលនិយាយពីល្ខោនស្បែកធំហ្នឹង។ កាលនោះ យើងមិនដឹងថតវីដេអូល្ខោនស្បែកធំនៅទីណា។ ដូច្នេះ យើងក៏សម្រេចបង្កើតឈ្មោះ «បុណ្យភូមិ»នេះ ដើម្បីឲ្យមានសម្តែងល្ខោនស្បែកធំនៅពេលរាត្រី ដើម្បីបានថតវីដេអូផង និងប្រជាជនបានមើលល្ខោនសប្បាយរីករាយផង»។
មកទល់ពេលនេះ ព្រឹត្តិការណ៍បុណ្យភូមិ ត្រូវបានរៀបចំឡើងដោយជោគជ័យ ៦ឆ្នាំជាប់គ្នាហើយ បន្ទាប់ពីព្រឹត្តិការណ៍ជួបជុំ បង្ហាញពីទម្រង់សិល្បៈ វប្បធម៌ខ្មែរចម្រុះនេះ បានរៀបចំឡើងលើកទី១ ក្នុងឆ្នាំ២០១៤។ មានទម្រង់សិល្បៈ វប្បធម៌ ប្រពៃណីជាច្រើន ត្រូវបានលើកយកទៅបង្ហាញនៅក្នុងកម្មវិធីបុណ្យភូមិ រួមមានការសម្តែងល្ខោនស្រមោលស្បែកធំ យីកេ អាយ៉ៃ ចម្រៀងបុរាណ និងល្បែងប្រជាប្រិយជាដើម។ ការបញ្ចូលការសម្តែងសិល្បៈបុរាណ និងវប្បធម៌នេះហើយ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីយុវជនខ្មែរ។
ទន្ទឹមនឹងមានការគាំទ្របែបនេះ ដំណើរការរៀបចំព្រឹត្តិការណ៍បុណ្យភូមិ ក៏ជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរកាលពីរៀបចំដំបូងៗ ទាំងបញ្ហាថវិកា និងការចូលរួមរបស់យុវជន។ តែក្រោយពីមានភាពពេញនិយមពីយុវវ័យ បុណ្យភូមិ ក៏មានក្រុមហ៊ុនមួយចំនួន បានឧបត្ថម្ភដែលជំរុញឲ្យមានការរៀបចំមានលក្ខណៈធំជាងមុន និងមានសិល្បៈបុរាណកាន់តែច្រើន។ រិទ្ធី លំអរពេជ្រ បញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូង យើងរ៉ៃអង្គាសគ្នាម្នាក់១០ ឬ២០ដុល្លារ យើងអត់ចេះរក Sponsorនោះទេ ប៉ុន្តែការរៀបចំបុណ្យភូមិឆ្នាំទី៣ហើយ ទើបយើងទទួលបាន Sponsor។
ហើយយើងមានប៉ុណ្ណាធ្វើប៉ុណ្ណឹង យើងមិនរង់ចាំការឧបត្ថម្ភនោះទេ ព្រោះវាពិបាករកលុយមែនទែន ព្រោះយើងបង្កើតកម្មវិធីនិយាយពីសិល្បៈ និងវប្បធម៌នេះ វាខុសពីការគិតរបស់ក្រុមហ៊ុនទាំងឡាយ។ ក្រុមហ៊ុនគិតថា រឿងហ្នឹងមិនសូវពេញនិយមសម្រាប់យុវវ័យនោះទេ ព្រោះយុវជន ពេញនិយមលើ Concert ធ្វើនៅមាត់ទន្លេ ធ្វើនៅ Pub អ៊ីចឹងទៅ។ ប៉ុន្តែ ការបង្កើតកម្មវិធីទាក់ទងនឹងប្រពៃណី វប្បធម៌ គេមិនចាប់អារម្មណ៍នោះទេ ហេតុនេះគេចាត់ទុកថា ជាការ Invest មួយប្រថុយប្រថាន»។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ បានប្តូរទម្លាប់របស់លំអរពេជ្រ ឲ្យងាកមកស្រឡាញ់សិល្បៈខ្មែរ
កញ្ញា រិទ្ធី លំអរពេជ្រ មានរាងស្គម សម្បុរស្រអែម និងដែលជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ រស់នៅក្នុងគ្រួសារជីវភាពបង្គួរ ក្នុងក្រុងភ្នំពេញ។ ដើមឡើយ យុវតីដែលនិយមពាក់អាវយឺត និងបង់កក្រមារូបនេះ គ្មានចំណូលចិត្តចំពោះសិល្បៈ វប្បធម៌នោះទេ ហើយក៏មិនបានខ្វាយខ្វល់ចំពោះវាដែរ។ ប៉ុន្តែបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលត្រូវធ្វើដំណើររួមគ្នាលើកប៉ាល់ចំនួន៥២ថ្ងៃ ជាមួយយុវជនមកពីបណ្តាប្រទេសជុំវិញអាស៊ាន និងយុវជនជាជនជាតិជប៉ុន ទើបអតីតនិស្សិតជំនាញប្រព័ន្ធផ្សព្វផ្សាយរូបនេះ ចាប់ផ្តើមស្រឡាញ់និងស្ញប់ស្ញែងសិល្បៈវប្បធម៌របស់ខ្លួន ។
លំអរពេជ្រ រៀបរាប់ផង ដៃធ្វើកាយវិការផងថា៖«ពេលនោះ ពួកយើងជិះលើកប៉ាល់៥២ថ្ងៃ ហើយក៏មានកម្មវិធីមួយលើកប៉ាល់ឲ្យតែដល់ពេលល្ងាច រាល់ប្រទេសនីមួយៗ ត្រូវបង្កើតទស្សនីយភាពទាំងប្រពៃណី របាំ និងសិល្បៈ ធ្វើម៉េចឲ្យក្លាយជាកម្មវិធី១ម៉ោង ដើម្បីអ្នកផ្សេងទៀតបានទស្សនា។ មុនចេញកប៉ាល់ ខ្ញុំបានចំណាយពេល២ខែ ដើម្បីសិក្សាពីសិល្បៈខ្មែរជាច្រើន។ ដូច្នេះ ចាប់ផ្តើមពីកម្មវិធីនេះមក បាននាំអារម្មណ៍របស់ខ្ញុំដែលមិនដែលស្គាល់ពីសិល្បៈ និងបានផ្លាស់ប្តូរទម្លាប់មកជាអ្នកចូលចិត្តមើលល្ខោន មើលភាពយន្ត និងចូលចិត្តថតរូបនៅខាងក្រៅ។ ពេលមានគេលេងល្ខោនទៅមើលអ៊ីចឹងទៅ និងបានថតរូបទុកជាឯកសារ ព្រោះខ្ញុំក៏ជាអ្នកថតរូបម្នាក់ដែរ»។
លំអរពេជ្រ បានរួមចំណែកជំរុញយុវជនឲ្យខ្វល់ខ្វាយសិល្បៈ និងវប្បធម៌ខ្មែរ
ក្រៅពីការងាររៀបចំបុណ្យភូមិមួយឆ្នាំមួយដងហើយ លំអរពេជ្រ ក៏មានការងារផ្សេងទៀតដែរ។ បច្ចុប្បន្ន នាងគឺជាអ្នកផលិតវីដេអូឯកសារ និងផលិតភាពយន្តឯករាជ្យ និងជាអ្នកគ្រប់គ្រងផ្នែកសិល្បៈរបស់ក្រុម SmallWorld SmallBand ដែលធ្វើការលើវិស័យតូរ្យតន្ត្រី និងផលិតចម្រៀង។ បើតាមលំអរពេជ្រ ក្រុមរបស់ខ្លួន ផលិតបទចម្រៀងបានប្រហែល១០បទ ដែលសុទ្ធសឹងមានបញ្ចូលនូវទម្រង់សិល្បៈខ្មែរ ចូលទៅក្នុងបទចម្រៀង និងវីដេអូចម្រៀង(MV)។ ក្នុងនោះមានដូចជា បទ«ឆឺតឆឺតបុណ្យភូមិ»,«ចាប៉ីបុណ្យភូមិ»,«បុណ្យភូមិកុកគ្រូ» និងបទ«ចូកកំពឹសបុណ្យភូមិ»ជាដើម។
កញ្ញា លំអរពេជ្រ បន្ថែមថា៖«បទចម្រៀងនីមួយៗ សុទ្ធតែបានបញ្ចូលភ្លេងខ្មែរ ដូចជា ទ្រ ខ្លុយ ស្គរ និងឧបករណ៍ភ្លេងខ្មែរដទៃទៀត ខណៈការផលិតវីដេអូបទចម្រៀង(MV)វិញ ក៏បានបញ្ចូលនូវការសម្តែងល្ខោនស្រមោលស្បែកធំ ល្ខោនបាសាក់ ចាប៉ី អាយ៉ៃ យីកេ និងសកម្មភាពសិល្បៈបុរាណមួយចំនួនទៀត»។
ការផលិតចម្រៀង និងផលិតវីដេអូ MV ទាំងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលធ្វើឲ្យសាធារណៈបានជ្រួតជ្រាបពីតម្លៃសិល្បៈវប្បធម៌ខ្មែរ និងផ្តើមស្រឡាញ់វា ដែលជាកត្តាជំរុញឲ្យយុវជនចូលរួមអភិរក្ស និងអភិវឌ្ឍន៍សិល្បៈបុរាណ និងវប្បធម៌ខ្មែរ ឲ្យកាន់តែរស់រវើកថែមទៀត។ នេះជាការបន្ថែមរបស់ស្ថាបនិកបុណ្យភូមិ។
បន្ទាប់ពីធ្វើការងារលើវិស័យសិល្បៈបុរាណ និងវប្បធម៌ខ្មែរជាច្រើនឆ្នាំមក កញ្ញា រិទ្ធី លំអរពេជ្រ សង្កេតឃើញថា មានយុវជនកាន់តែច្រើន បានខ្វល់ខ្វាយ និងចង់លើកស្ទួយសិល្បៈ វប្បធម៌របស់ខ្លួន តាមរយៈការបង្ហាញការគាំទ្រដ៏ច្បាស់លាស់មួយ។ ស្ថាបនិបុណ្យភូមិរៀបរាប់ថា៖ «តាមការសង្កេតរបស់ខ្ញុំ ខ្ញុំគិតថា ពួកគាត់(យុវជន)បានចូលរួមដោយទឹកចិត្តមែន ព្រោះបើយើងក្រឡេកទៅមើលការសិក្សាលើមេរៀន និងក្នុងសង្គមដែលរស់នៅសព្វថ្ងៃនេះ គឺពុំបាននិយាយពីសិល្បៈវប្បធម៌បានច្រើនទេ។ ដូច្នេះយើងមិនអាចដាក់កំហុសទាំងអស់ហ្នឹង ទៅកាន់យុវជន ថាមិនគិតពីសិល្បៈវប្បធម៌នោះទេ។ ពួកគាត់ខ្លះមិនដឹងរឿងហ្នឹងទេ ព្រោះពេលជិះតាមផ្លូវក៏គេមិននិយាយ បើកទូរទស្សន៍ ក៏គេមិនឃើញ តើវាជាកំហុសនរណា?...មកដល់សម័យនេះ មិនមែនជាពេលយើងចង្អុលដាក់គ្នានោះទេ។ យើងត្រូវគិតអ្វីដែលយើងត្រូវកែរួមគ្នា។ ខ្ញុំសរសើរចំពោះយុវជនរាល់ថ្ងៃនេះ ដែលចង់ដឹង ចង់ឮ ថាតើជនជាតិរបស់គេជាជនជាតិអ្វី? ហើយមានអ្វីខ្លះ? តើគាត់អាចធ្វើអ្វីបាន»។
យុវជនគាំទ្រសកម្មភាពសិល្បៈបុរាណដោយពិតប្រាកដ មិនមែនលំៗនោះទេ
ទោះបីមានឧបសគ្គខ្លះមែន ប៉ុន្តែលំអរពេជ្រ បានប្តេជ្ញាជំរុញយុវជនខ្មែរឲ្យធ្វើសកម្មភាពខ្លាំងក្លាបន្ថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈបុរាណ និងវប្បធម៌ខ្មែរ ដែលជាមរតករបស់ដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។ នាងស្នើឲ្យយុវជនកុំចាំតែកោតសរសើរដូនតាដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈបុរាណ និងវប្បធម៌ជាច្រើន ប៉ុន្តែ មិនព្រមចូលរួមធ្វើអ្វីសោះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយយកគំរូតាម។
កញ្ញា លំអរពេជ្រ ជឿជាក់ថា យុវជនខ្មែរ នឹងកាន់តែស្រឡាញ់ និងចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈ វប្បធម៌ ឲ្យកាន់តែប្រសើរ ប្រសិនបើសង្គមកាន់តែឲ្យតម្លៃ និងមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ៕