ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រិទ្ធី លំអរ​ពេជ្រ យុវតី​ដែល​ចូលរួម​លើកស្ទួយ​សិល្បៈ វប្បធម៌​ខ្មែរ​ឲ្យ​ឋិតថេរ​
29, Jun 2019 , 4:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា រិទ្ធី លំអរ​ពេជ្រ គឺជា​ស្ត្រី​លេចធ្លោ​មួយរូប ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ​។ នាង គឺជា​ស្ថាបនិក​បុណ្យ​ភូមិ ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​បង្ហាញ​នូវ​សិល្បៈ​ខ្មែរ​បុរាណ​ជាច្រើន​ប្រភេទ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លំអរ​ពេជ្រ ក៏​ជា​ផលិតករ​វ័យក្មេង​ផ្នែក​ផលិត​ចម្រៀង និង​វីដេអូ ដែល​បានដាក់​បញ្ចូល​ទម្រង់​សិល្បៈ​ខ្មែរ​ជាច្រើន​ទៀតផង​។ តាមរយៈ​ការងារ របស់ខ្លួន រិទ្ធី លំអរ​ពេជ្រ បាន​កា្ល​យ​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ​ឲ្យ​យុវជន​ខ្វល់ខ្វាយ​ពី​សិល្បៈ វប្បធម៌​ខ្លួន និង​ថែរក្សា​ទម្រង់​សិល្បៈ វប្បធម៌​ខ្មែរ ឲ្យ​ឋិតថេរ​។​

 
​កញ្ញា រិទ្ធី លំអរ​ពេជ្រ ដែល​គេ​ស្គាល់​ថា Yoki គឺជា​ស្ត្រី​ខ្មែរ​មួយរូប ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ព្រឹត្តិការណ៍​បុណ្យ​ភូមិ​ដែលជា​កម្មវិធី​ដ៏​សំខាន់​មួយ នៅក្នុង​ការបង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​។ មាន​វ័យ​២៧​ឆ្នាំ រិទ្ធី លំអរ​ពេជ្រ បាន​ឲ្យ​ដឹងថា បុណ្យ​ភូមិ កើតចេញពី​ការស្រឡាញ់​ល្ខោន​ស្រមោល​ស្បែក​ធំ ដែលជា​ប្រធានបទ​នៃ​ការផលិត​វីដេអូ​ឯកសារ​របស់​នាង​កាលពី​ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 
 
​កញ្ញា រិទ្ធី លំអរ​ពេជ្រ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលធ្វើ​បុណ្យ​ភូមិ​ដំបូង គឺ​យើង​គ្រាន់តែ​ចង់​ធ្វើ​កម្មវិធី​មួយថ្ងៃ ដែល​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស យុ​វ័យ​ខ្មែរ បាន​មើល​ល្ខោនស្បែក​ធំ ហើយ​ស្របពេលនោះ ខ្ញុំ​ផលិត​វីដេអូ​ដើម្បី​បញ្ចប់​ការសិក្សា​ឆ្នាំ​ទី​៤ ដែល​វីដេអូ​នេះ​មាន​ចំណងជើង​ថា «​ស្រមោល​នៃ​ស្រមោល​» ដែល​និយាយ​ពី​ល្ខោនស្បែក​ធំ​ហ្នឹង​។ កាលនោះ យើង​មិនដឹង​ថត​វីដេអូ​ល្ខោនស្បែក​ធំ​នៅទីណា​។ ដូច្នេះ យើង​ក៏​សម្រេច​បង្កើត​ឈ្មោះ «​បុណ្យ​ភូមិ​»​នេះ ដើម្បី​ឲ្យ​មាន​សម្តែង​ល្ខោនស្បែក​ធំ​នៅពេល​រាត្រី ដើម្បី​បាន​ថត​វីដេអូ​ផង និង​ប្រជាជន​បាន​មើលល្ខោន​សប្បាយរីករាយ​ផង​»​។ 
 
 
​មកទល់ពេលនេះ ព្រឹត្តិការណ៍​បុណ្យ​ភូមិ ត្រូវបាន​រៀបចំឡើង​ដោយ​ជោគជ័យ ៦​ឆ្នាំ​ជាប់​គ្នា​ហើយ បន្ទាប់ពី​ព្រឹត្តិការណ៍​ជួបជុំ បង្ហាញ​ពី​ទម្រង់​សិល្បៈ វប្បធម៌​ខ្មែរ​ចម្រុះ​នេះ  បានរៀបចំ​ឡើង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤​។ មាន​ទម្រង់​សិល្បៈ វប្បធម៌ ប្រពៃណី​ជាច្រើន ត្រូវបាន​លើកយក​ទៅ​បង្ហាញ​នៅក្នុង​កម្មវិធី​បុណ្យ​ភូមិ រួមមាន​ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ យីកេ អា​យ៉ៃ ចម្រៀង​បុរាណ និង​ល្បែង​ប្រជាប្រិយ​ជាដើម​។ ការបញ្ចូល​ការសម្តែង​សិល្បៈ​បុរាណ និង​វប្បធម៌​នេះហើយ ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​យុវជន​ខ្មែរ​។​
 
​ទន្ទឹមនឹង​មានការ​គាំទ្រ​បែបនេះ ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ភូមិ ក៏​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​កាលពី​រៀបចំ​ដំបូងៗ ទាំង​បញ្ហា​ថវិកា និង​ការចូលរួម​របស់​យុវជន​។ តែ​ក្រោយពី​មាន​ភាព​ពេញនិយម​ពី​យុវវ័យ បុណ្យ​ភូមិ ក៏មាន​ក្រុមហ៊ុន​មួយចំនួន បាន​ឧបត្ថម្ភ​ដែល​ជំរុញ​ឲ្យ​មានការ​រៀបចំ​មាន​លក្ខណៈ​ធំ​ជាង​មុន និង​មាន​សិល្បៈ​បុរាណ​កាន់តែច្រើន​។ រិទ្ធី លំអរ​ពេជ្រ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូង យើង​រ៉ៃ​អង្គាស​គ្នា​ម្នាក់​១០ ឬ​២០​ដុល្លារ យើង​អត់​ចេះ​រក Sponsor​នោះទេ ប៉ុន្តែ​ការរៀបចំ​បុណ្យ​ភូមិ​ឆ្នាំ​ទី​៣​ហើយ ទើប​យើង​ទទួលបាន Sponsor​។

ហើយ​យើង​មាន​ប៉ុណ្ណា​ធ្វើ​ប៉ុណ្ណឹង យើង​មិន​រង់ចាំ​ការឧបត្ថម្ភ​នោះទេ ព្រោះ​វា​ពិបាក​រកលុយ​មែនទែន ព្រោះ​យើង​បង្កើត​កម្មវិធី​និយាយ​ពី​សិល្បៈ និង​វប្បធម៌​នេះ វា​ខុសពី​ការគិត​របស់​ក្រុមហ៊ុន​ទាំងឡាយ​។ ក្រុមហ៊ុន​គិតថា រឿង​ហ្នឹង​មិនសូវ​ពេញនិយម​សម្រាប់​យុវវ័យ​នោះទេ ព្រោះ​យុវជន ពេញនិយម​លើ Concert ធ្វើ​នៅ​មាត់ទន្លេ ធ្វើ​នៅ Pub អ៊ីចឹងទៅ​។ ប៉ុន្តែ ការបង្កើត​កម្មវិធី​ទាក់ទង​នឹង​ប្រពៃណី វប្បធម៌ គេ​មិន​ចាប់អារម្មណ៍​នោះទេ ហេតុនេះ​គេ​ចាត់ទុកថា ជាការ Invest មួយ​ប្រថុយប្រថាន​»​។ 
  
​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ បាន​ប្តូរ​ទម្លាប់​របស់​លំអរ​ពេជ្រ ឲ្យ​ងាក​មក​ស្រឡាញ់​សិល្បៈ​ខ្មែរ​

​កញ្ញា រិទ្ធី លំអរ​ពេជ្រ មាន​រាង​ស្គម សម្បុរ​ស្រអែម និង​ដែលជា​កូនច្បង ក្នុងចំណោម​បងប្អូន​២​នាក់ រស់នៅក្នុង​គ្រួសារ​ជីវភាព​បង្គួរ ក្នុង​ក្រុងភ្នំពេញ​។ ដើមឡើយ យុវតី​ដែល​និយម​ពាក់​អាវយឺត និង​បង់ក​ក្រមា​រូបនេះ គ្មាន​ចំណូលចិត្ត​ចំពោះ​សិល្បៈ វប្បធម៌​នោះទេ ហើយក៏​មិនបាន​ខ្វាយខ្វល់​ចំពោះ​វា​ដែរ​។ ប៉ុន្តែ​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដែល​ត្រូវ​ធ្វើដំណើរ​រួមគ្នា​លើក​ប៉ាល់​ចំនួន​៥២​ថ្ងៃ ជាមួយ​យុវជន​មកពី​បណ្តា​ប្រទេស​ជុំវិញ​អាស៊ាន និង​យុវជន​ជា​ជនជាតិ​ជប៉ុន ទើប​អតីត​និស្សិត​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបនេះ ចាប់ផ្តើម​ស្រឡាញ់​និង​ស្ញប់ស្ញែង​សិល្បៈ​វប្បធម៌​របស់ខ្លួន ។ 
 
​លំអរ​ពេជ្រ រៀបរាប់​ផង ដៃ​ធ្វើ​កាយវិការ​ផង​ថា​៖«​ពេលនោះ ពួកយើង​ជិះ​លើក​ប៉ាល់​៥២​ថ្ងៃ ហើយក៏​មានកម្ម​វិធី​មួយ​លើក​ប៉ាល់​ឲ្យ​តែ​ដល់ពេល​ល្ងាច រាល់​ប្រទេស​នីមួយៗ ត្រូវបង្កើត​ទស្សនីយភាព​ទាំង​ប្រពៃណី របាំ និង​សិល្បៈ ធ្វើ​ម៉េច​ឲ្យ​ក្លាយជា​កម្មវិធី​១​ម៉ោង ដើម្បី​អ្នកផ្សេង​ទៀត​បាន​ទស្សនា​។ មុន​ចេញ​កប៉ាល់ ខ្ញុំ​បាន​ចំណាយពេល​២​ខែ ដើម្បី​សិក្សា​ពី​សិល្បៈ​ខ្មែរ​ជាច្រើន​។ ដូច្នេះ ចាប់ផ្តើម​ពី​កម្មវិធី​នេះ​មក បាន​នាំ​អារម្មណ៍​របស់ខ្ញុំ​ដែល​មិនដែល​ស្គា​ល់ពី​សិល្បៈ និង​បាន​ផ្លាស់ប្តូរ​ទម្លាប់​មកជា​អ្នក​ចូលចិត្ត​មើលល្ខោន មើល​ភាពយន្ត និង​ចូលចិត្ត​ថតរូប​នៅ​ខាងក្រៅ​។ ពេល​មាន​គេ​លេងល្ខោន​ទៅ​មើល​អ៊ីចឹងទៅ និង​បាន​ថតរូប​ទុកជា​ឯកសារ ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​ថតរូប​ម្នាក់​ដែរ​»​។       
  
​លំអរ​ពេជ្រ បានរួម​ចំណែក​ជំរុញ​យុវជន​ឲ្យ​ខ្វល់ខ្វាយ​សិល្បៈ និង​វប្បធម៌​ខ្មែរ​

​ក្រៅពី​ការងារ​រៀបចំ​បុណ្យ​ភូមិ​មួយឆ្នាំ​មួយដង​ហើយ លំអរ​ពេជ្រ ក៏មាន​ការងារ​ផ្សេងទៀត​ដែរ​។ បច្ចុប្បន្ន នាង​គឺជា​អ្នក​ផលិត​វីដេអូ​ឯកសារ និង​ផលិត​ភាពយន្ត​ឯករាជ្យ និង​ជា​អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ​របស់​ក្រុម SmallWorld SmallBand ដែល​ធ្វើការ​លើ​វិស័យ​តូរ្យតន្ត្រី និង​ផលិត​ចម្រៀង​។ បើតាម​លំអរ​ពេជ្រ ក្រុម​របស់ខ្លួន ផលិត​បទ​ចម្រៀង​បាន​ប្រហែល​១០​បទ ដែល​សុទ្ធសឹង​មាន​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​ខ្មែរ ចូលទៅក្នុង​បទ​ចម្រៀង និង​វីដេអូ​ចម្រៀង​(MV)​។ ក្នុងនោះ​មានដូចជា បទ​«​ឆឺ​ត​ឆឺ​ត​បុណ្យ​ភូមិ​»,«​ចាប៉ី​បុណ្យ​ភូមិ​»,«​បុណ្យ​ភូមិ​កុក​គ្រូ​» និង​បទ​«​ចូក​កំពឹស​បុណ្យ​ភូមិ​»​ជាដើម​។ 
 
​កញ្ញា លំអរ​ពេជ្រ បន្ថែមថា​៖«​បទ​ចម្រៀង​នីមួយៗ សុទ្ធតែ​បាន​បញ្ចូល​ភ្លេងខ្មែរ ដូចជា ទ្រ ខ្លុយ ស្គរ និង​ឧបករណ៍​ភ្លេងខ្មែរ​ដទៃទៀត ខណៈ​ការផលិត​វីដេអូ​បទ​ចម្រៀង​(MV)​វិញ ក៏បាន​បញ្ចូល​នូវ​ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ ល្ខោនបាសាក់ ចាប៉ី អា​យ៉ៃ យីកេ និង​សកម្មភាព​សិល្បៈ​បុរាណ​មួយចំនួនទៀត​»​។  
 
​ការផលិត​ចម្រៀង និង​ផលិត​វីដេអូ MV ទាំងនេះ ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​សាធារណៈ​បាន​ជ្រួតជ្រាប​ពី​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ និង​ផ្តើម​ស្រឡាញ់​វា ដែលជា​កត្តា​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ ឲ្យ​កាន់តែ​រស់​រវើក​ថែមទៀត​។ នេះ​ជាការ​បន្ថែម​របស់​ស្ថាបនិក​បុណ្យ​ភូមិ​។​
 
​បន្ទាប់ពី​ធ្វើការ​ងារ​លើ​វិស័យ​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ​ជាច្រើន​ឆ្នាំ​មក កញ្ញា រិទ្ធី លំអរ​ពេជ្រ សង្កេតឃើញថា មាន​យុវជន​កាន់តែច្រើន បាន​ខ្វល់ខ្វាយ និង​ចង់​លើកស្ទួយ​សិល្បៈ វប្បធម៌​របស់ខ្លួន តាមរយៈ​ការបង្ហាញ​ការគាំទ្រ​ដ៏​ច្បាស់លាស់​មួយ​។ ស្ថាប​និ​បុណ្យ​ភូមិ​រៀបរាប់ថា​៖ «​តាម​ការសង្កេត​របស់​ខ្ញុំ ខ្ញុំ​គិតថា ពួកគាត់​(​យុវជន​)​បាន​ចូលរួម​ដោយ​ទឹកចិត្ត​មែន ព្រោះ​បើ​យើង​ក្រឡេក​ទៅ​មើល​ការសិក្សា​លើ​មេរៀន និង​ក្នុងសង្គម​ដែល​រស់នៅ​សព្វថ្ងៃនេះ គឺ​ពុំបាន​និយាយ​ពី​សិល្បៈ​វប្បធម៌​បាន​ច្រើន​ទេ​។ ដូច្នេះ​យើង​មិនអាច​ដាក់​កំហុស​ទាំងអស់​ហ្នឹង ទៅកាន់​យុវជន ថា​មិន​គិតពី​សិល្បៈ​វប្បធម៌​នោះទេ​។ ពួកគាត់​ខ្លះ​មិនដឹង​រឿង​ហ្នឹង​ទេ ព្រោះ​ពេល​ជិះ​តាមផ្លូវ​ក៏​គេ​មិន​និយាយ បើក​ទូរទស្សន៍ ក៏​គេ​មិនឃើញ តើ​វា​ជា​កំហុស​នរណា​?...​មកដល់​សម័យនេះ មិនមែនជា​ពេល​យើង​ចង្អុល​ដាក់គ្នា​នោះទេ​។ យើង​ត្រូវ​គិត​អ្វីដែល​យើង​ត្រូវ​កែ​រួមគ្នា​។ ខ្ញុំ​សរសើរ​ចំពោះ​យុវជន​រាល់ថ្ងៃនេះ ដែល​ចង់ដឹង ចង់​ឮ ថា​តើ​ជនជាតិ​របស់គេ​ជា​ជនជាតិ​អ្វី​? ហើយ​មាន​អ្វីខ្លះ​? តើ​គាត់​អាចធ្វើ​អ្វី​បាន​»​។ 
 
យុវជន​គាំទ្រ​សកម្មភាព​សិល្បៈ​បុរាណ​ដោយ​ពិតប្រាកដ មិនមែន​លំៗ​នោះទេ  


ទោះបី​មាន​ឧបសគ្គ​ខ្លះ​មែន ប៉ុន្តែ​លំអរ​ពេជ្រ បាន​ប្តេជ្ញា​ជំរុញ​យុវជន​ខ្មែរ​ឲ្យ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​បន្ថែមទៀត​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ ដែលជា​មរតក​របស់​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​រាប់​ពាន់​ឆ្នាំ​មកហើយ​។ នាង​ស្នើ​ឲ្យ​យុវជន​កុំ​ចាំតែ​កោតសរសើរ​ដូនតា​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សិល្បៈ​បុរាណ និង​វប្បធម៌​ជាច្រើន ប៉ុន្តែ មិន​ព្រម​ចូលរួម​ធ្វើ​អ្វី​សោះ ដើម្បី​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​យក​គំរូ​តាម​។​
 
  
​កញ្ញា លំអរ​ពេជ្រ ជឿជាក់ថា យុវជន​ខ្មែរ នឹង​កាន់តែ​ស្រឡាញ់ និង​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ វប្បធម៌ ឲ្យ​កាន់តែ​ប្រសើរ ប្រសិនបើ​សង្គម​កាន់តែ​ឲ្យ​តម្លៃ និង​មានការ​ចូលរួម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ 
 

Tag:
 រិទ្ធី លំអរ​ពេជ្រ​
 ​ សិល្បៈ​
 ​ វប្បធម៌​
 ​ បុណ្យ​ភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com