ជាតិ
នយោបាយជាតិ
លោក គួច ចំរើន ប្ដេជ្ញាលុបបំបាត់បាតុភាពអសកម្មទាំងឡាយ ដែលធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់
× ភ្នំពេញ៖ ឡើងកាន់តំណែងជាផ្លូវការភ្លាមនៅព្រឹកថ្ងៃទី២៩ មិថុនានេះ អភិបាលខេត្តព្រះសីហនុថ្មី លោក គួច ចំរើន បានប្ដេជ្ញាចិត្តប្ដេជ្ញាលុបបំបាត់បាតុភាពអសកម្មទាំងឡាយ ដែលធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ និងអស់ជំនឿចិតលើថ្នាក់ដឹកនាំខេត្តកន្លងមក។
ក្នុងការប្ដេជ្ញាចិត្តទាំង១៣ចំណុចនោះ លោក គួច ចំរើន បានលើកពីការខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ដល់ប្រជាពលរដ្ឋ។
ថ្លែងពីចំណុចទាំងនេះហើយ អភិបាលខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ដូច្នេះថា៖«បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍ប្រមុខរដ្ឋាភិបាល «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។
ជាមួយគ្នាបញ្ហាសំណង់ ដីធ្លី ទប់ស្កាត់គ្រោះមហន្តរាយ និងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ស្ថិតនៅក្នុងការសន្យារបស់លោក គួច ចំរើន ផងដែរ។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងនោះ សម្ដេច ស ខេង ក៏បានលើកយកបញ្ហាដីធ្លី សំណង់ និងការវិនិយោគនៅខេត្តព្រះសីហនុ ជំរុញឲ្យលោក គួច ចំរើន ដែលត្រូវគ្រប់គ្រងខេត្តនេះ ជំនួសលោក យន្ត មីន យកចិត្តទុកដាក់ដោះស្រាយឲ្យបានល្អ ដើម្បីបញ្ចៀសហានិភ័យណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ តាមរយៈការណែនាំនេះ សម្ដេច ស ខេង ក៏ផ្ដាំឲ្យលោក គួច ចំរើន បន្តអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រកបដោយសមធម៌ ក្នុងការផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពោលគឺមិនត្រូវឲ្យមានការរិះគន់ថា ការអភិវឌ្ឍផ្ដល់ផលទៅមនុស្សមួយក្រុមនោះទេ។
Tag:
គួច ចំរើន
រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com