ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គួច ចំរើន ប្ដេជ្ញា​លុបបំបាត់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់​
29, Jun 2019 , 7:39 pm        
រូបភាព
 ភ្នំពេញ​៖ ឡើងកាន់តំណែង​ជា​ផ្លូវការ​ភ្លាម​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះ អភិបាលខេត្ត​ព្រះសីហនុ​ថ្មី លោក គួច ចំរើន បាន​ប្ដេជ្ញាចិត្ត​ប្ដេជ្ញា​លុបបំបាត់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់ និង​អស់ជំនឿ​ចិត​លើ​ថ្នាក់ដឹកនាំ​ខេត្ត​កន្លងមក​។​

 
​ក្នុងការ​ប្ដេជ្ញាចិត្ត​ទាំង​១៣​ចំណុច​នោះ លោក គួច ចំរើន បាន​លើក​ពី​ការខិតខំ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាពិសេស​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​ស្ថេរភាព​នយោបាយ និង​ភាព​សុខដុម​នីយកម្ម ដល់​ប្រជាពលរដ្ឋ​។ 
 
​ថ្លែង​ពី​ចំណុច​ទាំងនេះហើយ អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ត​ការខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ចូលរួមចំណែក​លើក​កំពស់​ជីវភាព រស់នៅ សុខមាលភាព ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​អនុសាសន៍​ប្រមុខ​រដ្ឋាភិបាល «​ពង្រឹង​ការអនុវត្ត​ច្បាប់ គ្មាន​ការលើកលែង​»​។​
 
​ជាមួយគ្នា​បញ្ហា​សំណង់ ដីធ្លី ទប់ស្កាត់​គ្រោះមហន្តរាយ និង​ការផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏​ស្ថិតនៅក្នុង​ការសន្យា​រប​ស់លោក គួច ចំរើន ផងដែរ​។​
 
​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នោះ សម្ដេច ស ខេង ក៏បាន​លើកយក​បញ្ហាដីធ្លី សំណង់ និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​លោក គួច ចំរើន ដែល​ត្រូវ​គ្រប់គ្រង​ខេត្ត​នេះ ជំនួស​លោក យន្ត មីន យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បានល្អ ដើម្បី​បញ្ចៀស​ហានិភ័យ​ណាមួយ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ តាមរយៈ​ការណែនាំ​នេះ សម្ដេច ស ខេង ក៏​ផ្ដាំ​ឲ្យ​លោក គួច ចំរើន បន្ត​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​សមធម៌ ក្នុង​ការផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពោលគឺ​មិនត្រូវ​ឲ្យ​មានការ​រិះគន់ថា ការអភិវឌ្ឍ​ផ្ដល់​ផល​ទៅ​មនុស្ស​មួយក្រុម​នោះទេ​។​
 

Tag:
 គួច ចំរើន​
  រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com