អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន​ទទួល​ដឹងលឺ​ផល​លំបាក​របស់​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី តែ​មិនមាន​វិធានការ​តទល់​ជាមួយ​សហភាព​អឺរ៉ុប​លើ​ករណី​ដូងប្រេង​
29, Jun 2019 , 8:19 pm        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​អាស៊ាន អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​ទើបតែ​បញ្ចប់​ការ​ពី​ពេល​ថ្មីៗ​នេះ បានទទួល​ដឹងលឺ​ពី​ផល​លំបាក​របស់​រដ្ឋ​សមាជិក ដែលជា​អ្នក​ផលិត​ផលិតផល​ដូរ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក និង​កំពុងតែ​ទទួលរង​នូវ​ការ​រឹតត្បិត​ពី​សហភាព​អឺរ៉ុប​។ ប្រមុខ​ដឹកនាំ បានសម្រេច​ទុក​លទ្ធភាព​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​គ្នា​តាម​មធ្យោបាយ​ដែល​អាចទៅរួច​។​

 
​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ទំនង​ជាមាន​អាក់អន់ចិត្ត​ខ្លះ​ជាមួយនឹង​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន ដែល​មិនអាច​សេចក្តីថ្លែងការណ៍​មុតមាំ​មួយ​សម្រាប់​ខ្លួន​ដើម្បី​ជា​ថ្នូរ​សម្រាប់​ការចរចា និង​តវ៉ា​ទៅលើ​សហភាព​អឺរ៉ុប ដែល​កំពុងតែ​ដាក់​គំនាប​ទៅលើ​ពួកគេ​ឲ្យ​ពិនិត្យឡើងវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន តាមរយៈ​ការ​រឹតត្បិត​លើ​ការ​នាំចូល​ផលិតផល​ដូងប្រេង​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ 
 
​គួរ​រម្លឹក​បន្តិច​ថា សហភាព​អឺរ៉ុប នៅ​ដើមឆ្នាំ​២០១៩ បានចាប់ផ្តើម​អនុវត្ត​បទបញ្ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថាមពល​កើតឡើង​វិញ និង​ថាមពល​ស្អាតស្អំ  ដែលជា​ប្រភេទ​ថាមពល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ តាមរយៈ​បទបញ្ជា​ថ្មី​នេះ រដ្ឋ​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ដែល​កើតចេញពី​ការបំផ្លាញ​បរិស្ថាន ជាពិសេស​នោះ​ការកាប់បំផ្លាញ​ព្រៃឈើ​តែម្តង​។​
 
​បទបញ្ជា​ថ្មី​ដដែល​នេះ សហភាព​អឺរ៉ុប មាន​គោលដៅ​ឈានទៅដល់​ការបិទ​ការនាំ​ចូល​ផលិតផល​ពាក់ព័ន្ធ ដែល​រាប់បញ្ចូល​ទាំង​ផលិតផល​ដូរ​ប្រេង​តែម្តង​នៅក្នុង​ឆ្នាំ​២០៣០​។ ចំណាត់ការ​នេះ បានធ្វើ​ឲ្យ​ប្រទេស​ផលិត​ដូរ​ប្រេង ជាពិសេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែលជា​អ្នក​ផលិត​ធំ​បំផុត​របស់​ពិភពលោក ហើយ​មាន​ទីផ្សារ​ធំ​នៅ​អឺរ៉ុប ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ដល់​ការនាំចេញ​។​
​គិត​ចាប់ពី​សហភាព​អឺរ៉ុប ចាប់ផ្តើម​មាន​វិធាន​នេះ រដ្ឋ​អាស៊ាន​ទាំងពីរ បាន​មាន​ទាំង​ការពន្យល់​បកស្រាយ ផង និង​តវ៉ា​ជា​បន្ត​ផង​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប ផ្លាស់ប្តូរ និង​បញ្ឈប់​ការ​រឹតត្បិត​នេះ​។ រដ្ឋ​ទាំងពីរ ថែមទាំង​បាន​អះអាងថា នឹង​បន្ត​ប្តឹង​សហភាព​អឺរ៉ុប​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ក៏ដូចជា​សុំ​កិច្ចការពារ និង​អន្តរាគមន៍​ពី​អាស៊ាន ដែល​អង្គការ​អន្តររដ្ឋាភិបាល ដូច​សហភាព​អឺរ៉ុប​ដូចគ្នា​ផងដែរ​នោះ​។ 
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អាស៊ាន ពិតជា​បានទទួល​ដឹងលឺ​ពី​ករណី​វិវាទ​ពាណិជ្ជ​កម្មនេះ​។ « យើង​បានកំណត់​សម្គាល់​ពី​ក្តីបារម្ភ​របស់​រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួន​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សកម្មភាព​ទីផ្សារ​មិន​ត្រឹមត្រូវ និង​បញ្ហា​ផលិតផល​ដូរ​ប្រេង​។​
 
​យើង អះអាង​ជាថ្មី​ពី​ការគាំទ្រ​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​សមាជិក​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​លើ​និរន្តរភាព​នៃ​ដូងប្រេង រាប់បញ្ចូល​ការបន្ត​ភ្ជាប់​ផ្សារ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​។​» នេះ ជា​ជំហរ​ដ៏​ខ្លី​របស់​អាស៊ាន​លើ​បញ្ហា​ដូងប្រេង​របស់​រដ្ឋ​សមាជិក ដែល​បាន​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៤ នៅក្នុង​រដ្ឋធានី​បាងកក កាលពីពេល​ថ្មីៗ​នេះ​៕ 
 

Tag:
 អាស៊ាន​
  ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
  ដូងប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com