ជាតិ
សង្គមជាតិ
សិល្បះ
លោក ប៉ាង រតនា​៖ ស្នេហា​ទុំ​ទាវ​មាន​លក្ខណៈពិសេស​ដែល​យុវជន​គួរ​យក​គំរូ​តាម​
29, Jun 2019 , 8:59 pm        
រូបភាព
ភ្នំពេញ​៖ ទាវ បានបង្ហាញ​ពី​ការពិនិត្យ​ពិចារណា​យ៉ាង​ហ្មត់​ចង់​មុន​ជ្រើសរើស ទុំ មក​ធ្វើជា​គូ​អនាគត​។ ភាពស្មោះត្រង់​និង​ភក្ដីភាព​រវាង​ស្នេហា​ទុំ​និង​ទាវ ដែល​មិនមាន​អំណាច​អ្វី​មក​បំបែក​បាន សូម្បីតែ​សេចក្ដីស្លាប់​។ ទាំងអស់នេះ​គឺជា​លក្ខណៈពិសេស​នៃ​ស្នេហា​ទុំ​ទាវ ដែល​លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា លើកឡើង​ក្នុង​បាឋកថា​នៅ​ពុទ្ធសាសនបណ្ឌិត្យ កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​។


​លោក ប៉ាង រតនា ដែលជា​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា បានលើកឡើង​ពី​លក្ខណៈពិសេស​មួយចំនួន​នៃ​ស្នេហា​ទុំ​ទាវ​មក​បង្ហាញ​សិក្ខាកាម ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត​និង​គរុ​សិស្ស​ប្រមាណ​ជា​៧០​នាក់​។​
 
​មុន​ចូលដល់​ស្នូល​ប្រធានបទ លោក រតនា បាន​បកស្រាយ​ពី​លក្ខណៈ​ចិត្តសាស្ត្រ​របស់​មនុស្ស​ដែលមាន​ពី​ធម្មជាតិ ទៅលើ​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍​។ បន្ទាប់មក​លោក​បាន​លើកយក​សំណេរ​របស់​អ្នក​វិភាព​អក្សរសិល្ប៍​មួយចំនួន​ស្ដីពី​ស្នេហា​ទុំ​ទាវ ត្រង់ចំណុច​តិះដៀល​ស្នេហា​មួយ​នេះ មក​បង្ហាញ​សិក្ខាកាម​ដើម្បី​ជាការ​ប្រៀបធៀប និង​ជា​ត្រីវិស័យ​ក្នុងការ​វិភាគ​។ 
 
​លោក ប៉ាង រតនា បាន​លើកយក​លក្ខណៈពិសេស​៣​ចំណុច​ក្នុងចំណោម​ច្រើន​ចំណុច​ទៀត មក​បកស្រាយ​។ ចំណុច​ទាំង​៣​នោះ ទី​១​និយាយ​ពី​របៀប​នៃ​ការចាប់ផ្ដើម​ស្នេហា​រវាង​ទុំ​និង​ទាវ ទី​២​ការគិត​ពិចារណា​យ៉ាង​ហ្មត់ចត់​របស់​ទាវ មុន​ប្រគល់​ក្ដី​ស្នេហ៍​ឱ្យ​ទុំ និង​ទី​៣ ភាព​បរិសុទ្ធ​នៃ​ស្នេហា​ទុំ​ទាវ (​បានន័យថា​ភាពស្មោះត្រង់​និង​ភក្ដីភាព​)​។ 
  
 
​លោក​បញ្ជាក់​ដូច្នេះ​៖« ក្រោយ​បាន​ជួប​ទាវ ទុំ​បានដឹងខ្លួន​ច្បាស់​ថា​ខ្លួន​មិនអាច​នៅក្នុង​ភេទ​ជាស​ង្ឃ​បាន​ទៀតឡើយ ទើប​ទុំ​មកសុំ​ចៅអធិការ​សឹក​។ ពេល​ចៅអធិការ​មិន​ព្រម​សឹក​ឱ្យ ទើប​ទុំ​ទៅ​សឹក​ដោយ​ខ្លួនឯង​នៅ​ជិត​ដំបូក​។ នៅក្នុង​កំណាព្យ​រឿង​ទុំ​ទាវ មាន​បង្ហាញ​ច្រើន​វគ្គ​ថា​ទុំ​បាន​ព្យាយាម​សារភាព​ស្នេហ៍​ទៅកាន់​ទាវ ប៉ុន្តែ​ទាវ​មិន​ជឿ​ឡើយ​។ សេចក្ដី​ក្នុង​កំណាព្យ ទាវ​ព្យា​ហាម​រក​វិធីសាស្ត្រ ធ្វើឱ្យ​ប្រាកដថា​ទុំ​ពិតជា​ស្រឡាញ់​ខ្លួន​ស្មោះ ទើប​នាង​ព្រម​ប្រគល់​សេចក្ដីស្នេហា​ឱ្យ​ទុំ​។ ទោះបី​ទុំ​ទៅក្នុង​វាំង​ដែលមាន​មនុស្ស​ស្រី​ស្អាតៗ​ជាច្រើន តែ​ទុំ​មិនបាន​ចាប់អារម្មណ៍​ឡើយ​។ ទុំ​តែងតែ​នឹករឭក​ដល់​ទាវ​ជានិច្ច​។ ចំណែក​ទាវ​វិញ​ទោះបីជា​ម៉ឺន​ងួន​មានទ្រព្យ​សម្បត្តិ​ច្រើន​ក៏​នាង​មិន​ចាប់អារម្មណ៍ សូម្បី​ព្រះរាជា​ជា​ស្ដេច​ផែនដី​ក៏​នាង​នៅតែ​ស្មោះ​និង​ទុំ​។ ពួកគេ​ហ៊ាន​ស្លាប់​ជាមួយគ្នា​។ ទាំងនេះ​បង្ហាញ​ពី​ភក្ដីភាព​នៃ​ស្នេហា​របស់​ពួកគេ​»​។  
 
​លោក ប៉ាង រតនា អះអាងថា​នៅ​សម័យ​បច្ចុប្បន្ននេះ​ពិតជា​កម្រ​មាន​ស្នេហា​ណា​ដែល​បរិសុទ្ធ​ដូច​ស្នេហា​ទុំ​ទាវ​ណាស់​។ លោ​កថា​យុវជន​គួរតែ​យក​គំ​រូពី​ភាពស្មោះត្រង់​និង​ភក្ដីភាព​របស់​ទុំ​និង​ទាវ​។

 
​ទោះជា​យ៉ាងណា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បញ្ជាក់ថា គ្រប់​ស្នាដៃ​អក្សរសិល្ប៍​ទាំងអស់​តែងតែមាន​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​។ ប៉ុន្តែ​សម្រាប់​លោក គឺ​លើក​តែ​លក្ខណៈពិសេស​នៃ​ស្នេហា​ទុំ​ទាវ​មក​បង្ហាញ​តែប៉ុណ្ណោះ ក្នុង​ថ្ងៃ​ធ្វើ​បាឋកថា​កាលពី​ថ្ងៃទី​២០​នោះ​។ លោក ប៉ាង រតនា ថា​អ្នកអាន​ស្នាដៃ​អក្សរសិល្ប៍​មាន​សិទ្ធ​វិភាគ រក​ចំណុច​ល្អ និង​មិនល្អ ដើម្បី​យកមក​ធ្វើជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​។​
 
​សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជាការ​វិភាគ​របស់លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​តែប៉ុណ្ណោះ​។ មាន​អ្នកស្រាវជ្រាវ និង​អ្នកនិពន្ធ​មួយចំនួន ក៏បាន​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នៃ​ស្នេហា​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​នេះដែរ​៕

 

Tag:
 ប៉ាង រតនា​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
  ពុទ្ធសាសនបណ្ឌិត្យ​
  ទុំ​ទាវ
© រក្សាសិទ្ធិដោយ thmeythmey.com