សម្ដេច ស ខេង ហួស​ចិត្តនឹង​មន្ត្រី​ដែល​រអ៊ូ​ថា ទៅកាន់​ការងារ​នៅ​កន្លែង​នោះ «​អត់​មានអី​ផង​»!
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ហួស​ចិត្តនឹង​មន្ត្រី​ដែល​រអ៊ូ​ថា ទៅកាន់​ការងារ​នៅ​កន្លែង​នោះ «​អត់​មានអី​ផង​»!
29, Jun 2019 , 10:59 pm        
រូបភាព
ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ​ហើយ ដែល​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកយក​រឿង​ហួសចិត្ត ទាក់ទង​នឹង​មន្ត្រី​ខ្លះ ដែល​ចង់បាន​ផលប្រយោជន៍​ខ្លួន នៅពេល​ទៅកាន់​ការងារ​នៅ​កន្លែង​ណាមួយ ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ​បំពេញ​កាតព្វកិច្ច​។ ដោយសារ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នេះ ទើប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាស់តឿន​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ទាំងអស់ ឲ្យ​គិតពី​រឿង​បម្រើ​ប្រយោជន៍​ជូន​ពលរដ្ឋ​ជាធំ ជាង​គិតពី​លាភ​សក្ការ​។​

 
«​កន្លងមក មាន​អ្នកខ្លះ​មាន​ទស្សន​មិនត្រូវ​ទេ​។ (​ពួកគេ​)​មាន​ទស្សន​ថា (​ផ្ទេរ​)​ទៅ​កន្លែង​ហ្នឹង អត់​មានអី​ផង​! តើ​ចង់​បានន័យថា​យ៉ាងម៉េច​?...»​។ នេះ​ការលើកឡើង​របស់​សម្ដេច ស ខេង ដែល​ឆ្ងល់​នឹង​ពាក្យសម្តី​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​ខ្លះ ដែល​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការផ្ទេរ​តំណែង​ពីមួយ​ទៅមួយ តាម​ការសម្រេច​រដ្ឋាភិបាល​។ មិន​ពេញចិត្ត​ដោយសារ​កន្លែង​ខ្លះ ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ គឺ​ពួកគេ​គិតថា គ្មាន​លាភ​សក្ការ​អ្វី សម្រាប់​ជា​ប្រយោជន៍​ដល់​ពួកគេ​។​
 
​ត្រង់ចំណុច​សម្ដេច ស ខេង បាន​និយាយ​ក្នុងន័យនេះ​ថា បើសិន​មន្ត្រី​រដ្ឋាភិបាល ចង់ទៅ​គ្រប់គ្រង​កន្លែង ឬ​តំបន់​ណាមួយ ដែល​សម្បូរ​ទៅដោយ​លាភ​សក្ការ​នោះ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​មន្ត្រីរាជការ ត្រូវ​គិត​រឿង​បម្រើ​ប្រយោជន៍​ជូន​ពលរដ្ឋ​ជាធំ ជាង​ការ​ទាញ​ប្រយោជន៍​សម្រាប់​ខ្លួន​។ 
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​តំណែង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ដូច្នេះ​ថា​៖«​ការបញ្ជូនមន្រ្តីឲ្យទៅធ្វើការងារនៅស្រុក ខេត្ត មាន​អ្នកខ្លះ​គិតថា​ឲ្យ​ទៅ​កន្លែង​ហ្នឹង គ្មាន​អី​ទេ​! (​ខ្ញុំ​) សួរថា​យោបល់​ហ្នឹង​ត្រូវ​ឬ​ខុស គឺ​អត់​ត្រូវ​ទេ​។ ព្រោះ​ដោយសារតែ​វា​គ្មាន​អីហ្នឹង​ហើយ បានជា​គេ​ឲ្យ​លោក​ឯង​ទៅ​។ បើ​មាន​ហើយ លោក​ឯង​ទៅធ្វើ​អី​? អ៊ីចឹង​បានន័យថា ទល់​តែ​កន្លែង​មាន (​លាភ ឬ​ផលប្រយោជន៍​) បាន​លោក​ឯង​ទៅ​(​ធ្វើការ​) ឬ​យ៉ាងម៉េច​? ទៅ​ប្រមូលយក​(​ប្រយោជន៍​) ឬ​យ៉ាងម៉េច​? ទស្សន​ហ្នឹង គឺ​ខុស មហា​ខុស​ហ្មង​! សក្ដានុពល នៅក្នុង​ទឹកដី​កម្ពុជា នៅ​កន្លែង​ណា​ក៏មានដែរ គ្រាន់តែ​វា​ខុសគ្នា ត្រង់​កន្លែង​ខ្លះ មាន​សក្ដានុពល​ខាង​វិស័យនេះ លើ​វិស័យ​នោះ វា​ខុសគ្នា​តែ​ប៉ុណ្ណឹង​ទេ តែមាន​សក្ដានុពល​ដូចគ្នា​»​។ 
 
​ដោយ​មិន​អស់ចិត្ត សម្ដេច ស ខេង បាន​សង្កត់​ថា រាល់​ពេលដែល​រដ្ឋាភិបាល​បញ្ជូន​មន្ត្រី​ណាមួយ ទៅ​កន្លែង​ដែល​មិនទាន់មាន​ការអភិវឌ្ឍ​នោះ គឺ​រដ្ឋាភិបាល​ចង់ដឹង​ថា តើ​មន្ត្រី​រូបនោះ អាចមាន​សមត្ថភាព​អភិវឌ្ឍន៍​កន្លែង​នោះ ឲ្យ​មាន​សក្ដានុពល ហើយ​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ដែរឬទេ​? ពោលគឺ​មិន​ឲ្យ​បញ្ជូន​មន្ត្រី​ទៅ ដើម្បី​ប្រមូល​ប្រយោជន៍​សម្រាប់​ខ្លួន​នោះទេ​។ «​កន្លែង​ដែល​អត់​មាន​(​លាភ ឬ​សក្ដានុពល​) ហ្នឹងហើយ ដែល​ត្រូវការ​លោក​ឯង​ទៅ ដើម្បី​ឲ្យ​លោក​ឯង​ធ្វើ​វា​ឲ្យ​កើតមាន មិនមែន​ឲ្យ​ទៅហើយ​(​និយាយថា​)​កន្លែង​ខ្ញុំ​គ្មាន​អី​ទេ​កន្លែង​ខ្ញុំ បើ​ធ្វើ​អ៊ីចឹង​មិនចាំបាច់​ធ្វើការ​ទេ ទៅ​រកតែ​កន្លែង​ស្រួល កន្លែង​ស្រណុក​ចុះ​»​។ នេះ​ជាការ​លើកឡើង​បែប​ហួសចិត្ត​របស់​សម្ដេច ស ខេង ចំពោះ​មន្ត្រី​ដែល​ហាក់​គិតពី​ប្រយោជន៍​ខ្លួន​ជ្រុល​៕
 
 
 

Tag:
 ស ខេង​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com