អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ចង់​ប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​?
30, Jun 2019 , 8:59 am        
រូបភាព
ដោយ:
ការអធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​ប្រជុំ​កំពូល​ក្រុម​G20 ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន និង​វៀតណាម កំពុងតែ​ក្លាយជា​ក្តីបារម្ភ​សម្រាប់​វៀតណាម ហើយក៏​ក្លាយជា​សំណួរ​មួយ​ថា​តើ​អាមេរិក ពិតជា​ចង់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​វៀតណាម ដូចជា​កំពុងតែ​ធ្វើ​ជាមួយនឹង​ចិន​ឬ​យ៉ាងណា​?

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌​មាននៅ​ថ្ងៃ​២៦ មិថុនា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹង​ពី​ផលប៉ះពាល់ និង​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដោយ​លោក អះអាងថា សេដ្ឋកិច្ច​របស់​ចិន កំពុងតែ​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក បាន​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់​ទៅលើ​ការនាំ​ចូល​របស់​ចិន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Guardian​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជាមួយនឹង​ការលើកឡើង​ពី​វិវាទ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន លោក​ប្រធានាធិបតី ត្រាំ ក៏បាន​ពន្លិច​ពី​គោលដៅ​ដំឡើង​ពន្ធ​នាំចូល​លើ​រដ្ឋ​អាស៊ីអាគ្នេយ៍​វៀតណាម ដូចជា​ចិន​ទៀតផង​។ លោក​ប្រធានាធិបតី ហាក់ដូចជា​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​វៀតណាម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​កំពុងតែ​វិនិយោគ​នៅ​ទីនោះ​។​
 
​តាម The Guardian លោក​ប្រធានាធិបតី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« មាន​ក្រុមហ៊ុន​ជាច្រើន កំពុងតែ​ឆ្ពោះទៅកាន់​វៀតណាម ក៏ប៉ុន្តែ វៀតណាម បាន​គេង​ចំណេញ​លើ​យើង អាក្រក់​ជាង​អ្វីដែល​ចិន បានធ្វើ​ទៅទៀត​។ នឹង​មានរឿង​បន្តបន្ទាប់​កើតឡើង​នៅ​ទីនោះ​»​។ 
 
​ឆ្លើយតប​នឹង​ការលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​កា​របរ​ទៀត​ណា​ម លោកស្រី Lê Thị Thu Hằng នៅ​ថ្ងៃ​២៧ មិថុនា តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំ បាន​អះអាងថា វៀតណាម ពិតជា​ផ្តល់​តម្លៃ​លើ​ទំនាក់ទំនង និង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​អាមេរិក​។ លោកស្រី លើកឡើងថា ចំណង​វៀតណាម​-​អាមេរិក បាន​មាន​ភាពល្អប្រសើរ​ច្រើន រួមទាំង​លើ​ការវិនិយោគ និង​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម Vietnam News​។ 
 
​អ្នកនាំពាក្យ​រូបនេះ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា វៀតណាម បាន​ប្រឹងប្រែង​កែលម្អ​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការបង្កើន​ការនាំចេញ​ផលិតផល​អាមេរិក ដែលជា​តម្រូវ​ការចាំបាច់​របស់​វៀតណាម​, ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​លើ​បរិ​យា​កាស​វិនិយោគ​, បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​កាន់តែច្រើន​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែល​ចង់​ប្រតិបត្តិការ​នៅ​វៀតណាម ក៏ដូចជា​ជំរុញ​ក្រុមហ៊ុន​វៀតណាម​ឲ្យ​វិនិយោគ​នៅ​អាមេរិក​ដូចគ្នា​។ 
 
​លោកស្រី​អ្នកនាំពាក្យ បាន​បន្តទៀតថា វៀតណាម ពិតជា​ចង់​លើកកម្ពស់​ចំណង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​-​វិនិយោគ ដោយ​សេរី និង​តម្លាភាព​ជាមួយនឹង​អាមេរិក ដោយ​ឈរលើ​គោលការណ៍​គ្រឹះ​ផលប្រយោជន៍​ទៅវិញទៅមក​៕ 
 
 
 
 
 

Tag:
 ចិន​
  អាមេរិក
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com