ជាតិ
ពីនេះ ពីនោះ
«​ចង់​ឆ្ងាញ់​ឱ្យ​រក​អន្លក់ ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​» មានន័យថា ត្រូវមាន​ផែនការ​ជីវិត​!
30, Jun 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ដើម្បី​អប់រំ​និង​បណ្ដុះ​គំនិត​ទស្ស​វិជ្ជា​ល្អៗ​ដល់​កូនចៅ​របស់ខ្លួន បុព្វបុរស​ខ្មែរ​តែងតែ​រិះរក​វិធី​ផ្សេងៗ ដូចជា ការសូត្រ​កំណាព្យ ការ​ច្រៀង​ចាប៉ី ការ​ច្រៀង​អា​យ៉ៃ ការលើក​ជា​ពាក្យស្លោក ឬ​សុភាសិត​ផ្សេងៗ ជាដើម ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​និង​ការយកចិត្តទុកដាក់រ​បស់​ប្រជាជន​ខ្មែរ​។ ហេតុនេះហើយ​ទើប​យើង​បានឃើញ​សុភាសិត​មួយ​ចែងថា «​ចង់​ឆ្ងាញ់​ឱ្យ​រក​អន្លក់ ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​យ៉ាងណា និង​មាន​ខ្លឹមសារ​អប់រំ​ដូចម្ដេច​ដែរ​?

 
​មុននឹង​បកស្រាយ​សុភាសិត​ខាងលើ អ្នកអាន​ចាំបាច់​ត្រូវ​យល់ដឹង​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​អន្លក់​» មា​ន័យ​ថា បន្លែ​ឆៅ​ឬ​ឆ្អិន​ដែល​គេ​ប្រើ​សម្រាប់​បរិភោគ​ដោយ​ជ្រលក់​ទឹកគ្រឿង ប្រហុក ផ្អក ម៉ាំ ជាដើម​។ « ស្រណុក​» មានន័យថា ដែលជា​សុខ ដែល​មិន​នឿយ ស្រួល ឬ​ងាយ​។ «​នឿយ​» មានន័យថា ព្រួយ​កាយ​ឬ​ចិត្ត​ដោយ​ធ្វើការ​ធ្ងន់ ឬ​ដោយ​ធ្វើការ​ឥត​ស្រាក ដោយ​ដើរ​ផ្លូវ​ឆ្ងាយ ឬ​ធ្វើ​ការលំបាក ជាដើម​។​
 
​សុភាសិត «​ចង់​ឆ្ងាញ់​ឱ្យ​រក​អន្លក់ ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​» មាន​ពីរ​ផ្នែក​ដែល​តម្រូវឱ្យ​យើង បកស្រាយ​ផ្នែក​នីមួយៗ​ដាច់ដោយឡែក​ពីគ្នា​។ ផ្នែក​ទី​១«​ចង់​ឆ្ងាញ់​ឱ្យ​រក​អន្លក់​» គឺជា​គំនិត​មួយ​ដែល​ចង់​ប្រាប់​អ្នកអាន​ឱ្យ​យល់ថា តាម​ទម្លាប់​របស់​ជនជាតិខ្មែ​រ ក្នុងការ​ទទួលទាន​បាយ​ជាមួយ​មុខម្ហូប​មួយចំនួន ដូចជា ទឹកគ្រឿង ប្រហុក ផ្អក ម៉ាំ ត្រីខ ជាដើម បើ​ចង់ឱ្យ​ឆ្ងាញ់​ពិសា ត្រូវ​រក​អន្លក់​ឱ្យបាន​ច្រើន​មុខ ដូចជា ត្រួយ​ស្ដៅ ត្រួយ​ស្វាយ ត្រួយ​រាំង ផ្កា​ស្ដៅ ផ្កាស្នោ ផ្កាកំប្លោក កញ្ឆែត ព្រលិត សណ្ដែក ត្រសក់ ត្រប់ ជី ស្ពៃ សាលាដ ជាដើម ទៅតាម​ចំណូលចិត្ត​របស់​អ្នក​ហូប​។ ក្រៅពី​មុខម្ហូប​ដែល​បាន​រៀបរាប់​ខាងលើនេះ ក៏​នៅមាន​ប្រភេទ​អាហារ​មួយចំនួនទៀត ដូចជា បាញ់ឆែវ នំគ្រក់ នំ​ប​ញ្ជុ​ក ជាដើម ក៏ត្រូវ​ការ​អន្លក់ ឬ​របោយ​ដែរ​។ តាមរបៀប​ឬ​ទម្លាប់​នៃ​ការ​ទទួលទាន​របស់​ប្រជ​ជា​ជន​ខ្មែរ ប្រភេទ​អាហារ​ទាំងអស់​ដែល​បានលើកឡើង​ខាងលើ ប្រសិនបើ​យើង​អា​ចរក​អន្លក់​ឬ​ល្បោយ​បាន​កាន់តែ​ច្រើ​មុខ វា​ក៏​កាន់តែ​ឆ្ងាញ់​ពិសា​ដែរ ប៉ុន្តែ អាហារ​ឬ​មុខម្ហូប​នីមួយៗ មិន​ត្រូវការ​ប្រភេទ​អន្លក់ ឬ​របោយ​ដូចគ្នា​ទាំងស្រុង​នោះទេ​។ 
 
​ខាងលើនេះ​គឺជា​ការបកស្រាយ​តាមន័យ​ត្រង់ រីឯ​ចំពោះ​ន័យធៀប​វិញ យើង​ក៏​អាច​ប្រដូច​ម្ហូប​ដែល​ឆ្ងាញ់​ពិសា​ទៅនឹង​ព័ត៌មាន​ពិត​ដែល​គេ​ចង់ដឹង សម្ដី​សម​ហេតុដែល​គេច​ង់​ស្ដាប់ ឬ​ការវិនិច្ឆ័យ​ត្រឹមត្រូវ យុត្តិធម៌​ដែល​មនុស្ស​ទូទៅ​ចង់បាន​ដែរ​។ ហេតុនេះ បើ​ចង់បាន​ព័ត៌មាន​ពិត ត្រូវតែ​ខិតខំ​ប្រមូល​ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ដោយ​ការពិនិត្យសង្កេត​ឱ្យ​ល្អិតល្អន់ ហ្មត់ចត់ មិន​លម្អៀង ប្រុងប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ប្រកបដោយ​អាជីព និង​សីលធម៌​វិជ្ជាជីវៈ​។ បើ​ចង់បាន​សម្ដី​សម​ហេតុផល​ឬ​ការវិនិច្ឆ័យ​ត្រឹមត្រូវ យុត្តិធម៌​ដែល​មនុស្ស​ទូទៅ​ចង់បាន លុះត្រាតែ​សម្ដី​ឬ​ការវិនិច្ឆ័យ​របស់​យើង​ផ្អែកលើ​ចំណេះដឹង​ខាង​ទស្សនវិជ្ជា ជាពិសេស តក្កវិជ្ជា និង​ការគិត​ហ្មត់ចត់ (Critical thinking) ព្រមទាំង​ផ្អែកលើ​ការពិចារណា​អំពី​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល រវាង​តថភាព​និង​សច្ចភាព​ជាមួយនឹង​សេចក្ដី​ថ្លែង​របស់​យើង ព្រមទាំង​ផ្អែកលើ​អង្គហេតុ អង្គច្បាប់ និង​គោលការណ៍​សីលធម៌​ផងដែរ​។  
 
​ផ្នែក​ទី​២«​ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​» គឺជា​គំនិត​មួយ​ដែល​ចង់បង្ហាញ​ពីបទ​ពិសោធន៍​ជីវិត ដែល​អ្នក​អប់រំ ឬ​ចាស់ទំ​ខ្មែរ​ចង់​ដាស់តឿន​យុវជន​ខ្មែរ​ឱ្យខិត​ខំរៀន​សូត្រ ខិតខំ​ធ្វើការ និង​ខិតខំ​រក​ទ្រព្យ ក៏ដូចជា កសាង​កេរ្ដិ៍ឈ្មោះ​ល្អ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​តាំងពី​ពួកគេ​នៅ​ក្មេង ពីព្រោះ​នៅ​ដែល​ពេល​មនុស្ស​ស្ថិតក្នុង​វ័យក្មេង​ចាប់ពី​យុវវ័យ​រហូតដល់​ពេញវ័យ គឺ​ពួកគេ​នៅមាន​កម្លាំងកាយ​ខ្លាំងក្លា កម្លាំង​បញ្ញា ស្មារតី​រឹងប៉ឹង វាងវៃ ហេតុនេះ ពួកគេ​អាច​ប្រើ​សក្ដានុពល​របស់ខ្លួន​ដើម្បី​ស្វែងរក​ចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និង​កេរ្ដិ៍ឈ្មោះ​ល្អ បាន​ងាយស្រួល​ជាង​មនុស្ស​ចាស់​ដែល​ចូលនិវត្តន៍​និង​ថមថយ​កម្លាំង​។ ប្រសិនបើ​អ្នកណាម្នាក់​រង់ចាំ​រហូត​ដល់​វ័យចាស់​ឬ​វ័យ​ចូលនិវត្តន៍ ទើប​ប្រឹងប្រែង​ស្វែងរក​ចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និង​កេរ្ដិ៍ឈ្មោះ អ្នកនោះ​ពិតជា​ជួប​ឧបសគ្គ​ជាច្រើន បើទោះបីជា​គេ​អាច​សម្រេច​ទៅបាន​ក៏ដោយ ក៏​វា​មិន​ស្ថិតស្ថេរ​យូរអង្វែង​ដែរ ពីព្រោះ មនុស្ស​វ័យ​កាន់តែ​ចាស់​ស្ថានភាព​សុខភាព​កាន់តែ​ប្រែប្រួល​ឆាប់រ​ហ័យ កម្លាំងកាយ​កាន់តែ​ទន់ខ្សោយ ឯ​បញ្ញា ស្មារតី ក៏​មិនល្អ​ដូច​ក្មេង​ដែរ​។​
 
​លើសពីនេះ​ទៀត ប្រសិនបើ​យើង​បាន​ខិតខំ​ស្វែងរក​ចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ​និង​កេរ្ដិ៍ឈ្មោះ​ល្អ​តាំងពី​យើង​នៅ​ក្មេង ដល់ពេល​យើង​ចាស់​ទៅ យើង​អាច​រស់នៅ​ដោយ​ស្រណុក​សុខ​ស្រួល ពឹង​អាស្រ័យ​លើ​ចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ ឬ​កេរ្ដិ៍ឈ្មោះ​ដែល​យើង​កសាងបាន​តាំងពី​យើង​នៅ​ក្មេង​។ ម្យ៉ាងទៀត យើង​ក៏​អាច​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ការវិនិយោគ​ទ្រព្យសម្បត្តិ​ឬ​ប្រាក់​ដែល​យើង​សន្សំ​បាន​តាំងពី​កាលដែល​យើង​នៅ​ក្មេង ដោយ​មិនបាច់​ចំណាយ​កម្លាំង​ច្រើន​ដែរ​។​
 
​ដូចគ្នា​ដែរ ចំពោះ​អ្នកនយោបាយ​ឬ​អ្នកដឹកនាំ​ប្រទេស ប្រសិនបើ​ពួកគេ​ខិតខំ​ប្រឹងប្រែង​កសាង​ជាតិ ការពារជាតិ អភិវឌ្ឍ​ជាតិ ពង្រឹង​ឯកភាព​ជាតិ និង​សុខដុមភាព​ជាតិ ព្រមទាំង​កសាង​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​បានល្អ ក្នុង​រយៈពេល​ដែល​ពួកគេ​កំពុងកាន់​អំណាច នោះ​ពេលដែល​ពួកគេ​ចូលនិវត្តន៍​ឬ​ចាក​ចេញពី​អំណាច ពួកគេ​ក៏​អាច​សោយសុខ​ក្នុង​វឌ្ឍនភាព​ជាតិ​របស់គេ និង​អាច​ទទួលបាន​ការគោរព​និង​សេចក្ដីស្រឡាញ់​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​នៅក្នុង​ប្រទេស​របស់ខ្លួន​ដែរ​។   
 
​សរុបមក សុភាសិត​ខ្មែរ​ដែល​ចែងថា​«​ចង់​ឆ្ងាញ់​ឱ្យ​រក​អន្លក់ ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​» ពិតជា​បង្កប់ន័យ​អប់រំ​ដ៏​សំខាន់ ដែល​បាន​អប់រំ ដាស់តឿន​ប្រជាជន​ខ្មែរ​ឱ្យ​ចេះ​ធ្វើ​ផែនការ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​ជាតិ រៀបចំ​អ្វីៗ​សម្រាប់​អនាគត ដូចជា រៀបចំ​ចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និង​កេរ្ដិ៍ឈ្មោះ​ល្អ សម្រាប់​អនាគត​របស់ខ្លួន អា​នាគ​តរបស់​ជាតិ ជាពិសេស ពេលដែល​ពួកគេ​ចូលដល់​វ័យចាស់ វ័យ​ចូលនិវត្តន៍ ដែល​ថម​ថម​កម្លាំងកាយ បញ្ញា ស្មារតី ធ្វើ​អ្វីៗ​មិនសូវ​បានល្អ ឬ​មិន​អាចធ្វើ​អ្វីមួយ​បាន​៕     

ដោយ​លោក ឈ​ត ប៊ុន​ថង 
 

© រក្សាសិទ្ធិដោយ thmeythmey.com