អត្ថបទពាណិជ្ជកម្ម
ផ្ទះ​ដែល​យើង​គ្រប់គ្នា​តែងតែ​ចង់បាន​
30, Jun 2019 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​លំនៅដ្ឋាន​ជាច្រើន​ត្រូវបាន​ដាក់លក់ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកទិញ​ក្នុងស្រុក ខណៈដែល​គេ​មើលឃើញថា​រយៈ​ជិត​១០​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាជន​ជាច្រើន ចាប់ផ្តើម​មានលទ្ធភាព​ទិញ​ផ្ទះ​នៅក្នុង​ទីក្រុង និង​តាម​បណ្តា​ទីប្រជុំជន​ធំៗ នៅតាម​រាជធានី​ខេត្ត ។​
 
​ការទិញ​លំនៅដ្ឋាន បានក្លាយ​ទំនោរ​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ ហើយ​សម្រាប់​ជនជាតិខ្មែរ គេ​នៅតែ​មើលឃើញថា​ទំនោរ នៃ​ការទិញ​ផ្ទះ​ជាប់​ដី បែប​បុរី ឬ​ផ្ទះល្វែង (​សម្រាប់​រស់នៅ ឬ​ប្រកប​អាជីវកម្ម​) នៅមាន​ភាព​ពេញនិយម​ខ្លាំង​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ Realestate.com.kh លោក ម៉ម រតនា និង អ្នកស្រី ម៉ី មិនា ជា​អ្នក​ដែល​បាន​ទិញ​ផ្ទះ​រួចរាល់​ពី​គម្រោង​បុរី និង កញ្ញា ចេង ហ៊ុយ​ហុង បាន​រៀបរាប់​ពី​របៀប​ដែល​ពួកគាត់​ជ្រើសរើស​ផ្ទះ និង​គោលដៅ​នៃ​ការទិញ​ផ្ទះ​។  
 
១. ប្រភេទ​ផ្ទះ​

 
 លោក ម៉ម រតនា បាន​និយាយថា​៖«​ខ្ញុំ​បាន​ទិញ​ផ្ទះ​ក្នុង​គម្រោង​បុរី ដោយសារ​ខ្ញុំ​ចូលចិត្ត ហើយ​ខ្ញុំ​មើលឃើញថា​មនុស្ស​ភាគច្រើន ចង់បាន​ផ្ទះល្វែង ឬ​បុរី ដែល​អាច​ប្រកបមុខរបរ​ដើម្បី​ទាញយក​ចំណូល​បាន​»​។ ​លោក​ថា សម្រាប់​អ្នក​ដែលមាន​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ដែល​អាច​ទិញ​ផ្ទះ​ជា​លក្ខណៈ​ខុន​ដូ ឬ​ផ្ទះ​តម្លៃ​ខ្ពស់ នៅ​តំបន់​ទីប្រជុំជន ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ការ​ស្នាក់នៅ ដោយសារតែ​យើង​អាច​ទទួលបាន​កន្លែងរ​ស់​នៅ ដែល​អាច​ផ្តល់​សេរីភាព និង​ទំនើប​។ ទោះបីជា​យ៉ាងនេះ​ក្តី លោក រតនា ជឿថា​មនុស្ស​ជាច្រើន​ចង់បាន​ផ្ទះ ដែល​គេ​អាច​ទាញយក​ប្រយោជន៍​បាន​។ ​ដូចគ្នានេះដែរ កញ្ញា ហ៊ុយ​ហុង ដែលជា​អ្នក​មានបំណង​ទិញ​ផ្ទះ នៅពេល​ឆាប់ៗ​ខា​មុខ បាន​បង្ហើប​ថា គាត់​ចង់​ទិញ​ផ្ទះ​ដែល​អាចបង្កើត​ចំណូល សម្រាប់​ទ្រទ្រង់​ដល់​ការរស់នៅ​របស់ខ្លួន និង​គ្រួសារ​។​
 
២. ទីតាំង​
​អ្នក​ទាំងបី​មានគំនិត​ដូចគ្នា ចំពោះ​ការជ្រើសរើស​ទីតាំង​ផ្ទះ​។ ទីតាំង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាងគេ គឺ​នៅ​តំបន់​ទីប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​។ ចំណុច​នេះ មាន​លក្ខណៈ​ស្របគ្នា ទៅនឹង​ការចង់​ប្រកបមុខរបរ​រកស៊ី នៅតាម​គេហដ្ឋាន​របស់ខ្លួន ដោយសារតែ​វា​ជា​កន្លែង​ដែល​ងាយស្រួល សម្រាប់​អតិថិជន​ប្រើប្រាស់​សេវាកម្ម ឬ​ទំនិញ​។ បើទោះបី​ការទិញ មិន​សម្រាប់​ការធ្វើ​អាជីវកម្ម​ក៏ដោយ ពោលគឺ​ទិញ​ជា​កន្លែង​ស្នាក់នៅ​សុទ្ធសាធ ដើម្បី​ភាព​ឯកជន​ក៏ដោយ ក៏​ពួកគេ​នៅតែ​ចង់បាន​តំបន់​ទីប្រជុំជន ដោយសារតែ​គេ​ប្រើប្រាស់​សេវាកម្ម ឬ​ទំនិញ ដែល​ផ្តល់​ឲ្យ​ដោយ​អ្នក​នៅ​ជុំវិញ​បាន​យ៉ាង​ងាយស្រួល​។​ លោក បញ្ជាក់ថា លោក​បាន​ទិញ​ផ្ទះ​នៅ​តំបន់​ជ្រោយចង្វារ ដោយសារ​ទីនេះ ជាទី​ប្រជុំ​ល្អ​បំផុត នៅ​ជិត​ទីក្រុង និង​ងាយស្រួល​ធ្វើដំណើរ​។ 
 
៣. រចនាបថ​


 ដោយសារតែ​ប្រទេស​កម្ពុជា មាន​អ្នក​ដែលមាន​កម្រិតជីវភាព​មធ្យម​មាន​ចំនួន​ច្រើន ជាង​អ្នក​ដែលមាន​ជីវភាព​ខ្ពស់ ដូចនេះ​មនុស្ស​ភាគច្រើន ហាក់​មិនសូវ​ផ្តោត​សំខាន់​ដល់​រចនាបថ របស់​ផ្ទះ​ដែល​ពួកគេ​មានបំណង​ទិញ​នោះទេ ធ្វើ​យ៉ាង​ឲ្យ​តែ​ផ្ទះ​នោះ មាន​លក្ខណៈ​សមរម្យ និង​អាច​រស់​នៅបាន​។ ​អ្នកស្រី មិនា បាន​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់​មាន​លក្ខណៈសាមញ្ញ ប៉ុន្តែ​មាន​ភាពសមរម្យ​គ្រប់គ្រាន់​សម្រាប់​ការរស់នៅ​។ ចំណែក​កញ្ញា ហ៊ុយ​ហុង និយាយថា នាង​នឹង​ទិញ​ទៅតាម​លទ្ធភាព​សិន ហើយ​នៅពេល​មាន​លុយ ចាំ​តុបតែង​កែលម្អ​ឡើង​ថែមទៀត ឬ​ប្រហែល​ត្រូវ​ទិញ​ផ្ទះ​ថ្មី​មួយទៀត​។ 
 
៤. តម្លៃ និង​ការលក់ ឬ​ជួល​ត្រឡប់​វិញ​
 
​ជាធម្មតា មនុស្ស​ជាច្រើន​ចង់​ទិញ​ផ្ទះ ក្នុង​តម្លៃថោក​។ ចំពោះ​មនុស្ស​មួយចំនួន គេ​មិនសូវ​ចាប់អារម្មណ៍​លើ​តម្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​គេ​គិត​ខ្លាំង​ដល់​ឱកាស ដែល​គេ​អាច​ប្រកបមុខរបរ​រកស៊ី​បាន​។ ហ៊ុយ​ហុង និយាយថា​៖«​ខ្ញុំ​នឹង​ទិញ​ផ្ទះ​តម្លៃ​ពី ៥ ម៉ឺន ទៅ ៦ ម៉ឺន ដើម្បី​ទុក​រស់នៅ​ផង និង​រកស៊ី​ផង​»​។​
 
​ចំណែក​លោក រតនា បាន​មើលឃើញថា អ្នកខ្លះ​មានបំណង​ទិញ​ផ្ទះ​សម្រាប់​ទុក​លក់​យកចំណេញ ឬ​ជួល​បន្ត​។ ពាក់ព័ន្ធ​នឹង​តម្លៃ​នេះដែរ ក្នុងស្ថានភាព​បច្ចុប្បន្ន តម្លៃ​ផ្ទះ​មានការ​កើនឡើង​ខ្ពស់ ដែល​តម្រូវ​ឲ្យ​អ្នកទិញ ត្រូវមាន​ចំណូល​ខ្ពស់​គួរសម​ដែរ​។ តែ​ទោះជា​យ៉ាងណា ឥឡូវនេះ អ្នកទិញ​អាច​ទទួលបាន​ផ្ទះ តាមរយៈ​ការបង់​រំលស់ ជា​ដំណាក់កាល ដែល​ត្រូវបាន​គេ​មើលឃើញថា វា​ជា​វិធី​ដ៏​ល្អ​មួយ ដែល​ជួយ​សម្រួល​ដល់​អ្នក​ដែល​មិនមាន​លទ្ធភាព​ទាំងស្រុង​៕ 
 
​អត្ថបទ​ពាណិជ្ជកម្ម​
 

  

© រក្សាសិទ្ធិដោយ thmeythmey.com