ជាតិ
សង្គមជាតិ
ស្រី្ត​-​យុវជន ចាំបាច់​ត្រូវមាន​ការសម្រេចចិត្ត​ខ្លួនឯង ដើម្បី​ឈានទៅដល់​ភាពជោគជ័យ​ក្នុង​ជីវិត​
30, Jun 2019 , 10:12 am        
រូបភាព
​បាត់ដំបង​៖ ស្ត្រី និង​យុវជន ពិសេស​អ្នករស់នៅ​តាម​បណ្តា​ខេត្ត ត្រូវ​ហ៊ាន​គិត និង​សម្រេចចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​នោះ វា​នឹង​អាច​ផ្ដល់​ផល​ជោគជ័យ​តិច ឬ​ច្រើន​នៅក្នុង​ជីវិត​។ ហើយ​ការអនុវត្ត​គិតបែបនេះ គឺជា​លក្ខណៈ​មូលដ្ឋាន​នៃ​ភាពជា​អ្នកដឹកនាំ​ផងដែរ​។ នេះ​ជាការ​ជំរុញ​របស់​វាគ្មិន​ក្នុង​វេទិកា​សហគមន៍ ស្តីពី​«​ស្ត្រី និង​ភាពជា​អ្នកដឹកនាំ​»​កាលពី​ថ្ងៃទី​២៦ មិថុនា​។​
 
​ក្នុង​បរិវេណ​វត្ត​តា​លាស់​ថ្មី ភូមិ​ចុង​ប្រឡាយ ឃុំ​តា​លាស់ ស្រុង​មោងឫស្សី ខេត្តបាត់ដំបង អ្នកស្រី ប៊ិន បូ​ឡែ​ន អភិបាលស្រុករង​ស្រុក​មោងឫស្សី  បាន​និយាយថា ថ្វី​ដ្បិត​វាសនា បាន​កំណត់ឱ្យ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​រស់នៅ​សង្គម​ខុសគ្នា​ក៏ពិតមែន ប៉ុន្តែ​ភាពជោគជ័យ​របស់​មនុស្ស​ម្នាក់ៗ មិនបាន​ពឹង​ផ្អែកលើ​ព្រហ្ម​លិខិត ជា​អ្នកកំណត់​តាម​វាសនា​នោះទេ​។ 
 
​អ្នកស្រី បូ​ឡែ​ន បាន​ជំរុញ និង​លើក​ចិត្ត​ទឹក​ដល់​ស្ត្រី និង​យុវជន ពិសេស​ដែលមាន​ជីវភាព​រស់នៅ​ក្រីក្រ ត្រូវ​បណ្តុះ​គំនិត​គិតពិចារណា និង​ហ៊ាន​សម្រេចចិត្ត​ក្នុង​ការធ្វើ ដើម្បី​ភាពជោគជ័យ​រៀងៗ​ខ្លួន នាពេល​អ​នា​គត់ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ  និង​ចូល​អនុវត្ត​ផ្ទាល់​។ ជាពិសេស​បោះបង់ចោល​គំនិត​បែប​បុរាណ ដែល​ពឹង​ផ្អែកលើ​ព្រហ្ម​លិខិត​។​
  
‬អ្នកស្រី ប៊ិន បូឡែន អភិបាលស្រុករងស្រុកមោងឫស្សី

អភិបាលស្រុករង រូបនេះ បាន​ចែក​បទពិសោធន៍ និង​ភាពជោគជ័យ​របស់ខ្លួន ទៅកាន់​ស្ត្រី និង​យុវជន​ជាង​១០០​នាក់ ក្នុង​វេទិកា​ដូច្នេះ​ថា​៖«​ខ្ញុំ​ផ្ទាល់ អាចនិយាយបាន​ថា​កើតមក​ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​រស់នៅ​សមរម្យ ហើយ​បាន​រៀន​ចប់​អ្នក​ថ្នាក់​ទី​១២ នឹង​ប្រឡង​ជាប់​គ្រូម​ត្តេ​យ្យ​។ ការប្រឡង​ជាប់់​ជា​ភាពជោគជ័យ​របស់ខ្ញុំ ។​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា​អាចធ្វើ​អ្វី​ច្រើន​លើស​នេះ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​។ ខ្ញុំ​សម្រេចចិត្ត​បោះបង់​អាជីព​ជា​គ្រូ ហើយ​ការបន្ត​សិក្សា​ក្នុង​កម្រិត​បរិញ្ញាបត្រ តាមរយៈ​ការទទួល​អាហារូបករណ៍ ហើយ​ខិតខំ​រៀនសូត្រ និង​ធ្វើ​ការងារ​ណា​ដែល​ជួយ​ដល់​សង្គម ក្នុង​ខេត្តបាត់ដំបង រហូត​បាន​តួរ​នាទី​សព្វថ្ងៃ ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​»​។ 
 
​ជាការ​ពិត​ភាពជោគជ័យ​របស់​មនុស្ស​ម្នាក់ៗ គឺមាន​លក្ខណៈខុសៗ​គ្នា ដែល​កើតចេញពី​ការសម្រេចចិត្ត និង​ចំណង់​ចំណូលចិត្ត​នៃ​ការធ្វើ​អ្វីមួយ​។ នេះ​ជា​លើកឡើង​របស់ កញ្ញា យ៉ាង លា​ភា មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។ កញ្ញា បាន​និយាយថា ជំហាន​ដំបូង​យុវជន​ត្រូវ​សម្រេចចិត្ត និង​ធ្វើឱ្យបាន​នោះ គឺ​ការខិតខំ​រៀនសូត្រ ឱ្យ​ក្លាយជា​សិស្ស​ពូកែ ក្នុង​សាលារៀន និង​ក្លាយជា​ធនធាន​ល្អ​ក្នុងសង្គម​។ 
 
​បើតាម​កញ្ញា លា​ភា ការរៀនសូត្រ​ឱ្យក្លាយ​ជា​សិស្ស​ពូកែ ជា​អាទិភាព​ទីមួយ​នៃ​ភាពជោគជ័យ ព្រោះ​កាលណា សិស្ស​ម្នាក់ៗ​មាន​សមត្ថភាព​ក្នុង​ថ្នាក់មូលដ្ឋាន​ហើយ  វា​នឹង​ក្លាយជា​ស្ពាន​ចម្លង​មួយ​យ៉ាង​ធំ ពី​ស្ថានភាព​ក្រីក្រ​ក្នុង​គ្រួសារ​មួយ ទៅកាន់​ជីវភាព​សមរម្យ​តាមរយៈ​ចំណេះដឹង​នេះ​។​
   
កញ្ញា យ៉ាង លាភា មន្ត្រីកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា

«​ឆ្លងកាត់​បទពិសោធន៍​ផ្ទាល់ខ្លួន ខ្ញុំ​ជា​កូនស្រី​ពៅ​នៅក្នុង​គ្រួសារ ដោយ​បងប្រុស​របស់ខ្ញុំ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ ត្រូវបាន​ឪពុក​-​ម្តាយ​ខ្ញុំ​បញ្ជូន​ឱ្យទៅ​សិក្សា​បន្ត​នៅ​ភ្នំពេញ​។ ដោយឡែក​សម្រាប់​ខ្ញុំ​ទំរាំ បាន​សិក្សា​បន្ត​នៅ​ភ្នំពេញ គឺ​ត្រូវខិតខំ​ស្វែងរក​កន្លែង​ស្នាក់នៅ កន្លែង​ហូបចុក និង​កន្លែង​សិក្សា ដែល​មិន​អស់ប្រាក់​ដោយ​ខ្លួន ព្រោះ​ឪពុក​-​មា្ត​យ​ខ្ញុំ បាន​និយាយថា គាត់​គ្មាន​លទ្ធភាព​ឱ្យ​ខ្ញុំ​សិក្សា​បន្ត​នៅ​ភ្នំពេញ​ទេ​។ ហើយ​ការទទួលបាន​កន្លែង​ស្នាក់នៅ កន្លែង​ហូបចុក និង​កន្លែង​សិក្សា ដោយ​ឥតគិតថ្លៃ​នេះ គឺ​បាន​ពី​លទ្ធផល នៃ​ការខិតខំ​សិក្សា​របស់ខ្ញុំ​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា លា​ភា​។ 
 
​ក្រៅពី​មានការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ក៏ត្រូវ​ទាមទារ​រកហេតុ​ផល និង​លទ្ធផល​ជាក់ស្តែង​សមរម្យ​ណាមួយ ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​រស់នៅ​ជុំវិញខ្លួន​បានឃើញ​និង​ទទួលយក​ដោយ​ការពេញចិត្ត​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ DJ NANA​។  
   
‬DJ NANA

DJ NANA បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុងនាម​យើង​ស្ថិតនៅក្នុង​បន្ទុកគ្រួសារ បើ​យើង​សុំ​ឪពុក​-​ម្តាយ​ធ្វើ​ការងារ​អ្វីមួយ ឬ​ទិញ​សម្ភារ​មានតម្លៃ​ណាមួយ យើង​គួរ​ណាស់ ព្យាយាម​ហេតុផល​ពី​គុណសម្បត្តិ និង​អត្ថប្រយោជន៍​ជុំវិញ​ការសម្រេចចិត្ត​របស់​យើង ដែល​ពួកគាត់​មិន​យល់ ឬុ​មើលមិនឃើញ​។​ក្រៅពី​និយាយ​ពី​គុណសម្បត្តិ​ទាំងនោះ យើង​ត្រូវអនុវត្ត​ឱ្យ​ឪពុក​-​ម្តាយ​របស់​យើង មើលឃើញ​និង​ទទួលបាន​លទ្ធផល​ជាក់ស្តែង នៃ​សម្រេច​របស់​យើង​ដែរ​»​។​
 
​អ្នកជំនាញ​ខាង​ដោះស្រាយ​បញ្ហា​ស្រី្ត និង​យុវជន​រូបនេះ បាន​បញ្ជាក់ថា កាលណា​មនុស្ស​ម្នាក់ៗ មុននឹង​សម្រេចចិត្ត​ធ្វើ​មួយ​អ្វី ដែលមាន​ការសិក្សា​និង​ស្វែងរក​ហេតុផល​ត្រឹមត្រូវ​ដែលជា​ប្រយោជន៍​ខ្លួនឯង ប្រយោជន៍​គ្រួសារ  និង​ប្រយោជន៍​សង្គមជាតិ​ឱ្យបាន​កាន់តែច្រើន នោះ​ជោគជ័យ​ក្នុង​ជីវិត​នឹង​ទទួល​កាន់តែ​ប្រសើរ​៕
 
 
 

Tag:
 យុវជន​
  ស្ត្រី​
  ភាពជា​អ្នកដឹកនាំ​
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com