អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រវត្តិសាស្ត្រ​! លោក ត្រាំ ចាប់ដៃ​លោក គីម នៅ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​
30, Jun 2019 , 1:49 pm        
រូបភាព
​ជា​ប្រវត្តិសាស្ត្រ​ថ្មី​! នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជាង​ពីរ​។ នេះ​ជាការ​លើក​ជួប​មុខ​លើក​ទី​បី​របស់​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ហើយ​កើតឡើង​ស្រប​ពេលដែល​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​កំពុង​ជាប់គាំង​។​

 
​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​ដើម្បី​ជួបគ្នា​មែន​។ លោក ត្រាំ បាន​ផ្ញើ​សារ​អញ្ជើញលោក គីម អំឡុងពេល​ស្នាក់នៅ​ទឹកដី​ជប៉ុន​នៅឡើយ​។ ប៉ុន្តែ​លោក ត្រាំ មិន​ចាត់ទុក​ការជួបគ្នា​នេះ ជា​ជំនួប​កំពូល​ឡើយ តែ​ជាការ​ចាប់ដៃ​ប៉ុណ្ណោះ​។​
 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន នៅក្នុងទឹកដីកូរ៉េខាងជើងនៃតំបន់គ្មានយោធាខណ្ឌចែកឧបទ្វីបកូរ៉េ។
 
​លោក ត្រាំ និង​លោក គីម បាន​ចាប់ដៃ​ស្វាគមន៍​គ្នា​នៅ​តំបន់​ព្រំដែន​ដែល​បែង​ចែង​ទឹកដី​កូរ៉េ​ជា​ពីរ​ក្នុងភូមិ​ប៉ាន់​មុន​ជុម​។ ក្រោយចាប់ដៃគ្នា លោក គីម ក៏អញ្ជើញលោក ត្រាំ ឆ្លងខ្សែយោធាដែលចែកឧបទ្វីបកូរ៉េ ហើយលោក ត្រាំ ក៏យល់ព្រម។ ដូចនេះ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកក្នុងតំណែងទីមួយហើយដែលជាន់ទឹកដីកូរ៉េខាងជើង។
 
​ដំណើរ​ទៅ​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ទឹកដី​កូរ៉េ​ជា​ពីរ​របស់លោក ត្រាំ ធ្វើឡើង​បន្ទាប់ពី​លោក​ខកខាន​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ឆ្នាំ​២០១៨ ដែល​កាលនោះ​អ​ព្ទ​ធ្លាក់​ខ្លាំងពេក​។ លោក ត្រាំ អមដំណើរ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ប៉ុន្តែ​លោក មូ​ន មាន​វត្តមាន​នា​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ឡើយ​។​
 
​មុន​ជំនួប​ជាមួយ​លោក គីម លោក ត្រាំ និង​លោក មូ​ន បាន​ឡើងទៅ​ទស្សនា​ទិដ្ឋភាព​កូរ៉េខាងជើង​ពីលើ​ប៉ុស្តិ៍​អង្កេត​មួយកន្លែង​នៃ​ប៉ែក​ខាងត្បូង​ខ្សែ​កំណត់ព្រំដែន​។ តំបន់​គ្មាន​យោធា​នេះ ត្រូវបាន​ចាត់ទុកជារ​នាំ​ង​ចុងក្រោយ​នៃ​សង្គ្រាមត្រជាក់​ដែល​បន្សល់ទុក​ដល់​សព្វ​ថ្ងៃ​៕ 

 

© រក្សាសិទ្ធិដោយ thmeythmey.com