កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ស៊ុយអែតទម្លាក់អាល្លឺម៉ង់ ដើម្បីទៅជួបហូឡង់ដែលឈ្នះអ៊ីតាលីនៅវគ្គ១/២
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែតនារីបានវាយបកយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ដើម្បីឈានទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩ ដោយត្រូជួបហូឡង់ដែលទម្លាក់អ៊ីតាលីដោយលទ្ធផល ២-០។
នាការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៩ ខែមិថុនា អាល្លឺម៉ង់បានបើកការនាំមុខមួយគ្រាប់មុនដែលធ្វើបានដោយខ្សែបម្រើ Lina Magull នៅនាទី១៦ មុនពេលខ្សែប្រយុទ្ធ Sofia Jakobsson ស៊ុតគ្រាប់តាមស្មើឲ្យស៊ុតអែតវិញនៅ៦នាទីបន្ទាប់។ លទ្ធផល ១-១ បានបន្តរហូតដល់ចប់តង់ទី១តែម្តង។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៣នាទី ខ្សែប្រយុទ្ធ Stina Blackstenius បានស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ស៊ុយអែតយកឈ្នះក្រុមរហស្សនាមឥន្ទ្រីដែកដើម្បីបន្តទៅកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្នែកនារីដែលបារាំងធ្វើម្ចាស់ផ្ទះឆ្នាំ២០១៩នេះ។
ចំណែកមួយគូទៀតដែលលេងនៅវគ្គ៨ក្រុមចុងក្រោយនេះដែរ ក្រុមនារីហូឡង់បានយកឈ្នះអ៊ីតាលីដោយលទ្ធផល ២-០ តែម្តង ដែល២គ្រាប់នេះធ្វើបានដោយកីឡាការិនី Vivianne Miedema និង Stefanie Van der Gragt។
ជ័យជម្នះនេះបាននាំឲ្យក្រុមរហស្សនាមទឹកក្រូចបន្តជួបគ្នាជាមួយស៊ុយអែតនៅវគ្គ៤ក្រុមចុងក្រោយ។ អង់គ្លេស និងអាមេរិកក៏ត្រូវជួបគ្នានៅវគ្គនេះដូចគ្នា ដើម្បីរកពីរក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
លើសពីនេះទៀត ក្រុមទាំង៤ខាងលើរួមមានអាមេរិក ហូឡង់ ស៊ុយអែត និងអង់គ្លេស ដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក៏ទទួលបានកៅអីដោយស្វ័យប្រវត្តិទៅលេងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ផងដែរ។ អង់គ្លេស នឹងត្រូវតំណាងឲ្យចក្រភពអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com