អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ត្រឡប់ ១៨០ ដឺ​ក្រេ​ដោយ​អនុញ្ញាត​ឲ្យ​មានការ​រកស៊ី​ជាមួយ Huawei វិញ​
30, Jun 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
៦​សប្តាហ៍ ក្រោយពី​ក្រុមហ៊ុន​ចិន Huawei ត្រូវបាន​ក្រុង​វ៉ាស៊ីនតោន​ដាក់​ប​ញ្ចូ​ន​ក្នុង​បញ្ជីខ្មៅ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ បាន​កាច់ចង្កូត​១៨០​ដឺ​ក្រេ​ចំពោះ​ទណ្ឌ​កម្មនេះ ដោយ​ប្រកាស​ដកហូត​វិញ​។ បន្ថែម​ពីនេះ​សំណុំរឿង Huawei នេះ ភាគី​ចិន និង​អាមេរិក ក៏បាន​ឯកភាព​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម និង​ផ្អាក​ការដំឡើង​ពន្ធ​ទៅមក​ថ្មីៗ​ផ្សេងទៀត​ផងដែរ ដើម្បី​ទុកពេល​រក​ច្រក​ដោះស្រាយ​ជម្លោះ​។

 
​ពី​ប្រទេស​ជប៉ុន នៅ​ជំនួប​កំពូល G២០ នៅ​ថ្ងៃ​សៅរ៍​ទី ២៩ មិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា ក្រុមហ៊ុន​អាមេរិក​នានា អាច​លក់​សម្ភារ​របស់​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei បាន ។ ត្រង់ចំណុច​នេះ មេដឹកនាំ​វ័យ ៧៣​ឆ្នាំ​រូបនេះ ការអនុញ្ញាត​ឲ្យ​មានការ​ដោះដូរ​អាជីវក​ម្ម​គ្នា​នេះ នឹងមិន​ប៉ះពាល់​ដល់​បញ្ហា​អាសន្ន​ជាតិ និង​បញ្ហា​ធំធេង​ណាមួយ​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​អាមេរិក CNN លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ទៀតថា បញ្ហា Huawei នៅតែ​ជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ប៉ុន្តែ​ខណៈពេល​នេះ លោក នឹង​ចេញ​បញ្ជា​ឲ្យ​បន្ត​ការធ្វើ​អាជីវកម្ម​ឡើងវិញ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​និង​ក្រុមហ៊ុន​ចិន​។  
 
​ទោះជា​បែបនេះ​ក្តី ភ្លាមៗ​នេះ គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​រដ្ឋបាល​អាមេរិក​នឹង​ចាត់វិធានការ​បែបណា​នៅឡើយ​ទេ ក្នុងការ​ដកហូត​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន​នេះ ។ យោងតាម​កាសែត The Washington Post លោក ត្រាំ បាន​លើកឡើងថា លោក​នឹង​ទៅ​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​អាមេរិក ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ក្រុមហ៊ុន Huawei ប៉ុន្តែ​សង្កត់ធ្ងន់ថា ពួកគេ​ពុំទាន់​បង្កើត​ការសម្រេច​ចិត្តជា​ផ្លូវការ​ក្នុង​ដកហូត​ការ​រឹតត្បិត​នេះ​នៅឡើយ​ទេ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ បើតាម​កាសែត The Wall Street Journal លោក ត្រាំ បង្ហើប​ឲ្យ​ដឹងថា ប្រទេស​ទាំងពីរ នឹង​ទុក​រឿង Huawei នេះ រហូតដល់​បញ្ចប់​នៃ​កិច្ចចរចា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។ 
 
​ការប្រកាស​របស់លោក​ដូ​ណា​ល់ ត្រាំ ធ្វើឡើង​ក្រោយពី​បាន​ជួបពិភាក្សា​ស៊ីជម្រៅ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​។ មហាអំណាច​ពិភពលោក​ទាំងពីរ ដែល​កំពុង​ប្រឈមមុខគ្នា​នៅក្នុង​ប​ញ្ហ​ជម្លោះ​ពាណិជ្ជ​កម្មនេះ បាន​ជជែក​ពី​បញ្ហា​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ចិន Huawei ដែលជា​ចំណុចក្តៅ​ក្នុង​សម​ភូមិ​ដ៏​ក្តៅគគុក​នេះ​។ 
 
​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៦ ខែឧសភា បានប្រកាស​អាសន្ន​ជាតិ​លើ​វិស័យ​គមនាគមន៍ ដោយ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ពី​ការប្រើប្រាស់​សម្ភារ​គមនាគមន៍​បរទេស​នានា ដែល​រដ្ឋបាល​លោក​ចាត់ទុកថា បង្ក​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ចំណាត់ការ​ថ្មី​នេះ ទំនងជា​សំដៅលើ​ក្រុមហ៊ុន​យក្ស​ចិន Huawei ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការធ្វើ​ចារកម្ម​។​
 
អត្ថបទទាក់ទង
 
 
៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​បទបញ្ជា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Google បាន​កាត់ផ្តាច់​អាជីវកម្ម​មួយចំនួន ជាមួយ​ក្រុមហ៊ុន​ទូរ​សព្ទ​ចិន Huawei ជាពិសេស ផ្នែក​នៃ​ការដំឡើង​កម្មវិធី​សំខាន់​មួយចំនួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ គេ​ព្យាករ​ថា អនាគត​នៃ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ចិន Huawei ជំនាន់​ថ្មី ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​បាត់បង់​សេវាកម្ម​ពេញនិយម​មួយចំនួន រួមមាន Google Play Store, Gmail, Chrome browser​និង YouTube ជាដើម​។​
 
​យ៉ាងណាមិញ រឿងហេតុ​នៅ​ពុំទាន់​ចប់​។ ក្រសួងពាណិជ្ជកម្ម​អាមេរិក កាលពី​ថ្ងៃទី​២០ ខែឧសភា បានសម្រេច​ពន្យារពេល​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei សម្រាប់​រយៈពេល ៩០​ថ្ងៃ ដោយ​លើក​ហេតុផល​ថា  ការអនុគ្រោះ​នេះ មាន​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ភ្លាមៗ​ពេក លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​អាមេរិក​។ តួយ៉ាង ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក បាន​លក់​ផ្នែក Hardware ដូចជា Chip ជាដើម ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ Huawei ដែល​ប៉ាន់​ស្មានជា​ទឹកប្រាក់​ចំនួន ១១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨៕
 
 
  
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com