ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
ល្ខោននិយាយ​រឿង “​ម្នាក់ឯង​ជាថ្មី​” នាំ​ស្ត្រី​ឱ្យ​ចេះ​ទីពឹង​ខ្លួនឯង​
30, Jun 2019 , 3:20 pm        
រូបភាព
ភ្នំពេញៈ ល្ខោននិយាយ​រឿង “​ម្នាក់ឯង​ជាថ្មី​” និយាយ​ពី​គ្រួសារ​មួយ​ដែល​ភរិយា​មិន​ទទួលបាន​ការឱ្យ​តម្លៃ និង​យកចិត្តទុកដាក់​ពី​ប្ដី បានបង្ហាញ​ឱ្យ​ទស្សនិកជន ឃើញ​ពី​ការលះបង់ និង​ការ​ស៊ូទ្រាំ​របស់​ស្ត្រី​ដើម្បី​គ្រួសារ​និង​កូន​។ នៅ​ទីបំផុត​នៃ​រឿង អ្នកនិពន្ធ​បានបញ្ចប់​ដោយ​ឱ្យ​ភរិយា​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​ស្វាមី​។ អ្នកស្រី ឆុន ស៊ីណា ដែលជា​ម្ចាស់​ស្នាដៃ អះអាងថា​ការបញ្ចប់​រឿងនេះ បង្ហាញ​ពី​ការរើបំរាស់​ចេញពី​អន្តកម្ម​។


​ដើម្បី​ដឹង​ពី​សាច់រឿង​កាន់តែច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
«​ខ្ញុំ​បានឃើញ​ការរស់នៅ​របស់​ស្ត្រី​នៅពេល​បច្ចុប្បន្ន ភាគច្រើន​គាត់​បាន​ជួបប្រទះ​នឹង​វិបត្តិ​ជាមួយ​ស្វាមី​។ ក្នុងនាម​ខ្ញុំ​ជា​សិល្បករ​ម្នាក់ ខ្ញុំ​មិនអាច​ជួយ​អ្វី​គាត់​ទេ តែ​ខ្ញុំ​មានលទ្ធភាព​ជួយ​គាត់​តាមរយៈ​ការសរសេរ​រឿង​។ ខ្ញុំ​គិតថា​នៅពេលដែល​គាត់​មើល​រឿង​នេះហើយ ទាំង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស គឺ​គាត់​និង​យកទៅ​ពិចារណា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឆុន ស៊ីណា​។​
​ក្នុង​ឆាក​សម្ដែង​មួយ​ដែលមាន​ទីតាំងនៅ​ខាងក្រោយ​បរិវេណ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែលជា​ឆាក​សម្ដែង​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​រៀនចំការ​សម្ដែង​ល្ខោននិយាយ ក្រោម​ចំណងជើង​ថា “​ម្នាក់ឯង​ជាថ្មី​”​។ ខុសពី​ការសម្ដែង​សព្វដង​ដែល​មិនសូវមាន​អ្នក​ចូល​ទស្សនា  លើក​នេះ​មាន​ទាំង​យុវជន សិស្ស​និស្សិត រួមទាំង​មនុស្ស​វ័យ​ចំណាស់​មក​គាំទ្រ​ផង ដោយមាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់​។ “​ម្នាក់ឯង​ជាថ្មី​” គឺជា​ប្រភេទ​ល្ខោននិយាយ​លើ​ឆាក់​។ សាច់រឿង​បង្ហាញ​ពី​ជីវភាព​រស់នៅ របស់​គ្រួសារ​មួយចំនួន​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​។

 
​ភរិយា​ខំ​ថែរក្សា​ផ្ទះ ថែរក្សា​កូន និង​ខំ​បិទ​ភ្នែក បិទ​ត្រចៀក ព្រោះ​សង្ឃឹមថា​ប្ដី​នឹង​យល់​ពី​តម្លៃ​នៃ​សុភមង្គល​គ្រួសារ ហើយក៏​មិន​ចង់​មាន​ឈ្មោះថា​ជា​ស្ត្រី​មេម៉ាយ​ដែរ​។ ប៉ុន្តែ​ទីបំផុត​ទៅ នាង​ក៏​ដើរ​ដល់​ផ្លូវ​ទាល់ ព្រោះ​មិនអាច​បន្តជីវិត​ដ៏​អួរ​អាប់​តទៅទៀត​។  នេះ​ជា​ខ្លឹមសារ​រួម​នៅក្នុង​ល្ខោននិយាយ ដែលមាន​រយៈពេល​មួយ​ម៉ោង​នោះ​។ 
 
​ដើរ​តម្រង់​ទៅ​កន្លែង​ទទួល​សំបុត្រ​សម្រាប់​ការ​ទស្សនា​ល្ខោននិយាយ​រឿង​ថ្មី ក្រោយពី​មើល​ការសម្ដែង​ចប់ ក​ញ្ញ ពិសី ដែលមាន​អាយុ​១៧​ឆ្នាំ បាន​សរុប​ជារួម​ថា​រឿងនេះ​បានផ្ដល់​គតិ​ពិចារណា​ច្រើន​ដល់​នាង​។ ទើបតែ​បាន​មើលល្ខោន​និយាយ​២​ដង ពិសី បញ្ជាក់​ក្រោយ​ការគិត​របស់ខ្លួន ៖«​រឿងនេះ​មានតម្លៃ​អប់រំ​ច្រើន ដោយបាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​ម្ដាយ​ចំពោះ​កូន​និង​ប្ដី​។ ខ្ញុំ​គិតថា​បើ​ប្ដី​អស់ចិត្ត​ពី​យើង​ហើយ យើង​ក៏​អាច​រស់​ដោយ​ទីពឹង​ខ្លួនឯងបាន​»​។ 
  
 
​ជា​អ្នកនិពន្ធ​សាច់រឿង​អ្នកស្រី ឆុន ស៊ីណា បានបញ្ជាក់​ពី​គោលបំណង​ដែល​អ្នកស្រី​បញ្ចប់រឿង​ដោយ​ឱ្យ​តួ​ស្រី​សម្រេចចិត្ត​ដើរ​ផ្លូវបំបែក​៖«​ខ្ញុំ​បញ្ចប់រឿង​ដោយ​ឱ្យ​ប្រពន្ធ​លែងលះ​ជាមួយ​ប្ដី ដើម្បីឱ្យ​ស្ត្រី​គ្រប់គ្នា​បញ្ឈប់​ភាពទន់ខ្សោយ ឱ្យមាន​ភាពរឹងមាំ​នឹង​ទទួលខុសត្រូវ​ទៅលើ​ខ្លួនឯង​។ បើ​និយាយ​ពី​យេនឌ័រ មនុស្ស​ស្រី​និង​ប្រុស​មាន​សិទ្ធ​ស្មើគ្នា​។ មនុស្ស​ស្រី​មិនអាច​នៅ​ទ្រាំ​នឹង​ទង្វើ​ដែល​មនុស្ស​ប្រុស​ធ្វើ​ខុស​ម្ដង​ហើយ​ម្ដងទៀត ហើយ​យើង​នេះ​តែ​អនុគ្រោះ​ឱ្យ​គាត់​នោះទេ​។ ដូច្នេះ​យើង​ត្រូវតែ​សម្រេចចិត្ត​ដោយ​ភាពរឹងមាំ​របស់​យើង​»​។ 
  
 
​សម្រាប់​អ្នកទស្សនា​មួយរូប​ទៀត​ដែល​កំពុង​ឈរ​ជជែក​គ្នា ក្រោយពី​មើល​រឿង​ចប់ នោះ​គឺ​លោក ច​យ សុ​ខេន​។ មាន​អាយុ ២១​ឆ្នាំ​មកពី​ខេត្តមណ្ឌលគិរី បុរស​ដែល​ឆ្លៀតពេល​ទំនេរ​បន្តិច​ប​ន្ទួ​ច​របស់ខ្លួន ទៅ​រៀន​ល្ខោននិយាយ​នោះ ថា​រឿងនេះ​ធ្វើឱ្យ​លោក​បានឃើញ​ពី​សោកនាដកម្ម​ក្នុង​គ្រួសារ ដែលមាន​ប្ដី​ចិត្ត​២ ៖«​រឿងនេះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​កម្សត់​ទៅតាម​តួ​។ ប្ដី​ធ្វើបាប​ប្រពន្ធ គឺជា​គំរូ​មិនល្អ​របស់​ប្ដី​។ ទង្វើ​របស់​ប្ដី​ធ្វើឱ្យប៉ះពាល់​ទាំង​ប្រពន្ធ​របស់ខ្លួន និង​នារី​ម្នាក់ទៀត​។ មនុស្ស​ប្រុស​អាង​ខ្លួន​មាន​ប្រាក់ ហើយ​ទៅធ្វើ​បែបនេះ​គឺ​មិនមាន​សេចក្ដីថ្លៃថ្នូរ​ក្នុង​ខ្លួន​ឡើយ​»​។ 
  
 
​អ្នកស្រី ស៊ីណា ដែលមាន​ឈ្មោះ​ជាយា​យ​ទៅហើយនោះ បានបង្ហាញ​ឱ្យ​ស្ត្រី​គ្រប់រូប​ឃើញថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការមើល​ខុសត្រូវ​ជីវិត​ខ្លួនឯង បើសិនជា​នាង​មិនមាន​ប្ដី​។ ទោះជា​យ៉ាងណា​នៅក្នុង​សាច់រឿង អ្នកនិពន្ធ​ក៏បាន​រំលេច​ឱ្យឃើញ​ពី​ការអត់ធ្មត់​របស់​ស្ត្រី​ជា​ម្ដាយ មុននឹង​សម្រេចចិត្ត​ឱ្យ​កូន​របស់ខ្លួន​កំព្រា​ឪពុក​ដែរ​៖«​ក្នុង​រឿង​របស់ខ្ញុំ មនុស្ស​ស្រី​ម្នាក់​នោះ ក៏​គាត់​មិនមែន​មិនមាន​ចំណេះវិជ្ជា​ដែរ ហើយ​នៅពេលដែល​គាត់​បោះបង់​ប្ដី គាត់​ក៏​អាចមាន​ការងារ​ធ្វើ​ចិញ្ចឹម​កូន​និង​ខ្លួនឯងបាន​។ ក្នុង​រឿង​ក៏បាន​និយាយថា​ស្ត្រី​ខ្មែរ មិន​ចង់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ដែរ តែ​អ្វីដែល​នាង​តស៊ូ​មិនបាន​នាង​ត្រូវតែ​សម្រេចចិត្ត​ក្លាយជា​ស្ត្រី​មេម៉ាយ​។ បើទោះបីជា​រស់នៅ​ជាមួយគ្នា​ក៏ដោយ បើ​ប្ដី​នោះ​មិនមាន​ការទទួលខុសត្រូវ ខ្ញុំ​ធ្វើឱ្យ​ស្ត្រី​នោះ​ត្រូវ​រឹងមាំ​ខ្លួនឯង​»​។ 
 
​ដូចគ្នា​ដែរ​លោក សុ​ខេន ដែល​នឹង​ក្លាយជា​គ្រូ​ថ្នាក់​អនុវិទ្យាល័យ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខនេះ បាន​បញ្ចេញ​មតិយោបល់​ថា​៖«​បុរស​មាន​ប្រពន្ធ​មួយ​គឺ​ល្អ​បំផុត​ហើយ​»​។​
​ទោះជា​យ៉ាងណា អ្នកនិពន្ធ​ដែលជា​គ្រូ​ផ្នែក​ល្ខោននិយាយ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​រូបនេះ ថា​កំហុស​ដែល​កើតឡើង​ដដែលៗ មិនមែនជា​រឿង​សាមញ្ញ ដែល​ត្រូវ​លើក​លែងឱ្យ​គ្រប់ពេល​នោះឡើយ​។ អ្នកស្រី​បញ្ជាក់​ទាំង​សម្ដី​ដាច់អហង្ការ ៖«​ខ្ញុំ​សូម​អភ័យទោស​ដែរ ដែល​ប្រាសចាក​ពី​ទំនៀមទម្លាប់​ខ្មែរ​។ ពី​ដើម​ស្ត្រី​ខ្មែរ​មិន​ងាយ​បោះបង់ចោល​ប្ដី​ទេ ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ននេះ​ខុសគ្នា​។ មនុស្ស​ពីរ​នាក់​បើ​មិនអាច​ស៊ូទ្រាំ​រស់នៅ​ជាមួយគ្នា​បាន ត្រូវតែ​ចែកផ្លូវ​គ្នា​។ ទោះបី​ប្ដី​ដឹង​កំហុស​ក៏ដោយ តែ​ប្ដី​នោះ​តែងតែ​ធ្វើ​ខុស​ដដែលៗ ដូច្នេះ​មិនអាច​អនុគ្រោះ​ឱ្យ​គាត់​បាន​ទៀត​ទេ គឺ​ត្រូវតែ​បញ្ចប់​តែត្រឹម​នេះ​»​។​
 
​អ្នកនិពន្ធ​រាង​មិនសូវ​ស្គម​និង​មិនសូវ​ខ្ពស់​រូបនេះ ទទួលស្គាល់ថា​ល្ខោននិយាយ​ដែល​អ្នកស្រី​បាន​តាក់តែងឡើង​នេះ គឺ​ស្រង់​ចេញពី​ជីវិត​គ្រួសារ​របស់​អ្នកស្រី និង​ជីវិត​ពិត​របស់​ប្រជាជន​ខ្មែរ​ទូទៅ ៖«​ស្រីៗ​ភាគច្រើន​បាន​ជួប​រឿង​បែបនេះ​។ មានតែ​សាច់រឿង​នេះហើយ ដែល​អប់​រំជា​ប្រយោល​»​។​
 
​ចំណែក​កញ្ញា ក្រួច ចន្ទ​វ​ត្ដី​ស្រី​វ​ល័​ក្ស ដែលជា​តួ​សម្ដែង​ឯក​ក្នុង​ល្ខោននិយាយ​រឿង “​ម្នាក់ឯង​ជាថ្មី​” នេះ ថា​ទីផ្សារ​សម្ដែង​ល្ខោននិយាយ​ពិតជា​ចង្អៀត​។ តែ​ទោះជា​យ៉ាងណា នារី​វ័យ ២៣​ឆ្នាំ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​រូបនេះ នៅតែ​មិន​អស់សង្ឃឹម​ក្នុងការ​ប្រមូលផ្ដុំ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​ល្ខោននិយាយ​នៅតែមាន​ជីវិត ៖«​ជាក់ស្ដែង​ទីផ្សារ​សម្រាប់​ល្ខោននិយាយ​ចង្អៀត​បន្តិច ព្រោះ​ជា​ប្រភេទ​ល្ខោន​បុរាណ​ដែល​មិនសូវមាន​អ្នក​ស្គាល់​។ សព្វថ្ងៃនេះ​ពួក​ខ្ញុំ​កំពុងតែ​ព្យាយាម​រក​ទីផ្សារ​ដើម្បី​លើ​កម្ពស់​ផ្នែក​ល្ខោននិយាយ​កុំឱ្យ​បាត់បង់​។ បច្ចុប្បន្ននេះ​កំពុងតែ​ចង់​បាត់បង់​ទៅហើយ​។ ទាំង​លោកគ្រូ អ្នកគ្រូ និង​ខ្ញុំ​តែងតែ​ខំ​រករឿង​ដើម្បី​មក​សម្ដែង​នៅ​សារមន្ទីរ​និង​នៅក្នុង​មហោស្រព​នានា ដើម្បី​ឱ្យគេ​បាន​ស្គាល់​ច្រើន​»​។ 
  
 
​ជា​គ្រូ​មួយរូប​ដែល​កាន់តែ​ធ្លាក់ចុះ​សិស្ស​មក​រៀន​ជំនាញ​ល្ខោននិយាយ អ្នកស្រី ស៊ីណា បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន ទាំង​ទឹកមុខ​ស្រពោន ៖«​ទស្សនិកជន​ដែល​មក​ទស្សនា​នៅទីនេះ សូមជួយ​ផ្សព្វផ្សាយ និង​ទ្រទ្រង់​ល្ខោននិយាយ​ផង​។ ខ្ញុំ​មានការ​ព្រួយបារម្ភ ព្រោះ​ល្ខោននិយាយ​នេះ​ស្ទើរតែ​បាត់បង់​ខ្លាំង​មែនទែន​។ ជំនាញ​របស់ខ្ញុំ​នេះ​មិនសូវមាន​សិស្ស​ទេ​។ នៅ​សាលា​មធ្យម ខ្ញុំ​មានតែ​សិស្ស​ប្រហែលជា​១០​នាក់​ប៉ុណ្ណោះ​»​។​
 
​អ្នក​សម្ដែង​វ័យក្មេង ចន្ទ​វ​ត្ដី​ស្រី​វ​ល័​ក្ស ក៏បាន​បន្ថែម​ទាំង​ការ​មាន​កម្លាំងចិត្ត ៖«​ខ្ញុំ​មក​សម្ដែង​នៅ​សារមន្ទីរ​នេះ​ច្រើនដង​ហើយ តែ​លើក​នេះ​មាន​អ្នកចូលរួម​ច្រើនជាងគេ ហើយ​នេះ​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​សម្ដែង​។ ខ្ញុំ​ធ្លាប់មាន​ការបាក់​ទឹកចិត្ត ព្រោះតែ​សិល្បៈ​នេះ​មិនសូវមាន​អ្នក​ស្គាល់​។ ប៉ុន្តែ​ពួកគាត់​មិនសូវ​ស្គាល់​ព្រោះតែ​ការផ្សព្វផ្សាយ​នោះ​មិនសូវមាន​។ ខ្ញុំ​គិតថា​ដើម្បី​ឱ្យគេ​ស្គាល់ ទាល់តែ​យើង​សម្ដែង​ឱ្យបាន​ច្រើន​»​។​
 
​ភ្នែក​មើលទៅ​អ្នកទស្សនា​ដែល​កំពុង​ដើរ​ចេញពី​រោង​សម្ដែង និង​ខ្លះ​ឈរ​ជជែក​គ្នា គ្រូបង្ហាត់​ល្ខោននិយាយ​លើ​ឆាក​រូបនេះ ថា​យុវជន​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​សិល្បៈ​បុរាណ​ដែល​ហៀបនឹង​អស់ខ្យល់​ដង្ហើម​មួយ​នេះ ៖«​មានតែ​កម្លាំង​យុវជន​ទេ ដែល​អាចជួយ​ផ្សព្វផ្សាយ​។ សម្រាប់​ខ្ញុំ​អាចធ្វើ​បានត្រឹមតែ​ការសម្ដែង​ប៉ុណ្ណោះ​»​។
 
​ស្ត្រី​ដែល​បាន​លះបង់​ពេលវេលា​ដើម្បី​សិល្បៈជាតិ​រូបនេះ ថា​គុណ​តម្លៃ​របស់​ល្ខោននិយាយ គឺ​លើកយក​ជីវភាព​រស់នៅ​របស់​ស​ង្គ​មនា​ពេលបច្ចុប្បន្ន​មក​លាតត្រដាង ៖«​ល្ខោននិយាយ​សុទ្ធសឹងតែ​និយាយ​ពី​សង្គម ហើយនឹង​ជួយ​ដោះស្រាយ​វិបត្តិ​សង្គម​បាន​ខ្លះ​ដែរ​។ ពួកយើង​ពិតជា​ចង់ឱ្យមាន​ទម្រង់​ល្ខោននិយាយ​នេះ​សម្ដែង​ច្រើន តែ​ពេលខ្លះ​យើង​មិនមាន​លទ្ធភាព​។ ខ្ញុំ​អរគុណ​សិល្បៈ​ខ្មែរ​អមតៈ ដែល​តែងតែ​ផ្ដល់ឱកាស និង​ជួយ​លើកស្ទួយ​ដល់​គ្រូ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ផ្នែក​ល្ខោននិយាយ ឱ្យមាន​ការសម្ដែង​»៕
 
 
 

Tag:
 ល្ខោននិយាយ​
  សិល្បៈ​បុរាណ​
  សិល្បៈ​
  តន្ត្រី​
  ឆុន ស៊ីណា​
  ស្នាដៃ​
  និពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com