ជាតិ
សង្គមជាតិ
«​ងងឹតសូន្យ​ទាំងអស់​»៖ អ្នក​នៅរស់​រំឭក​ពី​ការជាប់​ក្នុង​បំណែក​អគារ​បាក់​រលំ​
30, Jun 2019 , 4:19 pm        
រូបភាព
ដោយ: VOA
​ខេត្ត​ព្រះសីហនុ — កញ្ញា អ៊ុន ណេង និង​ឪពុកម្ដាយ គឺជា​កម្មករសំណង់​ដែល​បានមក​បម្រើ​ការងារ​ឱ្យ​ការសាងសង់​សំណង់​អគារ​ខុន​ដូរ​បស់​ក្រុមហ៊ុន​ចិន​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​ពាក់កណ្ដាល​ខែមេសា​។ ការងារ​ចម្បង​របស់​យុវតី​វ័យ ១៦​ឆ្នាំ​រូបនេះ គឺ​ជញ្ជូន​គ្រឿង​កំបោរ​ពី​ជាន់​ក្រោម​ទៅ​ផ្គត់ផ្គង់ ឲ្យ​កម្មករ​ជំនាញ​នៅ​ជាន់​ខាងលើ​នៃ​អគារ​ដែល​សង់​បាន​៧​ជាន់​រួចមក ដើម្បី​ប្ដូរ​យក​កម្រៃ​ប្រចាំថ្ងៃ​១១​ដុល្លារ​អាមេរិក​។​

 
​ដូច​សព្វមួយដង ពេល​រាត្រី​មកដល់ កម្មការិនី​មកពី​ខេត្តក្រចេះ​រូបនេះ តែងតែ​សម្រាក​ក្បែរ​ឪពុកម្ដាយ​នាង​នៅ​ជាន់​ទី​បី​នៃ​សំណង់​អគារ​ខុន​ដូ​របស់​ក្រុមហ៊ុន Xi Gang Tang Gong Gou Ji Haosao តាម​បណ្ដោយ​វិថី​៧​មករា ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
 
​នា​វេលា​ទៀបភ្លឺ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​យុវតី​វ័យ​១៦​ឆ្នាំ​រូបនេះ ឪពុកម្ដាយ និង​កម្មករ​កម្មការិនី​ប្រមាណ​ជិត​៦០​នាក់ កំពុង​ទទួលទានដំណេក​លង់លក់ សំឡេង​ស្រឹបៗ បាន​លាន់​សូរ​ឡើង ហើយក៏​បាក់​រលំ​សង្កត់​អ្នកស្នាក់នៅ​ទទួលទានដំណេក​ទាំងអស់​១​ជាន់​ម្តងៗ​។​
 
«​ងងឹតសូន្យ​ទាំងអស់​»​។ នេះ​គឺជា​សម្ដី​របស់​យុវតី អ៊ុន ណេង ដែល​បាន​ប្រាប់ VOA ខណៈ​កំពុងស្នាក់នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដោយ​រៀបរាប់​ពី​ការជាប់​ក្នុង​គំនរ​បែកបាក់​អស់​ជិត ២៤​ម៉ោង​។​
 
​នាង​បន្តថា ក្រោយ​ពេលឮ​សំឡេង​សន្ធឹក​បាក់​រលំ​ធ្លាក់ អ៊ុន ណេង ភ្ញាក់​ដឹងខ្លួន ទាំង​មាន​វត្ថុ​រឹង​សង្កត់ជាប់​ចំក្បាល ហើយ​អ្វីៗ​នៅ​ជុំវិញខ្លួន​ក្លាយជា​ស្ងប់ស្ងាត់ និង​រូបភាព​ខ្មៅ​ទាំងស្រុង​។​
 
 
«​អត់​មាន​ធ្វើ​អ្វី​ទេ ប្រឹង​រុល និយាយ​ទៅ​អត់​បានធ្វើ​អ្វី​ផង … ស្រែក​តែ​អត់​មាន​ពី​ណា​ឮ តែ​អ្នក​នៅលើ​ហ្នឹង ខ្ញុំ​ឮ​ទាំងអស់ គេ​កាយ​រកម​នុស្ស​អ៊ីចឹង ឃើញ​ទីនេះ​ប៉ុន្មាន​នាក់ ទីនោះ​ប៉ុន្មាន​នាក់​ឮ​ដឹង​ទាំងអស់​»​។​
​នារី​វ័យក្មេង​រូបនេះ​គឺជា​អ្នក​រស់រានមានជីវិត​ទី​២៤ ដែល​ត្រូវបាន​សង្គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធ​ត់នៃ​ការបាក់​រលំ​អគារ ដោយ​ត្រូវបាន​ទាញ​ចេញពី​គំនរ​អាគារ​បាក់បែក ក្នុង​ប្រតិបត្តិការ​ពិសេស​មួយ​ពេញ​មួយ​ចុង​សប្ដាហ៍​មុន និង​ដើម​សប្ដាហ៍​នេះ​។​
 
​យុវតី អ៊ុន ណេង គឺជា​អ្នក​រស់រានមានជីវិត​១ ក្នុងចំណោម​២៦​រូប​ដែល​សេសសល់​ពី​ការស្លាប់ ក្រោយ​អាគារ​កម្ពស់​៧​ជាន់ ដែលមាន​អ្នកវិនិយោគ​ជា​ជនជាតិ​ចិន បាក់ស្រុត​កាលពី​ព្រហាម​មុន​ថ្ងៃ​រះ​ថ្ងៃ​សៅរ៍​។ មាន​មនុស្ស​២៨ នាក់​បាន​ស្លាប់ ដែល​រួមទាំង​ម្ដាយ​ឪពុក​របស់​យុវតី អ៊ុន ណេង គឺ​លោក ទេព ណី វ័យ​៤៥​ឆ្នាំ និង​អ្នកស្រី ព្រុំ ដែន វ័យ​៤៥​ឆ្នាំ​ផងដែរ​។​
 
​យុវតី​រូបនេះ ដែល​នៅ​គេង​ក្បែរ​ឪពុកម្ដាយ នាពេល​កើតហេតុ បាន​រៀបរាប់​ប្រាប់ VOA បន្តថា ខ្លួន​បានដឹងថា​បាត់បង់​ពួកគាត់​ទាំងពីរ តាំងពី​ពេល​អគារ​បាក់​ភ្លាម​៖
 
«​ដឹង​ទាំងអស់ ដឹង ចាស៎ និយាយ​ទៅ ពេល​ធ្លា​ក់មក​ហ្នឹង ពួកគាត់​ស្រែ​កអី ស្មើគ្នា​តែមួយ​អ៊ឺះ​ហ្នឹង ស្ងាត់​រហូត ដេក​ជាមួយគ្នា ចាស៎ គ្រាន់តែ​រលំ​មក ពួកគាត់​នេះ​តែ​ម្នា​ក់មួយ​អ៊ឺះ ស្ងាត់​រហូត ហើយ​ប៉ះ​ដៃជើង​ពួកគាត់ ត្រជាក់​អស់ហើយ ត្រជាក់​ដូច​ទឹកកក​ហើយ​»​។​
 
​និយាយ​ដល់​ចំណុច​នេះ អ៊ុន ណេង ប្រែជា​ស្ងប់ស្ងាត់ ស្រពាប់​ស្រពោន មុននឹង​បន្ត​ប្រាប់​អ្នកសារព័ត៌មាន VOA​ថា ខ្លួន​អាច​រស់រានមានជីវិត​បាន​អាស្រ័យ​នឹង​ការ​ទទួលទាន​ទឹកដោះជូរ​កំប៉ុង ដែល​បាន​ទិញ​ទុក​ពី​ល្ងាច​មុន​ថ្ងៃកើតហេតុ និង​បាន​ទុក​នៅក្បែរ​ទី​ដំណេក​។​
​ការបាក់​រលំ​អគារ​នេះ នាំឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​ថៃ ប្រញាប់​រូតរះ​ធ្វើដំណើរ​ទៅពិនិត្យ​ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ ដែល​ប្រើប្រាស់​កងកម្លាំង​ចម្រុះ​ជាង ១៤០០​នាក់​។​
 
​ប្រតិបត្តិការ​ជួយសង្គ្រោះ​បាន​ប្រព្រឹត្តទៅ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ចំណាយពេល​ជាង​៦០​ម៉ោង អូសបន្លាយ​មកដល់​ពេល​ព្រលប់​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ នៅ​ទីបំផុត ក្រុម​សង្គ្រោះបាន​យកចេញ​អ្នក​រស់រានមានជីវិត​ពីររូប​ផ្សេងទៀត​ដែល​នៅជាប់​យូរ​ជាងគេ ដែល​ក្នុងនោះ​មាន​លោក រស់ ស៊ីថា ផងដែរ​។​
 
​សម្រាក​នៅក្បែរ​នឹង​កញ្ញា អ៊ុន ណេង នោះដែរ លោក រស់ ស៊ីថា ដែល​ត្រូវបាន​សង្គ្រោះ​នា​រង្វង់​ម៉ោង​៤​រសៀល ថ្ងៃទី​២៤ ខែមិថុនា​នោះ បាន​ថ្លែងថា ខណៈពេល​កំពុង​កើតហេតុ លោក​បាន​ភ្ញាក់​ពី​ដំណេក​រួចទៅហើយ និង​កំពុងតែ​ដេក​ននៀល​លេង​ទូរស័ព្ទដៃ ដែល​នៅជាប់​សាក​ថ្ម​ក្បែរ​ក្បាល​ដំណេក​។​
 
​លោក រស់ ស៊ីថា អាយុ​៤០​ឆ្នាំ បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា​៖
 
«​ខ្ញុំ​ដេក គ្រាន់តែ​ដេក​ផ្អៀង​កាន់​ទូរស័ព្ទ ស្រាប់តែ​ឮ​សំឡេង​ធ្លាក់​ពីលើ​មក ប្រហែលជា​១០​នាទី ធ្លាក់​ពីលើ​មក ព្រូស ព្រូស ព្រូស មក វា​លឿន​មែនទែន នៅ​ធ្លាក់​ហ្នឹង ធ្លាក់​រហូត​ទៅដល់​ដី​តែម្ដង​។ ខ្ញុំ​ឮ​សំឡេង ខ្ញុំ​ថា​សំឡេង​គេ​ខាងក្រៅ​ទេ​ស្រាប់តែ​ដល់​ខាងក្នុង​ហ្នឹង វា​ខ្ទរ​មក បុក​ពីលើ​ខ្ញុំ​មក ក្ឌុង​មក ខ្ញុំ​ធ្លាក់​ព្រឹប ទៅខាង​ក្រោម ខ្ញុំ​ថា​ហ្អ៎​អគារ​ហ្នឹង​បាក់​ហើយ ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ចេញរួច​ទេ​។ ខ្ញុំ​ស្រ​វេ​ស្រវា​តេ​ទៅរក​គេ តែ​តេ​មិន​ចេញ ទូរស័ព្ទ​»​។​
 
 
​ដោយ​ស្ថិតក្នុង​សភាព​ហេវ​ហត់​ស្រេកឃ្លាន អស់កម្លាំង ជាមួយនឹង​ក្មួយប្រុស​បង្កើត​កប់​នៅក្រោម​គំនរ​ដុំថ្ម​ដែល​បែកបាក់ អ្នក​ទាំងពីរ​ក៏បាន​វះ​យក​គ្រាប់​អង្ករ​ម្នាក់​មួយ​ក្ដាប់ដៃ ពី​កញ្ចប់​អង្ករ​ដែល​នៅក្បែរនោះ ដើម្បី​ទទួលទាន​ទាំង​ពិបាក​លេប ហើយ​ត្រូវ​ទ្រាំ​ដកដង្ហើម​ក្នុង​បរិយាកាស​តូចចង្អៀត​ដែល​គ្របដណ្ដប់​ក្លិន​សាកសព​សហការី​ដែល​ចាប់ផ្ដើម​ហើមរលួយ​។​
 
​លោក រស់ ស៊ីថា ដែល​ទើប​បានមក​បំពេញការងា​រ​នៅ​ការដ្ឋាន​កើតហេតុ​បាន​ពីរ​ខែ បាន​បន្ត​ប្រាប់ VOA ថា​៖
 
«​អា​កន្លែង​ពេល​ហប់​ខ្លាំង វា​អាច​នឹង​ជិត​ស្លាប់​ដែរ​។ ពេលដែល​ខ្ញុំ​រើបម្រះ ដោយ​ដេក​ទៅ​វា​ស្រគាល​ខ្នង​ពេក អ៊ីចឹង​ប្រឹង​រើ​ប្រឹង​រាល ប៉ះគ្នា​ជាមួយ​ក្មួយ​នោះ វា​ថប់ដង្ហើម ពេល​ហ្នឹង​ប្រឹង​សម្រួល​អារម្មណ៍ សម្រួល​ដង្ហើម​»​។​
​ខេត្ត​ព្រះសីហនុ​បានទទួល​ការវិនិយោគ​យ៉ាង​ជោកជាំ និង​ការមកដល់​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​ជនជាតិ​ចិន នា​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ រាប់​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង (Xi Jinping) មកកាន់​ទីក្រុង​ភ្នំពេញ កាលពី​ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ​។​
 
​ការចាក់​បញ្ចូល​សាច់ប្រាក់​វិនិយោគ​យ៉ាងគំហុក​នេះ បាន​នាំឱ្យមាន​ការរៀប​ចំការ​ដ្ឋា​ន​សំណង់​តូចធំ ច្រើន​ស្អេកស្កះ នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ដើម្បី​សាងសង់ សណ្ឋាគារ សំណង់​លំនៅឋាន អគារ​ខ្ពស់ៗ និង​កាស៊ីណូ ជា​គម្រោង​របស់​ចិន និង​ដែលនាំឱ្យ​វិស័យ​សំណង់ និង​តម្លៃ​អចលនទ្រព្យ ក្នុង​ខេត្ត​នេះ ហក់​ឡើង​ភ្លាមៗ​។​
 
​តែ​ការហូរ​សម្រុក​មក​ភ្លាមៗ​បែបនេះ ក៏បាន​បង្ក​ជា​បញ្ហា​ផងដែរ ដែល​ធនាគារពិភពលោក ធ្លាប់បាន​ព្រមាន​ក្នុងអំឡុង​ខែសីហា​ឆ្នាំ​២០១៨​កន្លងទៅ ពី​ការហូរចូល​លើសពី​អ្វីដែល​អាច​គ្រប់គ្រង​បាន ដែល​សំណង់​ខ្លះ​មិនបាន​សុំ​ការអនុញ្ញាត​ត្រឹមត្រូវ ក្នុង​ទម្លាប់​ដែល​គេ​ហៅថា «​សាងសង់​ជាមុន ចាំ​ទទួល​អាជ្ញាប័ណ្ណ​តាម​ក្រោយ​»​។​
 
​ការកើនឡើង​នៃ​វិស័យ​សំណង់​ក្នុង​ខេត្ត​នេះ បាន​ទាញយក​កម្លាំង​ពលកម្ម​ពី​ទីកន្លែង​នានា​ក្នុងប្រទេស​មក​បម្រើការ​ងារ​។ ក្នុងនោះ​ក៏មាន​យុវជន កាក់ គា វ័យ​១៨​ឆ្នាំ​ផងដែរ ដែល​បានមក​ធ្វើការ​នៅ​ការដ្ឋាន​កើតហេតុ​នេះ ពីរ​ថ្ងៃ​មុនពេល​បាក់​រលំ​។​
 
​កាក់ គា ដែល​ជាប់​ជាមួយនឹង​លោក រស់ ស៊ីថា ជា​ឪពុកមា​អស់​រយៈពេល​ជិត​៦០​ម៉ោង នៅក្រោម​បំណែក​ថ្ម និង​ឥដ្ឋ បានឱ្យដឹងថា​៖
 
«​គ្មាន​សង្ឃឹម​ទេ នៅ​[​ជាប់​]​តែ​បួន​ប្រាំ​ម៉ោង​ទៀត ចប់​!»​។​
«​លែងមាន​កម្លាំង​បែកញើស​ស្រាក់ៗ ស្រែក​ក៏​លែង​ចង់​ឮ​! ... ប្រហែលជា​បំភ្លេច​មិន​បានទេ នៅចាំ​»​។​
​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ​ទៅ យុវជន កាក់ គា មាន​គម្រោង​ទៅ​បន្ត​រៀន​យក​ជំនាញ​ជាជាង​ជួសជុល ដែល​ប៉ងប្រាថ្នា​យូរ​មកហើយ តែ​មិនបាន​សម្រេច​ដោយ​យុវជន​រូបនេះ​និយាយថា ខ្លួន​គ្មាន​លុយ​រៀន ហើយ​ត្រូវ​មក​ធ្វើ​សំណង់​សន្សំ​ប្រាក់​មុននឹង​ជួប​គ្រោះថ្នាក់​តែម្ដង​។​
 
​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា បានឱ្យដឹងថា ការងារ​សំណង់​នៅតែ​ស្ថិតក្នុង​ចំណោមរ​បរដែ​ល​ងាយ​រងគ្រោះថ្នាក់​បំផុត​នៅ​កម្ពុជា ហើយ​លោក​ថា​កន្លងទៅ ករណី​គ្រោះថ្នាក់​ការងារ​សំណង់​តែង​ត្រូវបាន​សម្រុះសម្រួល​គ្នា​បង់​ជា​សំណង ហើយ​អ្នកពាក់ព័ន្ធ​មិនសូវ​ត្រូវបាន​គេ​អូស​ទៅ​ទទួលខុសត្រូវ​ផ្លូវច្បាប់​នោះទេ​។​
 
​ប្រធាន​សហជីព​រូបនេះ​បាន​ប្រាប់ VOA​ថា​៖
«​វិស័យ​សំណង់ យើង​គិត​ទៅនេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​គ្រោះថ្នាក់​នៅ​កម្ពុជា​។ គ្រាន់តែ​ថា​លើក​នេះ​វា​ធ្ងន់​ជាង​មុន​ច្រើន​ចឹ​ង​ណា ... ករណី​ហ្នឹង​វា​មាន​ច្រើន​ដែល​គ្រោះថ្នាក់​មិនបាន​សំណង ដោយមាន​អាថ៌កំបាំង ក្នុងការ​ឃុបឃិត​ពាក់​ព័ន្ធ​អាជ្ញាធរ ដូច​ថា​មានការ​ឲ្យ​លុយ​តិចតួច​ដើម្បី​បញ្ចប់រឿង​»​។​
 
​ទោះ​ជាមាន​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​បែបនេះ​ក្ដី កម្មករ​កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​អាច​នឹង​នៅតែ​បន្តធ្វើ​ការ​ទាំង​រង​ហានិភ័យ​ដល់​រូបរាងកាយ បើទោះបី​ជាមាន​ក្ដី​តក់ស្លុត​ពី​ករណី​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​យ៉ាងណាក្ដី​។​
 
​នេះ​បើ​យោងតាម​លោក សុខ គីន ដែល​បាន​និយាយ​បន្តទៀតថា​៖
«​តាម​ការយល់ឃើញ​រប​ស់​ខ្ញុំ​កម្មករសំណង់​គាត់​នៅតែ​បន្ត​អាជីព​របស់គាត់ គ្រាន់តែ​ថា​ពេលនេះ​គាត់​មានការ​ព្រួយបារម្ភ​។ ដោយសារ​ថា​ការគិត​របស់គាត់​ហ្នឹង គាត់​មិនសូវ​ស៊ីជម្រៅ​នូវ​បញ្ហា​ទាំងអស់​ហ្នឹង បានន័យថា គាត់​ឃើញ​ភ្លាម​គាត់​តក់ស្លុត​មួយ​ភ្លែត​មែន តែ​នៅ​ធ្វើការ​កន្លែង​ផ្សេង​អញ្ចឹង​ទៅ​»​។​
​អ្នក​រស់រានមានជីវិត​ម្នាក់ទៀត លោក ផាត សុផល បានធ្វើ​ចំណាកស្រុក​ចេញពី​ខេត្តព្រៃវែង មក​បម្រើ​ការងារ​នៅ​ការដ្ឋាន​កើតហេតុ​ខាងលើ​កាលពីពេល​ថ្មីៗ​នេះ​។ លោក​បាន​ជាប់​អស់​រយៈពេល​៦​ម៉ោង​ក្នុង​គំនរ​បាក់បែក បន្ទាប់ពី​អគារ​បាន​បាក់​ពេល​លោក​កំពុង​ស្ថិតក្នុង​ដំណេក​។​
 
​បុរស​វ័យ​៣៧​ឆ្នាំ​រូបនេះ​បានឱ្យដឹងថា​៖
«​ខ្ញុំ​អត់​បាន​ក្រោក​ផង​ហ្នឹង លែង​បាក់ៗ គ្រាន់តែ​រលីវៗ គ្មាន​ចាប់អារម្មណ៍​ថា​វា​បាក់​អគារ​ទេ​។ យើង​ស្មាន​អត់​ដល់ ពេល​គ្រាន់តែ​បាក់​មក​សង្កត់​បណ្ដោយ​! សង្កត់​ចំ តែ​វា​អត់​ដល់ បង​! វា​ដូច​ថា​បាន​អា​ពិ​ដាន​ទ្រ ផ្ទួនៗ​សង្កត់​ត​គ្នា តែ​ដល់ពេល​យូរ​ទៅៗ វា​ចេះតែ​ស្រុត​ដល់​យើង​ដែរ ធ្ងន់​ទៅៗ​»​។​
 
​លោក ផាត សុផល បាន​បន្តទៀតថា​៖
«​អារម្មណ៍​ភ័យ​! មិន​នឹកស្មានថា​នៅរស់​! … មើល​អី​អត់​ឃើញ​ទេ​បង​។ ងងឹត ងងឹតសូន្យ​តែម្ដង​!»​។​
 
​ព្រឹត្តិការណ៍​នេះ​បាន​នាំឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ដកតំណែង​លោក ញឹម វណ្ណដា ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចំពោះ​ការឆ្លើយតប​យឺតយ៉ាវ​ទាក់ទង​នឹង​ការជួយ​សង្គ្រោះ​។ លោក យន្ត មីន ជា​អភិបាលខេត្ត​ព្រះសីហនុ​ក៏ត្រូវ​បង្ខំចិត្ត​លាលែង​ពី​តំណែង​ផងដែរ​។​
 
 
​យ៉ាងណាក្ដី បន្ទាប់ពី​ដកតំណែង និង​ចុះចេញ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ញឹម វណ្ណដា ដែល​រង​ការ​បរិហារ​ធ្ងន់ៗ​ពី​នាយករដ្ឋមន្ត្រី ចំពោះ​ការ​«​ខ្វះ​ទំនួល​ខុសត្រូវ​និង​ភូតភរ​» រហូត​លោក​ថា ទេសរដ្ឋមន្ត្រី​រូបនេះ កំពុង​«​នៅ​ជាមួយ​ស្រី​ម្នា​ក់នៅ​ខេត្តកំពត​ទៀតផង​» ពេល​ចាប់ផ្ដើម​ប្រតិបត្តិ​ការសង្គ្រោះ​នោះ លោក​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ដដែល​។​
 
​រីឯ​លោក យន្ត មីន ក៏​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ដំឡើង​ឋានន្តរស័ក្ដិ ជា​នាយ​ឧត្ដមសេនីយ៍ ផ្កាយ​មាស​បួន នៃ​កងយោធពល​ខេមរភូមិន្ទ​ថែម​ទៀតផង​។ ករណី​តែងតាំង​លោក ញឹម វណ្ណដា និង​លោក យន្ត មីន នេះ​បាន​បង្ក​ឱ្យ​ប្រតិកម្ម​ចម្រុះ​ពី​សាធារណមតិ ដែលមាន​ខ្លះ​រិះគន់​ចំណាត់ការ​នេះ​ផងដែរ​។​
 
​ជនជាតិ​ចិន​ប្រាំ​នាក់​ដែលជា​ម្ចាស់​ការដ្ឋាន មេការ និង​ជាង បូករួម​នឹង​កម្មករ​ជំនាញ​ជនជាតិ​វៀតណាម​ម្នាក់ និង​ម្ចាស់​ដី​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់​និង​ឃុំខ្លួន ដោយ​ខ្លះ​រង​បទ​ចោទ​មនុស្សឃាត​ដោយ​អ​ចេតនា និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា ហើយ​ខ្លះទៀត​រង​ការ​ចោទ​ពីបទ​សមគំនិត​។​
 
​មិនទាន់មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ផ្សេងទៀត​ត្រូវបាន​គេ​បង្ខំ​ឱ្យ​លាលែង ឬ​ត្រូវបាន​ស៊ើបអង្កេត ឱ្យមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​។ គណៈកម្មការ​ស៊ើបអង្កេត​មួយ​ត្រូវបាន​បង្កើតឡើង ដោយ​លោក ហ៊ុន សែន ហើយ​ត្រូវបាន​ដាក់ឱ្យ​ពិនិត្យ​គុណភាព​សំណង់​នៅ​ទូទាំង​ខេត្ត​តែម្ដង​។​
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នៅ​សប្ដាហ៍​នេះ បាន​សរសេរ​លិខិត​មួយ​ស្នើ​ទៅ​លោក ហ៊ុន សែន សុំ​គោលការណ៍ ចាត់វិធានការ​លើ​សំណង់​ការដ្ឋាន​ខុសច្បាប់ ដោយ​ទទូច​ឱ្យមាន​ការសហការ​ពី​ក្រសួង​ស្ថាប័ន​នានា ធានា​សំដៅ​ទៅដល់​ការបង្ក្រាប​សំណង់​ខុសច្បាប់​ឱ្យ​ប្រសិទ្ធភាព​។​
 
​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ពុធ លោក ជា សុផារ៉ា ផ្ទាល់​បានដាក់​ការព្រមាន​ឱ្យមាន​ការចាត់ការ​សំណុំរឿង​ទៅ​តុលាការ ចំពោះ​ម្ចាស់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត និង​សម្លឹង​ទៅរក​ការត្រួតពិនិត្យ​ជាប្រចាំ​លើ​លិខិតស្នាម និង​គុណភាព​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​រាជធានី​ដទៃៗ​ទៀត​។​
 
​លោក​រដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​ដកស្រង់​សម្ដី​ក្នុង​កំណត់​ផ្សាយ​ព័ត៌មាន​មួយ​នៃ​សាលាខេត្ត​ព្រះសីហនុ​យ៉ាង​ដូច្នេះ​ថា​៖
 
«​គណៈកម្មការ​នឹង​ចុះ​ធ្វើ​ការងារ​នេះ ដោយ​ប្រាកដប្រជា​បំផុត និង​ព្រមទាំង​បាន​រំលឹក​ម្ចាស់​សំណង់​ទាំងអស់ ឱ្យ​ត្រៀម​ឯកសារ​ទាក់ទិន​នឹង​សំណង់​របស់ខ្លួន និង​កុំ​មាន​ទម្លាប់​ពេល​គណៈកម្មការ​ចុះទៅ ហុច​ស្រោមសំបុត្រ​»​។​
 
 
​លោក យន្ត មីន ជា​អភិបាលខេត្ត​ជិត​ផុត​អាណត្តិ ធ្លាប់បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សំណង់​ដែល​បាក់​រលំ​ខាងលើ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ឃាត់​មិនឱ្យ​បន្តការងារ​ពីរដង​រួចមកហើយ តែ​ការងារ​សាងសង់​នៅ​ទីតាំង​ដដែល​នៅតែ​បន្ត​រហូតដល់​ជួប​ហេតុការណ៍​បាក់​រលំ​ដ៏​ប្រល័យ​នេះ​តែម្ដង​។​
 
​ត្រង់ចំណុច​នេះ លោក សុខ គីន នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា បាន​លើកឡើងថា នៅមាន​ចំណុច​សង្ស័យ​ជាច្រើន ក្នុងករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នេះ ហើយ​លោក​ស្នើឱ្យ​រក​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​នោះមក​បំភ្លឺ​។​
 
«​ធម្មតា​ប្រជាពលរដ្ឋ សូម្បីតែ​សាង​ផ្ទះមួយ​ល្វែង​សម្រាប់​គ្រួសារ​របស់គាត់ ក៏មាន​អាជ្ញាធរ​មកឃាត់ មក​សួរ មក​នាំ​អី​ដែរ ឲ្យ​សុំច្បាប់​សុំ​អី​ដែរ​។ ចុះ​ហេតុ​អី​បានជា​អគារ​ដល់​៧​ជាន់​អត់​ច្បាប់​សាងសង់​បាន​។ អាហ្នឹង​បាន​ថា​មាន​អាថ៌កំបាំង​មានអី​ហ្នឹង​។ មាន​អំពើពុករលួយ​នៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​»​។​
 
​និយាយ​ទៅដល់​យុវតី អ៊ុន ណេង វិញ នៅពេលដែល​សួរថា​នឹងមាន​គម្រោង​ធ្វើ​អ្វី​បន្ទាប់​ពេល​ចេញពី​មន្ទីរពេទ្យ​វិញ កញ្ញា​បាន​លើកឡើងថា នាង​នឹងធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​កំណើត​នៅ​ខេត្តក្រចេះ​វិញ ជាមួយ​ធាតុ​របស់​ឪពុកម្ដាយ​ខ្លួន​។ តែ​នាង​ក៏​មិនទាន់​គិត​ឃើញថា​នឹងធ្វើ​អ្វី​បន្ត​នោះដែរ ដ្បិត​ទើប​បាត់បង់​ឪពុកម្ដាយ ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com