ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ៖ពលរដ្ឋមិនគួរសរសេរអក្សរឡាតាំងតាមសំនៀងខ្មែរ ដែលនាំឲ្យបាត់អត្តសញ្ញាណជាតិ (ភាគ១)
× ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា កំពុងដំណើរការរៀបចំ«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសរសេរ និងការអានឲ្យបានត្រឹមត្រូវ។
និយាយដោយឡែកទាក់ទងនឹង«ការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» លោកបណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា មូលហេតុនៃការរៀបចំឲ្យមានការសរសេរជាឡាតាំងតាមសូរភាសាខ្មែរនេះឡើង ដោយសារតែភាសាខ្មែរ មាន«ស្រះ» ច្រើន ដែលពិបាកក្នុងការប្រើប្រាស់យកសរសេរជាភាសាឡាតាំង ដូច្នេះហើយទើបស្ថាប័នតម្រូវឲ្យមានការពិភាក្សាកំណត់យកការឯកភាពរួមមួយ ។ ត្រង់ចំណុចនេះ មានឧទាហរណ៍ដូចជាពាក្យ «គង់» តើគួរតែសរសេរជាឡាតាំងថា «Kong » ឬ «Kung»។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភា ដូចតទៅ៖
បើតាមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះ «ការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» គឺប្រើប្រាស់សម្រាប់សម្គាល់លើអសាធារណនាម ដូចជាឈ្មោះ ឬទីកន្លែងប៉ុណ្ណោះ ពោលគឺមិនអាចឲ្យយកពាក្យខ្មែរប្រើប្រាស់ទូទៅប្រចាំថ្ងៃទៅសរសេរជាឡាតាំងនោះទេ។ ត្រង់ចំណុចនេះ លោក ហ៊ាន សុខុម បានសង្កត់ថា បើពលរដ្ឋនាំគ្នាយកពាក្យខ្មែរទៅសរសេរឡាតាំងនោះ វានឹងធ្វើឲ្យវិស័យអក្សរខ្មែរធ្លាក់ចុះទន់ខ្យោយ ដែលនាំឲ្យបាត់បង់អត្តសញ្ញាណជាតិ ដែលបុព្វបុរសខ្មែរបន្សល់ទុក។
«គាត់(ពលរដ្ឋ)មិនគួរយកអក្សរឡាតាំង សរសេរតាម(សូរ)ពាក្យខ្មែរនោះទេ ។ គាត់គួរតែយកអក្សរខ្មែរខ្លួនឯង មកសរសេរទើបវាប្រសើរ។ ខ្ញុំមិនលើកទឹកចិត្តឲ្យគាត់យកតួអក្សរឡាតាំងមកសរសេរ(តាមសូរខ្មែរ)ទេ ពីព្រោះបុព្វបុរសយើង ខំថែរក្សា ខំបង្កើតតួអក្សរមកឲ្យយើងប្រើប្រាស់សព្វថ្ងៃ។ ចុះហេតុដូចម្ដេច បានជាយើងយកអក្សរគេផ្សេងមកប្រើប្រាស់សរសេរពាក្យរបស់យើងវិញ នោះគឺវាមិនត្រឹមត្រូវទេ។ យើងមិនលើកទឹកចិត្តឲ្យយុវជនយកតួអក្សរឡាតាំងមកសរសេរពាក្យខ្មែរធម្មតា ដែលយើងជជែកគ្នាប្រចាំថ្ងៃនោះទេ»។ នេះជាការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ៕
Tag:
ហ៊ាន សុខុម
ក្រុមប្រឹក្សាជាតិភាសាខ្មែរ
អក្សរខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com