រដ្ឋបាល​ខេត្តសៀមរាប គ្រោង​ស្ដារ និង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​សៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​
ជាតិ
សង្គមជាតិ
រដ្ឋបាល​ខេត្តសៀមរាប គ្រោង​ស្ដារ និង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​សៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​
01, Jul 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ គម្រោង​ស្ដារ និង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​សៀមរាប ចាប់ពី​អាង​ក្រពើ​ឆ្ពោះទៅ​ភ្នំ​ក្រោម នឹង​ចាប់ផ្តើម​អនុវត្តន៍ នៅ​ចុងឆ្នាំ​២០១៩​នេះ​។ លោក នួន ពុទ្ធា​រ៉ា  បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែមថា បច្ចុប្បន្ន​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ពិនិត្យ និង​សិក្សា​គម្រោង​អភិវឌ្ឍន៍​ដោយ​យកចិត្តទុកដាក់​។​

 
​បើតាម​អភិបាលក្រុង​សៀមរាប​ដដែល  គម្រោង​នេះ នឹងត្រូវ​ស្តារឡើងវិញ​ក្រោម​ជំនួយ​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ត្រូវអនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​។ ដ្បិតថា​គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ក៏ពិតមែន តែ​សព្វថ្ងៃ​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ កំពុង​រៀបចំ​ស្ដារ​បើក​មាត់ទឹក តាម​ចំណុច​មួយចំនួន​ក្នុង​ស្ទឹង ដើម្បី​សម្រួល​ចរន្តទឹក​នៅក្នុង​ខែវស្សា​នេះ​។ ការងារ​នេះ ត្រូវបាន​លោក​អភិបាលក្រុង​ថា ជាការ​អនុវត្ត​ពាក់កណ្ដាល​ផ្លូវការ​លើគ​ម្រោ​ង​ទាំងមូល​។​
 
 
​លោក នួន ពុទ្ធា​រ៉ា មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់ លើ​ការអភិវឌ្ឍ​ច្រាំង​ស្ទឹង​សៀម​រាម​នេះ​នៅឡើយ​ទេ តែ​តាម​ការបញ្ជាក់​របស់លោក មាន​គម្រោង​២ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា​ដើម្បី​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយមាន​ទាំង​ការរៀបចំ​ស្ដារឡើងវិញ ធ្វើ​ស្ពាន​ឆ្លង​រៀបចំ​ច្រាំង និង​សួនច្បារ​ជាដើម តែ​លោក នួន ពុទ្ធា​រ៉ា បាន​បង្ហើប​ថា អាច​នឹង​ជ្រើសរើស​គម្រោង​ស្ដារ​ជា​អាទិភាព ដ្បិត​ស្ទឹង​មាន​សភាព​រាក់ និង​ទំហំ​រួម​តូច​ខ្លាំង​។​
 
​ក្នុង​ការងារ​នេះដែរ ចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុងការ​អភិវឌ្ឍ តាមរយៈ​គណៈកម្មាធិកា​រ​អន្ដរក្រសួង​បាន​ចុះ​ដោះស្រាយ​គោលនយោបាយ​រួចហើយ​ដែរ ដោយ​ក្នុងនោះ​មាន​៥​គ្រួសារ​នៅ​អាង​ក្រពើ​មិនទាន់​រុះរើ និង​៣០​គ្រួសារ​ទៀត​នៅ​ផ្នែក​ខាងក្រោម​ស្ទឹង នឹងត្រូវ​រុះរើ​ឆាប់ៗ​ខាងមុខ ក្រោយ​មានការ​ជូនដំណឹង ក៏ដូចជា​នៅពេលដែល​គម្រោង​នេះ​អនុវត្តន៍​នាពេលខាងមុខ​។ នេះ​បើតាម​ការពន្យល់​ពី​អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា​៕
 


Tag:
 សៀមរាប​
  ច្រាំង​ស្ទឹង​សៀមរាប​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com