អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​អង្គការសហប្រជាជាតិ អរគុណ ចិន និង​បារាំង ក្នុង​កិច្ចប្រឹងប្រែង​ការងារ​បម្រែបម្រួល​អាកាសធាតុ​
30, Jun 2019 , 8:59 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បានបង្ហាញ​ពី​ផល​លំបាក​ក្នុង​ការងារ​ការពារ និង​លើកស្ទួយ​បរិស្ថាន ជាពិសេស​នោះ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​លោក ចង់ឃើញ​មេដឹកនាំ​ពិភពលោក ចេះ​រួបរួមគ្នា​។ លោក​អគ្គលេខាធិការ ក៏បាន​ថ្លែង​អរគុណ​ដល់​ចិន និង​បារាំង ដែលជា​រដ្ឋ​គំរូ​ក្នុង​កិច្ចការងារ​មួយ​នេះ​។

 
​តាមរយៈ​ជំនួប​ត្រីភាគី​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi និង​រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian ក្នុងប្រទេស​ជប៉ុន នៅ​ថ្ងៃ​២៩ មិថុនា លោក​អគ្គលេខាធិការ António Guterres បាន​ថ្លែង​អរគុណ​ដល់​ចិន និង​បារាំង សម្រាប់​ការចូលរួម​មិន​ត្រឹមតែ​សកម្ម​អាកាសធាតុ​ប៉ុណ្ណោះ​នោះទេ តែ​សម្រាប់​គោលនយោបាយ​ពហុភាគី​នានា​លើ​បញ្ហា​បម្រែបម្រួល​អាកាស ដែល​លោក មើលឃើញថា ជា​ចំណែក​ដ៏​សំខាន់​នៃ​ភាពជោគជ័យ​នៃ​សន្និសីទ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៨​។​
 
​ជាមួយគ្នា​នោះ លោក​អគ្គលេខាធិការ ក៏បាន​លើកឡើង​ពី​កិច្ចប្រជុំ​ស្តីពី​ក្របខណ្ឌ​នៃ​អនុសញ្ញា​ស្តីពី​បម្រែបម្រួល​អាកាសធាតុ ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ និង​មិនអាច​ទទួលបាន​ជោគជ័យ​ដោយសារតែ ការមិន​ត្រូវ​រូ​វ​គ្នា​នៃ​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ពិភពលោក​។ 
 
​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​គូសបញ្ជាក់ថា ពិភពលោក ត្រូវការ​ជំរុញ​ឆន្ទៈ​នយោបាយ ដែល​ចំណុច​នេះ លោក បាន​អះអាងថា លោក ពិតជា​ត្រូវការ​ទាំង​ចិន និង​បារាំង ដែល​សុទ្ធសឹងតែ​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​សកម្មភាព​បម្រែបម្រួល​អាកាសធាតុ​ផ្សេងទៀត ចូលរួម​ជម្នះ​លើ​ភាពលំបាក និង​ឧបសគ្គ​នានា​។ 
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ក៏​រំពឹង​ផងដែរ​ថា ប្រទេស​ទាំងពីរ នឹង​ជួយ​ធានាថា កិច្ចប្រជុំ​កំពូល​ស្តីពី​ប​ម្រែ​ប​ម្រែ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅនឹង​ខែកញ្ញា​ខាងមុខនេះ ទទួលបាន​ជោគជ័យ ហើយ​ធ្វើ​ឲ្យ​គ្រប់ភាគី​ទាំងអស់​នៃ​ជំនួប មាន​អារម្មណ៍​កិច្ចប្រជុំ​នោះ ជា​ចំណែក​របស់​ប្រទេស​ទាំងអស់​៕ 

Tag:
 ចិន​
  បារាំង​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com