ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តា​រាជ​នៅ​អង្គរវត្ត មាន​ប្រវត្តិ​ជួសជុល​ច្រើន​ជំនាន់​
30, Jun 2019 , 10:19 pm        
រូបភាព
​សៀមរាប​៖ បើ​និយាយ​ពី​តា​រាជ​នោះ​អ្នកណា​ក៏​ស្គាល់​ដែរ ដ្បិត​ជា​បដិមា​ដ៏​ល្បីល្បាញ​មួយអង្គ​ដែល​តម្កល់​នៅ​ច្រកចូល​ខាងលិច​ប្រាសាទអង្គរវត្ត​។ បដិមា​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា​ជា​ព្រះធំ និង​មាន​បារមី​ស័ក្ដិ​សិទ្ធ​បំផុត​។ ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​អង្គរវត្ត មិនសូវ​ដែល​រំលង​ទៅ​គោរព​ទីសក្ការៈ​រូប​បដិមា​ដ៏​ធំ នៃ​ទេព​ព្រហ្ម​សាសនា​មួយ​នេះ​ណាស់​។ តាម​ការសិក្សា​ស្រាវជ្រាវ ទេព​អង្គ​នេះ ធ្លាប់​ត្រូវ​ឆ្លងកាត់​ការជួសជុល​ច្រើន​ជំនាន់ និង​បន្ត​ការអភិរក្ស​រហូតមក​ដល់​បច្ចុប្បន្ននេះ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖



 
​បដិមា​តារា​ជ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ជាទូទៅ​។ ទេព​អង្គ​នេះ ត្រូវបាន​អ្នកមាន​ជំនឿ ចាត់ទុកជា​ទីសក្ការៈ​បូជា ដ៏​មាន​បារមី​ស័ក្ដិ​សិទ្ធ ដែល​តម្កល់​នៅ​ប្រាសាទអង្គរវត្ត​។ គេ​បានដឹង​ពី​បារមី​ទេព​ដៃ​៨​អង្គ​នេះ តែមាន​តិច​ណាស់ ដែល​ដឹង​ពី​ប្រវត្តិ​ជួសជុល​នាពេល​កន្លងមក​។​
 
​បើទោះបី​មាន​អាយុកាល​រាប់រយឆ្នាំ​ក៏ពិតមែន តែ​តា​រាជ​នៅតែ​ឈរ​យ៉ាងរឹងមាំ​និង​ពេញ​ដោយ​ឬ​ទ្ធា​នុ​ភាព​ដ៏​ខ្លាំងក្លា​។ ទេព​អង្គ​នេះ​ក៏​ធ្លាប់​ឆ្លងកាត់​ការជួសជុល​ច្រើនដង​ពី​អ្នកជំនាញ​ជាតិ​និង​អន្ដរជាតិ ដែល​រងគ្រោះ​ដោយ​កត្ដា​ធម្មជាតិ សង្គ្រាមស៊ីវិល និង​ការ​យារ​យី​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ជាដើម​។​
 
 
​សម្រាប់​ការងារ​អភិរក្ស​និង​ជួសជុល​លោកតា​រាជ លោក ឡុង ណា​រី អ្នកជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ធ្លាប់បាន​ចូលរួម​ក្នុង​កិច្ចការ​ជួសជុល​នេះ​បាន​រៀបរាប់ថា មាន​ប្រ​វ​តិ្ត​ច្រើន​ជំនាន់​មកហើយ ចាប់តាំងពី​ស​.​វ​ទី​១៦ និង​ជំនាន់​ក្រោយមកទៀត​មាន បារាំង ឥណ្ឌា និង​អាល្លឺម៉ង់​។ នៅ​អំឡុង​ពេលនោះ គឺ​នៅលើ​ជើងមាន​បាក់​ពីរ​កំណាត់​ទាំងពីរ ព្រោះ​តាម​ការពិសោធន៍​របស់​អ្នកជំនាញ​សាច់​ថ្ម​នៅលើ​ជើង​និង​ដងខ្លួន​មានគុណ​ភាព​ផ្សេងគ្នា​។ តាម​ការសិក្សា​ស្រាវ​នាពេល​កន្លង បញ្ហា​នេះ​អាច​ដោយសារ​ការផ្លាស់ប្ដូ​រ​សាសនា​ពី​ព្រហ្ម​មក​ព្រះពុទ្ធ​។ 
 
​បន្តម​កទៀត នៅ​ឆ្នាំ​១៩៤៦ ដោយសារ​ពិនិត្យឃើញ​ពី​បដិមា​ទ្រេត​ផ្ងារ​ទៅក្រោយ បារាំង​ក៏​ពង្រឹង​គ្រឹះ ដើម្បី​តម្កល់​ព្រះ​វិស្ណុ ឬ​តា​រាជ​ឡើងវិញ​។  ចំណែក​ប្រទេស​ឥ​ណ្ឌ ក៏​ធ្លាប់បាន​ជួសជុល​ផ្នែក​ខ្លះ នៃ​ព្រះ​ហ​ស្ថ​ទាំងសងខាង​ដែល​បាក់បែក បាត់បង់ ជំនួស​ដោយ​ការប្រើ​ស៊ីម៉ងត៍​។​
 
​ក្រោយមកទៀត ដោយសារ​ពិនិត្យឃើញ​មាន​ហានិភ័យ​ខ្លាំង ប្រទេស​អាល្លឺម៉ង់​តាមរយៈ​ក្រុម GACP បានស្នើ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សុំ​សហការគ្នា​ជួសជុល​នៅ​ឆ្នាំ ២០០៣​។ ក្នុងន័យ​ដើម្បី​ជួសជុល​បន្ទាន់ អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​ព្រះ​កេស​ដើម​ដែល​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ត្រឡប់មកវិញ​។ នៅ​ឆ្នាំ​១៩៨៥ ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​វឹកវ​រ ក្រុម​ទុ​ច្ច​រិ​ក បាន​ប៉ុនប៉ង​អារផ្ដាច់​ព្រះ​កេស​តា​រាជ តែ​មិនបាន​សម្រេច​។ សមត្ថកិច្ច​បាន​យក​ព្រះ​កេស​ទៅ​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ មុននឹង​បញ្ជូនទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ក្នុងស្ថានភាព​បែប​នោះ ក្រុម​អភិរក្ស​ដ្ឋា​ន​អង្គរ ក៏បាន​ចម្លង​ព្រះ​កេស​ថ្មី ធ្វើ​ពី​ស៊ីម៉ងត៍​ជំនួស​ព្រះ​កេស​ដើម ដើម្បី​បំពេញ​លក្ខណៈ​រាងកាយ​នៃ​បដិមា និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​។​
 
 
​សម្រាប់​ការងារ​អភិរក្ស​នាពេល​ប​ច្ចុ​ប្ប​វិញ តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង ណា​រី យល់ថា មាន​ភាព​ម៉ត់ចត់​ជាង​ពេលមុនៗ​។ តែ​អ្នកជំនាញ​ជួសជុល​ថ្ម​មួយ​នេះ ហាក់​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​អ្នកមាន​ជំនឿ​មួយចំនួន​ដែល​យក​ទឹក​ស្រោច​ដងខ្លួន​តារា​ជ ដែល​ការណ៍​នេះ អាចឱ្យ​បដិមា​មាន​ភាព​ប្រេះស្រាំ ពុកផុយ​បាន​។​
 
​បញ្ហា​ផ្សែង​ធូប និង​ការ​គ្រង​ស្បង់​ច្រើន​ជាន់​ពេក​នៅលើ​ដងខ្លួន​តារា​ជ ក៏​ធ្វើឱ្យ​សឹក​ថ្ម​បានដែរ​។ តែ​បញ្ហា​ធ្ងន់​ដែល​លោក ឡុង ណា​រី ចង់ឱ្យ​អ្នកមាន​ជំនឿ​ទាំងឡាយ​បានដឹង​នោះ គឺ​ការ​ចាក់ទឹក និង​ម្សៅ​នេះ​តែម្ដង​។​
 
​ទាក់ទង​នឹង​ការជួសជុល  លោក ឡុង ណា​រី បានឱ្យដឹងថា ការងារ​នេះ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​ប្រើ​បច្ចេកទេស​ខុសគ្នា​បន្ដិច​តែប៉ុណ្ណោះ​។ សម្រាប់​ការប្រើប្រាស់​ថ្នាំ ដែល​កន្លងមក​ថា​ប៉ះពាល់​ដល់​សាច់​ថ្ម​នោះ លោក ណា​រី ពន្យល់ថា មុននឹង​យកមកប្រើ​ប្រាស់ គឺ​ឆ្លងកាត់​ការសិក្សា​រួចរាល់​ហើយ ហើយ​ការប្រើប្រាស់​នេះ​តិច​ឬ​ច្រើន វា​ប៉ះពាល់​ជៀស​មិន​រួច​។ លោក ណា​រី យល់ថា អ្វីៗ​កើតឡើង វា​តែងមាន​ទីបញ្ចប់ រីឯ​ការជួសជុល​ក៏​ដូចគ្នា​។ យ៉ាងណា លោក ណា​រី ថា​ការប្រើប្រាស់​វិធីសាស្ដ្រ​បែបនេះ អាច​ធានា​គុណភាព​រហូតដល់​ទៅ​៥០​ឆ្នាំ​ផងដែរ ហើយ​វា​អាស្រ័យ​លើ​ការថែទាំ​ជាក់ស្ដែង​បន្ថែមទៀត​៕
 

 

Tag:
 តា​រាជ​
 ​អង្គរវត្ត​
  ឡុង ណា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com