ពីនេះ ពីនោះ
អតិថិជន ជាស្តេច, បុគ្គលិក ជាម្ចាស់ក្សត្រិយ៍…!
× ជារឿយៗនៅក្នុងពិភពនៃអ្នកជំនួញ គេតែងតែលឺឃ្លាថា«អតិថិជន គឺជាសេ្តច។ ឃ្លាន័យធៀបនេះចង់និយាយថា អ្នកលក់ទំនិញ ឬលក់សេវាកម្មត្រូវចាត់ទុកអ្នកទិញដូចជាសេ្តចអ៊ីចឹង ពោល គឺត្រូវបម្រើសេវាកម្មឲ្យបានល្អបំផុត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាការពិត ដើម្បីឲ្យអាជីវកម្មមួយដំណើរការបាន គេត្រូវចាត់ទុកអតិថិជន ដូចជា សេ្តច។ ចុះបុគ្គលិកវិញ? ក្រុមហ៊ុនត្រូវចាត់ទុកពួកគេជាអ្នកបម្រើអតិថិជនធម្មតា? ឬត្រូវចាត់ទុកពួកគេជាម្ចាស់ក្សត្រិយ៍?
ក្នុងនាមជាក្រុមហ៊ុន, ក្រុមហ៊ុនត្រូវចាត់ទុកអតិថិជនជាសេ្តច ហើយចាត់ទុកបុគ្គលិកជាម្ចាស់ក្សត្រិយ៍ មានន័យថា ក្រុមហ៊ុនត្រូវគិតគូរបុគ្គលិកឲ្យខ្លាំងជាងអតិថិជនទៅទៀត។ នៅពេលដែលបុគ្គលិកទទួលបានភាពកក់ក្តៅពីក្រុមហ៊ុនល្អហើយ ពេលនោះ បុគ្គលិកនឹងបម្រើអតិថិជនឲ្យបានកាន់តែប្រសើរឡើង។ ប្រសិនបើបុគ្គលិកមិនត្រូវបានម្ចាស់ក្រុមហ៊ុនចាត់ទុកជាម្ចាស់ក្សត្រិយ៍ទេនោះ នោះអតិថិជន ក៏មិនត្រូវបានបុគ្គលិកចាត់ទុកជាសេ្តចដែរ ពីព្រោះ បុគ្គលិកគ្មានទឹកចិត្តនឹងធ្វើកិច្ចការឲ្យបានល្អ ហើយពេលនោះ ក្រុមហ៊ុននោះ អាចប្រឈមនឹងបរាជ័យ។
និយាយឲ្យសាមញ្ញ មានន័យថា ក្រុមហ៊ុនត្រូវគិតគូរបុគ្គលិកឲ្យគ្រប់ជ្រុងជ្រោយ និងល្អបំផុត មុនពេលដែលអនុញ្ញាតឲ្យពួកគេអាចបម្រើអតិថិជនឲ្យបានល្អ ដូចបម្រើសេ្តចនោះ។ បញ្ច្រាសមកវិញ បើបុគ្គលិកមិនត្រូវបានក្រុមហ៊ុនឲ្យតម្លៃផងនោះ តើពួកគេអាចបម្រើសេវាជូនអតិថិជនបានល្អឥតខ្ចោះដែរឬទេ?
នេះជាចំណុចដែលម្ចាស់ក្រុមហ៊ុនទាំងឡាយត្រូវលើកយកមកពិចារណា។ ពិចារណាលើឃ្លា៖«អតិថិជន គឺជាស្តេច, បុគ្គលិក គឺជាម្ចាស់ក្សត្រិយ៍!»។
© រក្សាសិទ្ធិដោយ thmeythmey.com