គ្រូបង្រៀនម្នាក់នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត បានសុំលាឈប់ពីការងារ ក្រោមហេតុផលថារងសម្ពាធពីថ្នាក់ដឹកនាំសាលា ។ តែការលើកឡើងនេះ ត្រូវបានលោកនាយកសាលា បដិសេធវិញថា លោកគ្រូរូបនេះ បានដាក់ពាក្យលាឈប់ ព្រោះមានអវត្តមានច្រើន ក្នុងការបង្រៀនសិស្ស។
លោក ឯម សុខសុវណ្ណ ដែលជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននិយាយថា មូលហេតុដែលលោកសម្រេចចិត្តលាឈប់ពីតួនាទីជាគ្រូបង្រៀន ព្រោះមិនអាចស៊ូទ្រាំនឹងសម្ពាធការងារបន្តទៀតបាន។ លោកបានបញ្ជាក់ថា សម្ពាធដែលលោកបានជួបនោះមានដូចជា ការបែងចែកម៉ោងបង្រៀនដោយគ្មានគណនេយ្យភាព, តម្លាភាព និងបក្ខពួកនិយមជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សុខសុវណ្ណ បាននិយាយថា៖«ខ្ញុំមិនអាចទទួលយកបានទេ ចំពោះភាពអយុត្តិធម៌ដែលបានកើតចំពោះខ្ញុំ និងចំពោះគ្រូផ្សេងៗទៀតដែរ។ ការបែងចែកកាលវិភាគ មិនមាន គណនេយ្យភាព, តម្លាភាព ដែលធ្វើឲ្យខ្ញុំមិនអាចទទួលយកបាន និងរឿងបក្ខពួកនិយម»។
គ្រូគណិតវិទ្យា ដែលបានបម្រើការងារអស់រយៈពេល ៨ ឆ្នាំរូបនេះ បាននិយាយថា លោកក៏ធ្លាប់លើយកបញ្ហាដែលបានកើតឡើង ទៅជជែករកដំណោះស្រាយក្នុងអង្គប្រជុំនាពេលកន្លងមកដែរ ប៉ុន្តែមិនមានលទ្ធផលជាវិជ្ជមាននោះទេ។ លោកបន្តថា ការលាឈប់របស់លោកនេះ មិនជាប់ទាក់ទងនឹងរឿងនយោបាយនោះឡើយ។
លោក ប៉ុល សាវុធ នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ច្រានចោលការលើកឡើងរបស់លោក ឯម សុខសុវណ្ណ ។នាយកសាលារូបនេះ បានបកស្រាយថា ការលាឈប់របស់លោកគ្រូ ឯម សុខសុវណ្ណ ដោយសារអវត្តមានបង្រៀនច្រើនដង ចាប់តាំងទីថ្ងៃទី ២០ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ។
លោកនាយកសាលារូបនេះ បាននិយាយថា៖«បើខ្ញុំឆ្លើយទៅក្រែងសារព័ត៌មាន មិនជឿ បើបងមកដល់កន្លែងខ្ញុំល្អ អាចសួរ បុគ្គលិក កូនសិស្ស និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ប្រហែលជាច្បាស់ជាង»។
ក្នុងលិខិតលាឈប់របស់ លោក ឯម សុខសុវណ្ណ ក៏បានយោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីផងដែរ។ បច្ចុប្បន្ននេះលោក សុខសវណ្ណ កំពុងសិក្សាថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញ។
លោក ឯម សុខសុវណ្ណ បាននិយាយបន្ថែមថា៖ «ដូចខ្ញុំបានសរសេរនៅលើលិខិតសុំឈប់របស់ខ្ញុំអ៊ីចឹង ការលាឈប់របស់ខ្ញុំនេះ គឺយោងទៅតាមអវត្តមាន មិនខុសនោះទេ»។
ជាមួយគ្នានេះលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា គ្មានសម្ពាធនយោបាយក្នុងវិស័យអប់រំទេ។ លោក បូលី ដែលទទួលបានរបាយការណ៍របស់មន្ទីអប់រំខេត្តស្វាយរៀង បាននិយាយថា លោកគ្រូ ឯម សុខសុវណ្ណ មិនបានបំពេញការងារទៀងទាត់ ដោយអវត្តមានច្រើន ។ដូច្នេះករណីនេះជាការអនុវត្តនិតិវិធីរដ្ឋបាលលើមន្ត្រីរាជការស៊ីវិលប៉ុណ្ណោះ ហើយក៏មិនមែនជារឿងនយោបាយផងដែរ។
« ក្នុងករណីគ្រូបង្រៀងសិស្សមិនទៀងទាត់ អវត្តមានច្រើននេះ បើតាមនិតិវិធីរដ្ឋបាលរបស់ក្រសួង ជំហានដំបូង ត្រូវធ្វើតាមរយៈការជូនដំណឹង, ជំហានទី២ ការស្តីបន្តោស និងទី៣ ការបញ្ឍប់ពីតួនាទី។ និតិវិធីនេះគឺមានក្នុងច្បាប់របស់ក្រសួងអប់រំ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអបរំ ដែលបានបន្ថែមថា ក្រសួងអប់រំគឺតែងតែអនុវត្តការងារ ដោយគោរពទៅតាមច្បាប់ដែលមានជាធរមាន៕