អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតរដ្ឋមន្ត្រី​ការបរទេស​៖ លោក ឌូ​ទើ​តេ គួរតែ​ត្រូវបាន​ដកដំណែង ដោយសារ​មិន​ការពារ​អធិបតេយ្យ​ជាតិ​
30, Jun 2019 , 10:39 pm        
រូបភាព
ដោយ:
​អតីតរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Albert del Rosario សម្តែង​ការមិន​ពេញចិត្ត​ទៅនឹង​ការដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដោយ​លោក អះអាងថា មិនបាន​បំពេញ​តួនាទី​ពេញលេញ​ដូច​បាន​បញ្ញត្តិ​ក្នុង​រដ្ឋ​ធម្ម​នុ​រញ្ញ​។ អតីតរដ្ឋមន្ត្រី​រូបនេះ អះអាងថា លោក ឌូ​ទើ​តេ គួរតែ​ត្រូវបាន​ដក​ចេញពី​តំណែង ដោយសារ​ខ្វះ​សមត្ថភាព​ក្នុងការ​ការពារ​ទឹកដី​។​

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន ABS-CBN ថ្ងៃ​២៧ មិថុនា លោក Albert del Rosario បាន​ថ្លែងថា រដ្ឋធម្មនុញ្ញ​បាន​បញ្ញត្តិ​យ៉ាងច្បាស់​ថា តំបន់សេដ្ឋកិច្ចផ្តាច់មុខ ក៏​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​របស់​ប្រទេស ដែល​លោក ឌូ​ទើ​តេ ត្រូវការពារ ពោលគឺ​ប្រធានាធិបតី និង​កងទ័ព មាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​អតីត​ប្រមុខ​ការទូត​រូបនេះ បន្តទៀតថា អ្នក​ដែល​បំពាន​នឹង​បទបញ្ញត្តិ​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​ក្នុង​ការបញ្ឈប់​ពី​តួនាទី និង​តំណែង​។ ក្នុងករណីនេះ លោក សង្កត់ធ្ងន់ លោក​ប្រធានាធិបតី ឌូ​ទើ​តេ អាច​ត្រូវបាន​ដក​ចេញពី​តំណែង​បាន​។​
 
​ការណ៍​ដែល​អតីត​ប្រមុខ​ការទូត​ហ្វីលីពីន ដែល​ធ្លាប់មាន​ជំហរ​រឹងទទឹង​ជាមួយនឹង​ចិន​រូបនេះ បង្ហើប​ពី​ផ្លូវច្បាប់​ប្រឆាំងនឹង​លោក​ប្រធានាធិបតី ឌូ​ទើ​តេ បែបនេះ ដោយសារតែ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ បាន​ប្រព្រឹត្ត​ឥរិយាបថ​ការទូត​មួយ ដែល​បង្ក​ឲ្យ​មានការ​ហួសចិត្ត ពាក់ព័ន្ធ​នឹង​បញ្ហា​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​។ 
 
​គួរ​រម្លឹក​បន្តិច​ថា ក្នុង​រដ្ឋបាល​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី Benigno Aquino ហ្វីលីពីន បាន​មាន​ជំហរ​ប្រឆាំង​ខ្លាំង​ទៅនឹង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ពេលនោះ​ហ្វីលីពីន ដែលមាន​លោក Albert del Rosario ជា​រដ្ឋមន្ត្រីការបរទេស តែងតែ​ប្រឆាំង​ចិន​ទាំង​ក្របខណ្ឌ​ជាតិ អន្តរជាតិ និង​ក្របខណ្ឌ​ការទូត និង​យោធា​ទៀតផង​។​
 
​ទើបតែ​ដល់​រដ្ឋបាល​ដឹកនាំ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នោះទេ ដែល​ហ្វីលីពីន បាន​ផ្លាស់ប្តូរ​ជំហរ​ស្ទើរតែ​ទាំងស្រុង​ទៅកាន់​ចិន​។ រដ្ឋបាល​លោក ឌូ​ទើ​តេ ចង់​ឱបក្រសោប​ចិន ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ខណៈ​យក​រឿង​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង ទុក​ដោះស្រាយ​ដោយឡែក​តាម​មធ្យោបាយ​ការទូត និង​ចរចា​ដោយ​សន្តិវិធី​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com