ភ្នំពេញ៖ ការហាមខាត់លក់ភេសេជ្ជៈមួយចំនួនដែលមានសារជាតិផ្អែម និងចំណីអាហារខូចគុណភាព បណ្ដាលឱ្យខូចសុខភាពកុមារ នៅក្នុងសាលាគឺជារឿងដែលអាចធ្វើទៅរួច។ ប៉ុន្តែអ្វីដែលសំខាន់សិស្សនៅតែអាចទិញផលិតផលទាំងនោះពីខាងក្រៅសាលាបានដដែល។ នេះគឺជាកង្វល់របស់នាយកសាលាមួយចំនួន។ ចំណែកអ្នកលក់ភេសជ្ជៈនៅជាប់របងសាលា ថាចំណាត់ការទាំងនេះគួរតែរឹតបន្តឹងចំពោះអ្នកចែកចាយ។ រីឯអាណាព្យាបាលសិស្សវិញ យល់ថាគួរតែកាត់បន្ថយការផលិតនិងការនាំចូលផលិតផលទាំងនោះ។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ចំណីអាហារដែលហួសកាលកំណត់ ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម មានកាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូ ចាហួយ នំដូណាត់ នំផ្អែម រួមទាំងគ្រឿងស្រវឹង និងថ្នាំជក់ផងដែរនោះ ត្រូវបានហាមឃាត់លក់ក្នុងបរិវេណសាលារៀនគ្រប់កម្រិត។ ចំណាត់ការណ៍នេះមានការគាំទ្រខ្លាំងពីគណៈគ្រប់គ្រងសាលានិងអាណាព្យាបាលសិស្ស ប៉ុន្តែគេនៅតែព្រួយបារម្ភចំពោះការលក់នៅក្រៅរបងសាលា។
នៅវេលាព្រឹកខ្ញុំបានចូលទៅក្នុងសាលាវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ដើម្បីសាកសួរថ្នាក់ដឹកនាំក្នុងសាលានេះពីសេចក្ដីជូនដំណឹងរបស់ក្រសួងទាក់ទងនឹងបញ្ហាខាងលើ។ ខ្ញុំបានសង្កេតយ៉ាងហ្មត់ចត់ ក្នុងបរិវេណសាលានេះមិនមានសំរាមប្លាស្ទិក ឬប្រអប់ស្នោឡើយ។ នៅទីនេះខ្ញុំក៏មិនបានឃើញធុងសំរាមដែរ។ ខ្ញុំបានបន្តដំណើរទៅរកអគារទីចាត់ការ ជាការិយាល័យគ្រូនាយកធ្វើការ ដែលជាអ្នកមានអំណាចធំជាងគេក្នុងសាលា។ លោក ខាត់ ពែក នាយកវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ កំពុងអង្គុយពិនិត្យឈ្មោះសិស្សដែលអវត្តមាន និងហៅទូរស័ព្ទទៅអាណាព្យាបាលសិស្ស ដើម្បីសួរពីមូលហេតុដែលកូនរបស់ពួកគេមិនបានមករៀន។
ផ្អាកការងារសាលាបន្តិចដើម្បីផ្ដល់ចម្លើយដល់ខ្ញុំពីសេចក្ដីប្រកាសរបស់ក្រសួង លោក ខាត់ ពែក ថាតាំងពីឆ្នាំ២០១០ ពោលតាំងពីឡើងកាន់តំណែងជានាយកសាលានេះដំបូង លោកបានណែនាំដល់អ្នកលក់ស្ដីពីការលក់ចំណីអាហារនិងភេសជ្ជៈដែលក្រសួងធ្លាប់បានហាមឃាត់កាលពីពេលកន្លងទៅនោះ ជារៀងរាល់ឆ្នាំនិងខែ។ លោកបន្ថែម ៖«ការណែនាំរបស់ក្រសួងនេះ ខ្ញុំទើបតែបានផ្សព្វផ្សាយទៅគាត់ជាចំហ តែមិនទាន់បានហៅពួកគាត់មកផ្ទាល់ទេ។ ប៉ុន្តែរៀងរាល់ឆ្នាំនៅដើមឆ្នាំសិក្សា ខ្ញុំតែងតែហៅអ្នកលក់មកធ្វើកិច្ចសន្យាចំពោះការលក់ដូរចំណីអាហារនិងភេសជ្ជៈដែលមានការហាមឃាត់»។
ខ្ញុំព្យាយាមសួរអ្នកលក់មួយចំនួនដែលមានតូបនៅក្នុងបរិវេណសាលាផ្សារដើមថ្កូវនេះ ប៉ុន្តែពួកគេហាក់ដូចជាមិនស្វាគមន៍ខ្ញុំឡើយ ដោយអ្នកខ្លះថារវល់មិនមានពេលឆ្លើយ ហើយអ្នកខ្លះទៀតឆ្លើយចុងមាត់ចុងករ ដោយគ្រាន់តែឆ្លើយថាគាត់លក់ដូចអ្វីដែលមើលឃើញនោះ។ ចេញពីអ្នកលក់ទាំងនោះខ្ញុំបានជួបអ្នកមីងម្នាក់ដែលជាអ្នកលក់ភេសជ្ជៈកំប៉ុង។ ភេសជ្ជៈនៅទីនេះក៏មានផលិតផលដែលក្រសួងបានហាមឃាត់ដែរ។ សុំមិនបញ្ចេញឈ្មោះ តែអនុញ្ញាតឱ្យសរសេរថា ម៉ាក់ស្រីមុំ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ រួសរាយ និងសម្ដីពីរោះ។
ឈរនៅជិតទីតាំងលក់របស់ខ្លួន ក្រោមរោងប្រក់ស័ង្កសីលាតសន្ធឹងយ៉ាងធំ ដែលការពារកម្ដៅថ្ងៃនិងភ្លៀងសម្រាប់អ្នកលក់ច្រើនគ្នានោះ ស្ត្រីរូបនេះអះអាងថាខ្លួនមិនបានដឹងពីសេចក្ដីប្រកាសរបស់ក្រសួងដែលបានហាមឃាត់ការលក់ចំណីអាហារ និងភេសជ្ជៈមួយចំនួនឡើយ។ ដោយអ្នកស្រីបញ្ជាក់ថា ៖«ខ្ញុំបានដឹងតែរឿងមិនឱ្យប្រើកែវជ័រ តែរឿងហាមលក់ភេសជ្ជៈខ្ញុំមិនទាន់ដឹងទេ។ បើគេមិនឱ្យលក់ខ្ញុំក៏មិនហ៊ានលក់ដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោកនាយកសាលា ខាត់ ពែក ថាអ្នកលក់មួយចំនួនតែងតែបំពានទៅនឹងអ្វីដែលសាលាបានណែនាំ។ អ្នកគ្រប់គ្រងសាលារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គិតចាប់ពីពេលនេះទៅមុខ សាលារបស់លោកនឹងអនុវត្តវិធានការតឹងរឹងចំពោះអាជីវករណាដែលមិនគោរពតាមបទបញ្ជា៖«អ្នកលក់មិនទាន់អនុវត្តបានមួយរយភាគរយទេ ព្រោះពួកគាត់ខ្លះជាញាតិរបស់អ្នកធ្វើការនៅទីនេះ ដូច្នេះយើងចេះតែមានមនោសញ្ចេតនា។ ប៉ុន្តែពីពេលនេះទៅមុខ បើគាត់នៅតែល្មើសយើងត្រូវតែបញ្ឈប់គាត់ជាដាច់ខាង ព្រោះបើមិនដូចនោះក្រសួងដាក់ទោសថ្នាក់ដឹកនាំ»។
កន្លងមកវិទ្យាល័យផ្សារដើមថ្កូវមិនត្រឹមតែបានហាមឃាត់ការលក់អាហារដែលមិនមានគុណភាព និងភេសជ្ជៈដែលបណ្ដាលឱ្យប៉ះពាល់សុខភាពកុមារឡើយ តែសាលាថែមទាំងបានកំណត់ឱ្យសិស្សត្រូវតែមានប្រអប់ដាក់បាយដែលអាចរក្សាអនាម័យអាហារ និងអាចប្រើបានច្រើនលើក រួមទាំងត្រូវមានដបទឹក ដែលមិនមែនជាដបជ័រថែមទៀតផង។ លោក ខាត់ ពែក ថាការធ្វើបែបនេះដើម្បីថែរក្សាអនាម័យ រក្សាសុវត្ថិភាព និងការពារបរិស្ថាននោះឯង៖« សាលាធ្វើបែបនេះព្រោះបើគាត់ចេញទៅក្រៅវាអាចមានគ្រោះថ្នាក់ច្រើន ដូចជាគ្រោះថ្នាក់ចរាចរ អាចគេវាយ ឬគេល្បួងទៅដើរលេង។ កន្លងមកខ្ញុំបានហាមទាំងអស់ ទាំងប្លាស្ទិក ដបទឹកសុទ្ធ និងកែវជ័រជាដើម»។
ជាសិស្សមួយរូបក្នុងសាលាខាងលើកញ្ញា សាន ណារី ដែលរៀនថ្នាក់ទី៩ គាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សាលាក្នុងការការពារបរិស្ថាននេះ។ ទើបតែដើរចេញពីយកទឹក ពីម៉ាស៊ីទឹកក្ដៅទឹកត្រជាក់ ដែលសាលាបានដាក់នៅក្នុងអគារទីចាត់ការ ណារី និយាយដោយកាន់ដបទឹកនៅក្នុងដៃ៖«គាត់ឱ្យយកប្រអប់បាយមកពីផ្ទះ ដើម្បីកុំឱ្យប្រើស្នោ។ ខ្ញុំយល់ថាល្អ ព្រោះវាជួយការពារបរិស្ថាន។ ការទទួលទានភេសជ្ជៈផ្អែមច្រើនធ្វើឱ្យខូចសុខភាព និងធ្វើឱ្យមានជំងឺទឹកនោមផ្អែម»។
ចំណាត់ការរបស់ក្រសួងអប់រំចំពោះការលក់ចំណីអាហារខូចគុណនិងភេសជ្ជៈមួយចំនួននៅក្នុងបរិវេណសាលា ត្រូវបានលោក ខាត់ ពែក គាំទ្រទាំងស្រុង ប៉ុន្តែអ្វីដែលជាកង្វល់របស់នាយកសាលារូបនេះ គឺការលក់ប្រភេទផលិតផលទាំងនោះនៅក្រៅរបងសាលា ដែលនាំឱ្យសិស្សលួយលាក់ទិញបាន។ បុរសមុខមាំរូបនេះនៅតែទទូចដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ចំពោះអ្នកលក់ដូរនៅជាប់របងសាលាឱ្យបាមតឹងរឹងបន្ថែមទៀត៖«នៅមានការលំបាកចំពោះអ្នកលក់នៅជុំវិញរបងសាលា ហើយសិស្សចេះតែយកអាហារដែលមិនមានគុណភាព និងប្រភពច្បាស់លាស់ចូលក្នុងសាលា។ ខ្ញុំមានតែសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យគាត់ជួយអន្តរាគមន៍ ដើម្បីកុំឱ្យមានអ្នកលក់នៅតាមរបងសាលាទៀត។ កន្លងមកខ្ញុំបានធ្វើលិខិតស្នើសុំអន្តរាគមន៍ ហើយលើកមុននោះគាត់បានធ្វើហើយ តែពេលនេះពេញដដែល»។
ជាអ្នកលក់ទឹកអំពៅ និងភេសជ្ជៈកំប៉ុងដែលមានសារជាតិផ្អែមមួយចំនួនផងនោះ ស្ត្រីម្ដាយនិងកូន២រូបបានអះអាងថាខ្លួនលក់នៅជិតរបងសាលាវត្តទួលទំពូងនេះ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សុំមិនបញ្ចេញឈ្មោះ ស្ត្រីជាកូនអះអាងថាខ្លួនលក់ភេសជ្ជៈនេះដាច់ច្រើនបានតែចំពោះអ្នកដំណើរតែប៉ុណ្ណោះ។ ឆ្លើយបន្ទរពីខាងក្រោយខ្នងកូន ស្ត្រីជាម្ដាយថាបើចង់ឱ្យការហាមប្រាមនោះមានប្រសិទ្ធភាពទាល់តែរឹតបណ្តឹងចំពោះអ្នកដែលចែកចាយបន្តក្នុងស្រុក ៖«ភាគច្រើនខ្ញុំមិនលក់ឱ្យសិស្សទេ ព្រោះពួកគេទិញតែ១០០០រៀល ហើយខ្ញុំលក់ជាកំប៉ុង។ បើខាងគេហាមខ្ញុំប្រហែលជាកាត់បន្ថយ»។ ម្ដាយអ្នកលក់និយាយហាក់ដូចជាខឹង ៖«ហាមឃាត់អ្នកលក់ម៉េចបាន ហាមអ្នកនាំចូលមកស្រុកខ្មែរបានត្រូវ»។
ជាមួយគ្នានោះដែរអ្នកស្រី ឃឹម ផៃ ដែលមានអាយុជាង៣០ឆ្នាំ និងមានកូនស្រីរៀនថ្នាក់ទី២នៅសាលាបឋមសិក្សាវត្តទួលទំពូង ក៏បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចគួរតែបិទការចរាចរផលិតផលណាដែលមិនមានគុណភាព និងធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះតែម្ដង ទើបអាចធានាសុវត្ថិភាពបាន។ ស្ត្រីដែលកម្រឱ្យកូនទទួលទានភេសជ្ជៈ និងអាហារខាងក្រៅរូបនេះ ពន្យល់ទាំងដែលកំពុងអង្គុយលើម៉ូតូ៖«គួរតែហាមលក់ទាំងក្នុងនិងក្រៅសាលា។ បើផលិតផលនោះមិនល្អ គេគួរតែបិទវាចចោលតែម្ដងទៅ»។
មិនខុសគ្នាពីសាលាផ្សារដើមថ្កូវប៉ុន្មានទេលោក ហេង ប៊ុនធឿន នាយកសាលាបឋមសិក្សាវត្តទួលទំពូង ក៏ធ្លាប់បានណែនាំដល់អ្នកលក់នៅក្នុងបរិវេណសាលាដែរ។ លោក ប៊ុនធឿន បញ្ជាក់៖«ខ្ញុំបានប្រជុំជាមួយគ្រូនៅក្នុងសាលាហើយ តែមិនទាន់បានប្រជុំជាមួយអ្នកលក់ទេ។ ពីមុនយើងធ្លាប់ប្រជុំដែរ។ មកដល់ពេលនេះសិស្សបានកាត់បន្ថយទទួលទានភេសជ្ជៈនិងចំណីទាំងនោះបានប្រហែលពី១០ទៅ២០ភាគរយហើយ»។
ទើបតែចេញពីប្រជុំជាមួយព្រះសង្ឃនៅក្នុងវត្តទួលទំពូងដែលនៅជាប់សាលា នាម៉ោងជាង១១ថ្ងៃត្រង់ លោក ប៊ុនធៀន ថាការងារទប់ស្កាត់ការលក់ចំណីអាហារនិងភេសជ្ជៈមួយចំនួនដែលក្រសួងហាមឃាត់នោះ គឺត្រូវការពេលវេលា ៖«យើងមិនទាន់អាចកុំណត់បានថានឹងអាចអនុវត្តបានកម្រិតណាទេ តែយើងនឹងព្យាយាម។ អ្វីក៏ដោយទាល់តែមានវិន័យ ទើបមនុស្សធ្វើតាម»។
ពាក់អាវពណ៌សអង្គុយក្នុងបន្ទប់ការងារ នាយកសាលាដែលមានអាយុប្រមាណជា៤០ឆ្នាំរូបនេះ ថាទាល់តែមានការកាត់បន្ថយការនាំចូលផលិតផលទាំងនោះ៖«យើងតែងតែសំណូមពរដល់អាណាព្យាបាល នៅពេលគោរពទង់ជាតិ ថាបើអាចឱ្យកូនឈប់ទទួលទានអាហារទាំងនោះបានកាន់តែល្អ។ ភេសជ្ជៈទាំងនោះវាប៉ះពាល់ដល់សុខភាព ដូច្នេះអាជ្ញាធរ បើអាចកាត់បន្ថយការនាំចូលគឺល្អ។
ចំណែកលោក ខាត់ ពែក ក៏បានសំណូមពរថា ៖«ខ្ញុំសំណូមពរទៅអាជ្ញាធរ អាណាព្យាបាលសិស្ស ក្រសួងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឱ្យគាត់ចូលរួមផ្សព្វផ្សាយចំណេះដឹង ស្ដីពីការទទួលទានរបស់កូន។ ជាពិសេសពេលមករៀន គាត់គួរតែមានប្រអប់បាយ និងដបដាក់ទឹក ដើម្បីធានាសុវត្ថិភាពចំណីអាហារ»។
សូមបញ្ជាក់ថាកន្លងមកក្រសួងអប់រំយុវជននិងកីឡា ធ្លាប់បានផ្សព្វផ្សាយពីការហាមលក់ចំណីអាហារនិងភេសជ្ជៈមួយចំនួនក្នុងបរិវេណសាលារួចមកហើយ ហើយទើបតែថ្មីៗនេះក្រសួងបានប្រកាសជាថ្មីម្ដងទៀតក្នុងការហាមឃាត់ការលក់អាហារទាំងនោះ។ ជាមួយគ្នានោះក្រសួងអប់រំក៏បានបញ្ជាក់ដែរថា គណៈគ្រប់គ្រងតាមគ្រឹះស្ថានអប់រំ និងសាលាគ្រប់កម្រិត ត្រូវពិនិត្យ និងតាមដានឱ្យបានដិតដល់ចំពោះការលក់ចំណីអាហារ និងភេសជ្ជៈដែលបានហាមឃាត់ បើពុំដូចនោះទេក្រសួងសាមីនឹងដាក់ពិន័យរដ្ឋបាល នៅតាមសាលាដែលល្មើស៕ រូប១១