សៀមរាប៖ ក្រុមហ៊ុន Angkor Eye Co., Ltd. ដែលជាក្រុមហ៊ុនជប៉ុនបានបោះទុនវិនិយោគ៧,២លានដុល្លារ ដើម្បីសង់កន្ដ្រកវិលខ្នាតធំនៅទីក្រុងសៀមរាប។ ការវិនិយោគរបស់ក្រុមហ៊ុនអន្ដរជាតិមួយនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក៏ដូចជាជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្តទេសចរណ៍មួយនេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់កន្ដ្រកវិលជាផ្លូវការនៅព្រឹកថ្ងៃទី៣០ មិថុនា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor Eye លោក Takeyoshi Shinomiya (តាគីយូស៊ិ ស៊ិណូមិយ៉ា) បានឱ្យដឹងថា នេះជាគម្រោងវិនិយោគទី១៤របស់ខ្លួន ដែលមានកន្ត្រកវិលដ៏ទាក់ទាញ១៣កន្លែងរួចមកហើយនៅជុំវិញពិភពលោក។ លោក តាគីយូស៊ិបន្ថែមថា ក្រោយមានបទពិសោធន៍លើកដំបូងនៅកម្ពុជាក្នុងគម្រោងសួនទឹកនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី នៅរាជធានីភ្នំពេញ ក្រុមហ៊ុនក៏បានស្វែងយល់ពីសក្កានុពលក្នុងការពង្រីកការវិនិយោគបន្ថែមក្នុងខេត្តសៀមរាបនៅពេលនេះ។
កន្ដ្រកវិលខ្នាតយក្សដែលវិនិយោគដោយក្រុមហ៊ុនជប៉ុននៅពេលនេះ មានកម្ដស់៨៥ម៉ែត្រពីដី ដែលអាចមើលឃើញពីទិដ្ឋភាពជុំវិញក្រុងសៀមរាប ពិសេសទេសភាពវាលស្រែចម្ការនិងថ្ងៃលិចដ៏ស្រស់ស្អាតនៅជុំវិញ។ តាមការបញ្ជាក់ពីប្រធានក្រុមប្រឹក្សាភិបាលលើគម្រោងនេះ កន្ដ្រកសណ្ដោងទាំងអស់សុទ្ធតែបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលអាចផ្ទុកមនុស្សសរុបបានចំនួន១៩២នាក់ ហើយក្នុងមួយជុំមានរយៈពេល ១៨នាទី។
អគ្គនាយកក្រុមហ៊ុន Angkor Eye លោក ម៉េង ហៀង បានឱ្យដឹងដែរថា គម្រោងវិនិយោគកន្ដ្រកវិលនេះ នឹងប្រើពេលសាងសង់រយៈពេល៦ខែ ដែលគ្រោងនឹងបញ្ចប់និងបើកទទួលភ្ញៀវនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ លោកបន្ថែមថា កម្ពុជាជាប្រទេសទីមួយ ដែលបាននាំចូលកន្ដ្រកវិលពីប្រទេសជប៉ុននិងមានកម្ពស់ខ្ពស់ជាងគេ ក្នុងទីផ្សារធំទី៣នៅអាស៊ីអាគ្នេយ៍។ កន្ដ្រកវិលចំនួន ៤៨ មានទម្ងន់សរុប ៧០០តោន ផ្ទុកក្នុងកុងទឺន័រចំនួន ៨៥ ដឹកជញ្ជូនពីប្រទេសជប៉ុន បានមកដល់ក្រុងសៀមរាបហើយ ដែលបច្ចុប្បន្នក្រុមវិស្វករជនជាតិជប៉ុនកំពុងរៀបចំប្លង់លម្អិតទៅតាមកម្រិតបច្ចេកទេសនិងស្ដង់ដាត្រឹមត្រូវ ធានាសុវត្ថិភាពខ្ពស់។
លោក ម៉េង ហៀង មានក្ដីរំពឹងថា នៅពេលកម្រោងសង់កន្ត្រកវិល Angkor Eye បញ្ចប់ វានឹងក្លាយជានិមិត្តរូបមួយក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរដែលចង់ទស្សនាទីក្រុងសៀមរាបនិងប្រាសាទអង្គរវត្តពីលើមេឃ។ អគ្គនាយក្រុមហ៊ុន Angkor Eye បានបង្ហើបថា ក្រុមហ៊ុនក៏កំពុងសិក្សាបញ្ជូលការទស្សនាជាកញ្ចប់តែមួយ ជាមួយភូមិវប្បធម៌ដែលមានទីតាំងនៅជាប់គ្នានោះផងដែរ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ចាត់ទុកវត្តមានគម្រោងវិនិយោគកន្ដ្រកវិលរបស់ក្រុមហ៊ុនជប៉ុននៅពេលនេះ ថាជាមុខមាត់ថ្មីមួយបន្ថែមទៀតរបស់ខេត្តសៀមរាប។ អភិបាលវ័យក្មេងរូបនេះរំពឹងថា ក្រុមហ៊ុនមួយនេះនឹងបន្ដបង្កើនការវិនិយោគបន្ថែមនៅកម្ពុជាពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គួររម្លឹកថា ការវិនិយោគកន្ត្រកវិលដ៏ធំនៅក្នុងផ្សារ Box Ville ដែលស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនៅពេលនេះ គឺមានការចូលរួមពីភាគីជប៉ុននិងកម្ពុជា ដែលរួមមាន លោក ម៉េង ហៀង លោក ឃឹម ហ្វីណង់ និងលោក តាគីយូស៊ិ ស៊ិណូមិយ៉ា។ ថ្នាក់ដឹកនាំទាំងនេះ ក៏មានផែនការបន្ដការវិនិយោគបន្ថែមក្នុងខេត្តសៀមរាបដោយក្រុមហ៊ុនកំពុងសិក្សាពីលទ្ធភាពនិងឱកាសវិនិយោគលើវិស័យទេសចរណ៍ ផ្នែកសេវាកម្មកម្សាន្ត៕