កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​រក្សា​កំណត់ត្រា​មិន​ចាញ់ ខណៈ​កំពង់ចាម​ធ្លាយ​ដល់​ទៅ​១៣១​គ្រាប់​នៅ​ជើង​ទីមួយ​
30, Jun 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះខ័ន​រាជ​ស្វាយរៀង​បញ្ចប់​ការប្រកួត​ជើង​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ ជាមួយនឹង​កំណត់ត្រា មិន​ស្គាល់​ចាញ់ ក្រោយ​លទ្ធផល​ស្មើ ០-០ ជាមួយ​ណាហ្គា​វើ​លដ៍​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​របស់ខ្លួន នា​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា នេះ​។ ផ្ទុយទៅវិញ ក្រោយ​ជ័យជម្នះ​បើក​រដូវ​កាល ក្រុម​ខេត្តកំពង់ចាម​បាន​ចាញ់​១២​ប្រកួត​ជាប់​គ្នា ជាមួយនឹង​ការ​ធ្លាយ​សំណាញ់​ទី​សរុប​រហូតដល់​ទៅ​១៣១​គ្រាប់ ដោយ​ជំនួប​ចុងក្រោយ​នៃ​ជើង​ទីមួយ ក្រុម​ខេត្ត​មួយ​នេះ ចាញ់​ភ្នំពេញ​ក្រោ​ន ១៧-២​។​



​ការប្រកួត​នៅ​កីឡដ្ឋាន​ស្វាយរៀង មាន​បញ្ហា​ដាច់​ចរន្តអគ្គិសនី​រហូតដល់​ទៅ​២​លើក ពោលគឺ​ក្នុង​តង់​ទីមួយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកួត​នៅតែ​បន្ត​ដំណើរការ ខណៈ​ក្រុម​អ្នកគាំទ្រ ជាពិសេស​ខាង​ម្ចាស់ផ្ទះ​ស្វាយរៀង រង់ចាំ​មើល​ការប្រកួត​រហូតដល់​ចប់​។ ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​លដ៍ សុទ្ធតែ​មានឱកាស​រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​គ្នា​បានឡើយ​។​

​នៅ​កីឡដ្ឋាន​វិសាខា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Eliel da Cruz Guardiano រកបាន​២​គ្រាប់ និង ឆេង ម៉េង រកបាន​១​គ្រាប់​នៅ​តង់​ទីមួយ សម្រាប់​ម្ចាស់ផ្ទះ មុនពេល​ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane វាយបក​បាន​១​គ្រាប់​សម្រាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​កាលពីពេល​រសៀល ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​កំពង់ចាម ១៧-២ នៅ​ស្តា​ត​ចាស់ ខណៈ​បឹងកេត យកឈ្នះ គិរីវង់​សុខ​សែន​ជ័យ ២-១​។​ សរុបការប្រកួតទាំង១៣លើកនៅជើងទីមួយ កំពង់ចាមស៊ុត​ចូលទីគេ​តែ៥គ្រាប់ប៉ុណ្ណោះ ហើយធ្លាយសំណាញ់ទីវិញ រហូតដល់ទៅ​១៣១គ្រាប់។


​តារាង​ចំណាត់ថ្នាក់​៖
១.​ព្រះខ័ន​រាជ​ស្វាយរៀង (៣៣ពិន្ទុ)
២. ណាហ្គា​វើ​លដ៍​ (២៨ពិន្ទុ)
៣. អង្គ​រថា​យ​ហ្គឺ​រ (២៧​ពិន្ទុ​)
៤. បឹងកេត (២៦ពិន្ទុ)
៥. វិសាខា (២៥​ពិន្ទុ​)
៦. ភ្នំពេញ​ក្រោ​ន (២៤​ពិន្ទុ​)
៧. ក្រសួងការពារជាតិ (២៣​ពិន្ទុ​)
៨. សូល​ទី​ឡូ​អង្គរ (២១​ពិន្ទុ​)
៩. អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត (១៦​ពិន្ទុ​)
១០. អគ្គស្នងការដ្ឋាននគរបាលជាតិ (១៣ពិន្ទុ)
១១. គិរីវង់​សុខ​សែន​ជ័យ (១២​ពិន្ទុ​)
១២. អគ្គិសនី​កម្ពុជា (១០ពិន្ទុ​)
១៣. យុវជន​បាល់ទាត់​ជាតិ (៣​ពិន្ទុ​)
១៤. ខេត្តកំពង់ចាម (៣​ពិន្ទុ​)



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com