ជាតិ
ហាងកាហ្វេមួយបង្កើតកាហ្វេ «ឡាតេទឹកកកជ្រៃ» ឧបត្ថម្ភសិស្សក្រីក្រឱ្យទទួលបានចំណេះដឹងភាសាអង់គ្លេស
× សៀមរាប៖ ដើម្បីរួមចំណែកឬតបស្នងការដែលសហគមន៍ជ្រៃ ក្នុងស្រុកសូទ្រនិគម ខំដាំបន្លែសុវត្ថិភាពផ្គត់ផ្គង់ដល់ខ្លួន ម្ចាស់ហាងកាហ្វេមួយក្នុងក្រុងសៀមរាប បានបង្កើតយីហោកាហ្វេថ្មីមួយគឺកាហ្វេ «ឡាតេទឹកកកជ្រៃ»។ អតិថិជនដែលបានទិញកាហ្វេនេះ នឹងអាចជួយកុមារក្រីក្រឱ្យទទួលបានការអប់រំផ្នែកភាសាអង់គ្លេសនៅមូលដ្ឋានពួកគេតាមរយៈសាលាសហគមន៍ជ្រៃ ដែលបាននិងកំពុងបង្រៀនដល់កុមារក្រីក្រដែលជាកូនកសិករដាំបន្លែសុវត្ថិភាពដោយឥតគិតថ្លៃ។ មានតែកូនសិស្សដែលជាកូនកសិករដាំបន្លែសុវត្ថិភាពប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមក្នុងសាលាភាសាអង់គ្លេសដោយឥតបង់ថ្លៃនេះ។
ក្នុងពិធីសម្ពោធដាក់លក់ឈ្មោះកាហ្វេថ្មីនេះនៅថ្ងៃទី២៩ មិថុនា លោក ទិត្យ សុធារ៉ា ស្ថាបនិកហាងកាហ្វេ ណ ដែលល្បីឈ្មោះក្នុងក្រុងសៀមរាបបានលើកឡើងថា មូលនិធិនេះគឺបង្កើតឡើងដើម្បីឱ្យកាហ្វេ ណ ក៏ដូចជាអតិថិជន រួមគ្នាបរិច្ចាគថវិកាខ្លះៗតាមរយៈការជាវកាហ្វេ ដល់សហគមន៍ដែលហាងកាហ្វេនេះ បាននិងកំពុងជួយឧបត្ថម្ភអស់រយៈពេល៣ឆ្នាំមកហើយ។ លោក សុធារ៉ា បន្ថែមថា បើអតិថិជនជាវឡាតេទឹកកកជ្រៃមួយកែវ គឺបានរួមចំណែកជួយសាលាសហគមន៍ ៤០០រៀល បូករួមនឹងការបរិច្ចាគពីកាហ្វេ ណ ៤០០រៀលទៀត សរុប៨០០រៀលក្នុងមួយកែវ។
អ្នកស្រី ថៃ ឈាងលី កសិករដាំបន្លែសុវត្ថិភាព បានរៀបរាប់ថា សាលាសហគមន៍ជ្រៃបានជួយកាត់បន្ថយការចំណាយច្រើនដល់គ្រួសារកសិករដាំបន្លែសុវត្ថិភាព ជារួមកាត់បន្ថយទាំងការចំណាយថវិកា និងសុវត្ថិភាពដល់កូនចៅពួកគេ ព្រោះសាលានៅក្នុងភូមិក្បែរផ្ទះ។
បំណងទៅមុខ ម្ចាស់ហាងកាហ្វេ ណ លោក សុធារ៉ា មានបំណងពង្រីកការអប់រំផ្នែកភាសាអង់គ្លេសដល់សហគមន៍មួយទៀតក្នុងខេត្តសៀមរាប ប្រសិនបើឡាតេទឹកកកជ្រៃនេះ ទទួលបានការគាំទ្រពីអតិថិជន។ សម្រាប់លោក សុធារ៉ា បើអតិថិជនបន្តជាវកាហ្វេនេះកាន់តែច្រើន គឺដូចជាបន្ដគាំទ្រ បុព្វហេតុសង្គមដល់គ្រួសារដែលត្រូវការជំនួយទាំងនោះ។
គួរបញ្ជាក់ថា សាលាសហគមន៍ជ្រៃជាគម្រោងសាលាសហគមន៍មួយរបស់ ណ ត្រូវបានផ្តួចផ្តើមនៅក្រោមផ្ទះរបស់អ្នកស្រី សូដា តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ជាមួយគ្នានេះ គ្រូបង្រៀនក៏ត្រូវបានឧបត្ថម្ភបច្ចេកទេសបង្រៀនពីសាលាអន្ដរជាតិ API។ បច្ចុប្បន្ននេះ សាលាមូលដ្ឋានមាន២ថ្នាក់ដែលសរុបសិស្សមានចំនួន៨០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com