ជារឿងមិនធ្លាប់ពីមុនមក ប្រធានាធិបតីអាមេរិក បានជួបជាមួយមេដឹកនាំបច្ចាមិត្តរបស់ខ្លួននៅកន្លែងដែលធ្លាប់ប្រយុទ្ធគ្នាកាលពីជាង៧០ឆ្នាំមុន។ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែមិថុនា បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកឧបទ្វីបកូរ៉េជាពីរ។ ក្នុងជំនួបដែលរៀបចំឡើងដោយប្រញាប់ប្រញាល់ លោក ត្រាំ និងលោក គីម ឯកភាពគ្នាចាប់ផ្ដើមការចរចាឡើងវិញ។
ត្រឹមជាង៣០ម៉ោងប៉ុណ្ណោះក្រោយបង្ហោះសំណើអញ្ជើញតាមបណ្ដាញ Twitter ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅតំបន់គ្មានយោធាដែលជារនាំងខណ្ឌកូរ៉េទាំងពីរ។ នៅត្រង់ខ្សែបន្ទាត់យោធាដែលពុះចែកឧបទ្វីបកូរ៉េ លោក គីម ប្រាប់លោក ត្រាំ ថា លោកមិនដែលរំពឺងថា នឹងបានជួបគ្នានៅទីនេះឡើយ ហើយលោកពិតជាភ្ញាក់ផ្អើលនឹងសំណើរៀបចំជំនួបទាំងតាមបណ្ដាញ Twitter និងទាំងលិខិតផ្លូវការនៅពេលបន្ទាប់។
ក្រោយការចាប់ដៃជាប្រវត្តិសាស្ត្រ និងការឈានចូលទឹកដីកូរ៉េខាងជើង លោក ត្រាំ ក៏អញ្ជើញលោក គីម ឆ្លងខ្សែបន្ទាត់ចូលទឹកដីកូរ៉េខាងត្បូងដើម្បីចរចា។ ទៅដល់កូរ៉េខាងត្បូង លោក ត្រាំ និងលោក គីម ក៏ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ប៉ុន្តែលោក មូន គ្មានវត្តមានក្នុងជំនួបជាង៤០នាទីរវាងលោក ត្រាំ និងលោក គីម ឡើយ។ ក្រោយការចរចាជាលក្ខណៈឯកជន មេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានយល់ព្រមការចរចាដើម្បីរំសាយនុយក្លេអ៊ែរឡើងវិញ។
លោក ត្រាំ និយាយក្រោយជំនួបថា លោក មានជំនួបដ៏ល្អជាមួយលោក គីម តែត្រូវរង់ចាំមើលសិនថា នឹងមានរឿងកើតឡើងនៅពេលក្រោយ ប៉ុន្តែល្បឿននៃការរំសាយនុយក្លេអ៊ែរ មិនមែនជាបញ្ហាឡើយ។ លោកបន្ថែមថា ភាគីទាំងពីរ នឹងរៀបចំក្រុមការងារមួយដើម្បីបន្តការចរចានេះ សំដៅលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក មៃ ប៉ុមប៉េអូ លើកឡើងមុនចាកចេញទៅកាន់អាមេរិកវិញ ថា ការចរចាថ្នាក់ក្រុមការងារអាចចាប់ផ្ដើមនៅពាក់កណ្ដាលខែកក្កដានេះ។
សម្រាប់អាមេរិក ក្រុមការងារនេះ នឹងដឹកនាំដោយតំណាងពិសេស Stephen Biegun ដែលធ្លាប់ដឹកនាំការចរចាជាច្រើនស្រេចទៅហើយ។ ឯកូរ៉េខាងជើងវិញ ទំនងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី ឆេ ស៊ុនហ៊ី ដែលធ្លាប់ចូលរួមក្នុងដំណើការចរចាជាមួយអាមេរិកនាពេលកន្លងមក។ ប្រធានប្រតិភូកូរ៉េខាងជើងអំឡុងជំនួបមេដឹកនាំនៅវៀតណាមដែលបរាជ័យ គឺលោក គីម យុកឈុល ទំនងស្ថិតក្នុងការដាក់ពិន័យនៅឡើយ។
រំកិលភ្នំដើម្បីជួបគ្នា
ជំនួបពីរដងមុនរវាងលោក ត្រាំ និងលោក គីម ត្រូវបានរៀបចំយ៉ាងដិតដល់បំផុតលុះដល់វិនាទីចុងក្រោយតែម្ដង ប៉ុន្តែការជួបមុខលើកទីបីនេះ ត្រូវបានរៀបចំដោយដោយគ្មានការគិតទុកមុនច្រើនឡើយ។ បើមើលតាមវីដេអូដែលផ្សាយផ្ទាល់នោះ គេនឹងឃើញការសកម្មភាពឥតសណ្ដាប់ធ្នាប់ជាច្រើន និងសំឡេងស្រែករញ៉េរញ៉ៃ ពិសេសនោះ លោក ត្រាំ និងលោក គីម បែរជាត្រូវនិយាយទៅកាន់អ្នកសារព័ត៌មាននៅក្រៅអាគារទៅវិញ ទោះជាមេដឹកនាំទាំងពីរជួបគ្នាក្នុងបន្ទប់បិទទ្វារក្ដី។
ប្រធានាធិបតីអាមេរិកនិយាយថា ភាគីទាំងពីរត្រូវរំកិលភ្នំដើម្បីរៀបចំជំនួបនេះ។ តាមពិតទៅ លោក ត្រាំ ទទួលស្គាល់ថា វាជារឿងលំបាកមួយដែលត្រូវរៀបចំកិច្ចប្រជុំភ្លាមៗបែបនេះ ពិសេសសម្រាប់លោក គីម ដែលចាំបាច់ត្រូវការការពារយ៉ាងម៉ត់ចត់បំផុតនោះ។ តាមសេចក្ដីរាយការណ៍ខ្លះ អ្នកនាំពាក្យលោក ត្រាំ ថ្មី បានរងរបួសដោយការប្រជ្រៀតគ្នារវាងអ្នកសារព័ត៌មានជាច្រើន និងអង្គរក្សកូរ៉េខាងជើងរបស់លោក គីម ។
លោក ត្រាំ អញ្ជើញលោក គីម ទៅវ៉ាស៊ីនតោន ឯលោក គីម ហៅលោក ត្រាំ ទៅព្យុងយ៉ាង
នាជំនួបក្នុងភូមិប៉ាន់មុនជុមនៃតំបន់គ្មានយោធា លោក ត្រាំ ក៏បានអញ្ជើញលោក គីម ទៅទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន។ បើតាមលោក ត្រាំ ទស្សនកិច្ចនេះ នឹងរៀបចំឡើងនៅពេលសមរម្យណាមួយ។ ចំណែកលោក គីម វិញ ក៏បានអញ្ជើញលោក ត្រាំ ឲ្យធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងដែរ។ មេដឹកនាំកូរ៉េខាងជើងរូបនេះបញ្ជាក់ថា វាជាកិត្តិយសដ៏ធំមួយ បើលោក ត្រាំ ទៅកាន់រដ្ឋធានីព្យុងយ៉ាងនោះ។ ដូចលោក គីម ដែរ លោក ត្រាំ ថា ទស្សនកិច្ចនឹងកើតឡើងនៅពេលវេលាត្រឹមត្រូវ។
សូមបញ្ជាក់ថា ទោះមិនទាន់ទៅដល់ព្យុងយ៉ាងមែន លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទីមួយដែលជាន់ទឹកដីកូរ៉េខាងជើងទៅហើយ។ ពេលចាប់នៅឯតំបន់សន្តិសុខរួម (JSA) លោក គីម ក៏អញ្ជើញលោក ត្រាំ ឲ្យឆ្លងកាត់បេតុងដែលខណ្ឌចែលកូរ៉េជាពីរ ហើយលោក ត្រាំ ក៏យល់ព្រម រួចដើរចូលទឹកដីកូរ៉េខាងជើងប្រមាណម្ភៃជំហាន មុននឹងត្រឡប់ចូលទឹកដីកូរ៉េខាងត្បូងវិញ៕