ជាតិ
សម្ដេច ហ៊ុន សែន ប្រកាសជួយស្ថានីយ៍ទូរទស្សន៍ណា ដែលគ្មានលទ្ធភាពជួលអ្នកបកប្រែភាសា«គ ថ្លង់»
× ភ្នំពេញ៖ ពីពិធីផ្ទេរការគ្រប់គ្រងសាលាគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ រៀបចំកម្មវិធីព័ត៌មាន ដោយមានអ្នកបកប្រែភាសា«គ ថ្លង់» សម្រាប់អ្នកពិការភាព។ ការស្នើរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីសម្ដេចសង្កេតឃើញថា ស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា ខ្វះការយកចិត្តទុកដាក់លើជនពិការ «គ ថ្លង់»។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្នកពិការ «គ ថ្លង់» ក៏ចង់ទទួលបានព័ត៌មានជាក់លាក់ ដូចមនុស្សទូទៅដែរ។ ដូច្នេះការផ្ដល់ព័ត៌មាន តាមរយៈការបកប្រែភាសា នៅលើកញ្ចក់ទូរទស្សន៍នានា វាគឺជារឿងចាំបាច់បំផុត។ ដោយសារឃើញពីបញ្ហានេះ ទើបសម្ដេច ហ៊ុន សែន ស្នើឲ្យស្ថានីយ៍ទាំងនោះ រៀបចំការបកប្រែភាសា «គ ថ្លង់» នៅក្នុងកម្មវិធីព័ត៌មាន សម្រាប់ជនពិការឡើងវិញ ខណៈបច្ចុប្បន្នស្ថានីយ៍ទាំងអស់ បានលុបបំបាត់ចោលកម្មវិធីនេះ ។
«បណ្ដាទូរទស្សន៍មិនព្រមយកអ្នកបកប្រែទៅ អ្នកឯងកំពុងកាត់សិទ្ធិអ្នក គ ថ្លង់ ហើយ។ អ៊ីចឹងសូមម្ចាស់ទូរទស្សន៍ទាំងឡាយអនុវត្តនូវរឿងនេះ ហើយនៅពេលដែលមានព័ត៌មានហៅ(អ្នកបកប្រែភាសា គ ថ្លង់) យកទៅ ដើម្បីកុំកាត់សិទ្ធិយល់ដឹងអំពីបណ្ដាព័ត៌មានសម្រាប់អ្នក គ ថ្លង់»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើស្ថានីយ៍ទូរទស្សន៍ណា មិនធ្វើតាមការណែនាំទេនោះ សម្ដេច នឹងទូរស័ព្ទទៅបញ្ជាម្ចាស់ និងអ្នកគ្រប់គ្រងស្ថានីយ៍នោះផ្ទាល់តែម្ដង។ និយាយបែបនេះហើយ ប្រមុខរដ្ឋាភិបាល បានប្រកាសថា បើស្ថានីយ៍ណាគ្មានលុយរៀបចំកម្មវិធី ដោយជួលអ្នកបកប្រែភាសា «គ ថ្លង់» ទៅធ្វើកាយវិការផ្ដល់ព័ត៌មានទេនោះ សម្ដេចចេញលុយជំនួសក៏បាន។
ពីពិធីផ្ទេរការគ្រប់គ្រងសាលាគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ផ្ដាំចុងក្រោយណា ខ្ញុំនឹងតាមមើលគ្រប់ប៉ុស្តិ៍ បើកមើលគ្រប់ប៉ុស្តិ៍ថា ប៉ុស្តិ៍ផ្ដល់សិទ្ធិឲ្យមនុស្ស គ ថ្លង់ ហើយប៉ុស្តិ៍ណាមិនផ្ដល់សិទ្ធិ។ ខ្ញុំ នឹងតាមមើលហើយ ទូរស័ព្ទត្រង់ៗទៅរកម្ចាស់ស្ថានីយ៍ទូរទស្សន៍ហ្នឹងហ្មង ហើយបើម្ចាស់ស្ថានីយ៍ទូរទស្សន៍ហ្នឹង ឆ្លើយថាអត់ចំណេញទេ ខាតរាល់ខែ ខ្ញុំនឹងសួរភ្លាមថា ព័ត៌មានម្ដងចំណាយលុយប៉ុន្មាន ខ្ញុំជួយចេញលុយឲ្យថ្លៃទូរទស្សន៍ហ្នឹងទៀត»៕
© រក្សាសិទ្ធិដោយ thmeythmey.com