រូបត្លុក
កាហ្វេ​ថ្មីៗ​៖ កុំ​ជេរប្រទេច​! គួរ​ទិតៀន​ឲ្យ​គេ​ស្តាប់​!
01, Jul 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ

​សុធីរ និង​សំណាង ព្រឹក​នេះ​និយាយ​អំពី​ជ្រុង​មួយ​នៃ​យុវជន​។ កិច្ចសន្ទនា​នេះ​ទំនងជា​ស្មុគស្មាញ​បន្តិច ពីព្រោះ វា​ទាក់ទង​នឹង​ការគិត និង​អក​ប្ប​កិរិយា​របស់​យុវជន ដែលជា​បញ្ញវន្ត​។​
 
​សំណាង​៖ (​ដក​បំពង់​បឺត​កាហ្វេ​ទឹកកក​ពី​មាត់​) របាយការណ៍​របស់​អង្គការសហប្រជាជាតិ​និយាយថា កម្ពុជា​យើង​មាន​ប្រជាជន​ក្មេង​ច្រើន ពិសេស​មាន​យុវជន​ជាង​៦០​ភាគរយ​។ បើ​ពួកគេ​ខ្លាំង ខ្មែរ​ក៏​ខ្លាំង​ដែរ ថ្ងៃក្រោយ​ទៅ​!
 
​សុធីរ​៖ ត្រូវ​ហើយ​។ ពួកគេ​កំពុង​ខ្លាំង​ហើយ មាន​សមត្ថភាព​ក៏​ច្រើន​ដែរ​។ ប៉ុន្តែ​ខ្លាំង​មួយ ដែល​អញ​មិន​ចង់​ឲ្យ​ខ្លាំង គឺ​ខ្លាំង​ជេរ ចាំតែ​ជំទាស់ ហើយ​មិន​ប្រាប់​ហេតុផល​។​
 
​សំណាង​៖ បានន័យថា​ម៉េច​? អញ​អត់​យល់​!
 
សុធីរ​៖ យុវជន​ខ្លះ​ប្តេជ្ញា​មិន​ទទួល​ទស្សនៈ​ផ្សេង​ក្រៅពី​របៀប​គិត​របស់​ខ្លួនឯង​។ យុវជន​ខ្លះ​បានសម្រេច​ចិត្ត​ខ្លួនឯង​រួចទៅហើយ ថា​ពួកគេ​អាន​ព័ត៌មាន​តែមួយ​ប្រភេទ​ដែល​គេ​ចង់​អាន ចង់​ឮ​តែប៉ុណ្ណោះ ដោយ​មិន​រង់​ចាំមើល​ចំណងជើង ឬ​សារព័ត៌មាន​ណា​ផ្សាយ​អ្វី​ឡើយ​។ អ្នក​ខ្លះទៀត ឃើញ​ទិដ្ឋភាព​តែមួយ ក៏​សម្រេចចិត្ត​វាយតម្លៃ វិនិច្ឆ័យ​ភ្លាមៗ ដូចដែល​ពួកគេ​អាន​តែ​ចំណងជើង​អត្ថបទ​ព័ត៌មាន​ហើយ ក៏​ប្រតិកម្ម និង​កាត់ក្តី​លើ​រឿង​នោះ​តែម្តង​។​
 
​សំណាង​៖ មែន​! អញ​ឃើញ​ចឹ​ង​ដែរ ជាពិសេស អា​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិន​បានទេ​! ពេលខ្លះ គ្រាន់តែ​ឃើញ​ការអធិប្បាយ​របស់​ពួកគេ អញ​ដឹងថា​ពួកគេ អត់​បាន​អាន​អត្ថបទ​ឡើយ​។​
 
​សុធីរ​៖ អ្ហែង​ទើបតែ​និយាយថា បើ​ពួកគេ​ខ្លាំង កម្ពុជា​យើង​ក៏​ខ្លាំង​។ ពួកគេ​ហ្នឹងហើយ​ដែល​នឹង​ចូល​ដឹកនាំ​ក្នុង​ការងាររាជការ ដឹកនាំ​ក្រុមហ៊ុន​តូចធំ ដឹកនាំ​អង្គការ និង​ស្ថាប័ន សហគមន៍​។ ចុះបើ​ពួកគេ​ភាគច្រើន​មិន​នឹងធឹង មិន​ចំណាយពេល​ពិចារណា មិនមាន​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ មិន​ស្តាប់​ហេតុផល ។​ល​។ តើ​កម្ពុជា​ខ្លាំង​របៀប​ណា​? លើសពី​ពូកែ ស្វាហាប់ គឺ​ត្រូវមាន​ភាពចាស់ទុំ​ក្នុងការ​ប្រព្រឹត្តិ​របស់ខ្លួន​។ កុំ​គ្រាន់តែ​ស្រែក​ជំទាស់ តែ​ត្រូវ​ផ្តល់​ការពន្យល់ និង​ហេតុផល​នៃ​ការជំទាស់​។ គឺ​មិនមែន​ប្រតិកម្ម សរសេរ​ជេរ​គេ ជេរ​ឯង ហើយ​ដើរចេញ​បាត់​នោះទេ​។ វា​ឥតប្រយោជន៍​។ គេ​មិន​ស្តាប់​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com