ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឱម យ៉ិនទៀង​៖ ច្បាប់​ពុករលួយ​នៅ​កម្ពុជា អត់​មាន​ដាក់គុក​ករណី​សម្ញែង​ទ្រព្យ​ឡើយ​
01, Jul 2019 , 12:30 pm        
រូបភាព
នា​សន្និសីទ​សារព័ត៌មាន​ ទាក់ទង​ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដីនៅ​ខេត្ត​ព្រះសីហនុ លោក ឱម យ៉ិនទៀង ឆ្លៀត​​បកស្រាយ​ករណីសម្ញែងទ្រព្យ​ប្រាប់​អ្នកសារព័ត៌មាន
នា​សន្និសីទ​សារព័ត៌មាន​ ទាក់ទង​ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដីនៅ​ខេត្ត​ព្រះសីហនុ លោក ឱម យ៉ិនទៀង ឆ្លៀត​​បកស្រាយ​ករណីសម្ញែងទ្រព្យ​ប្រាប់​អ្នកសារព័ត៌មាន
ករណី  លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី និង​ករណី លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ដែល​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កន្លងមក​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ ដោយ​គ្រាន់តែ​ជា​ទង្វើ​សម្ញែង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។ នេះ​ជាការ​អះអាង​របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។​



អត្ថបទទាក់ទង


​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែមិថុនា កន្លងមក ទាក់ទង​ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ លោក ឱម យ៉ិនទៀង បាន​យក​ករណី​សម្ញែង​ទ្រព្យ​មក​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​។ លោក​បាន​អះអាងថា ACU បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​៦​ក្រុម  ប៉ុន្តែ​រក​មិន​ឃើញថា លោក គឹម រស្មី​ជាប់​ពាក់ព័ន្ធ​នឹង «​បទល្មើស​អំពើពុករលួយ​» នោះឡើយ​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ លោក គឹម រស្មី ដែល​ស្ថិតក្នុង​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី បាន​ចែក​មូល​ប្ប​ទា​នប​ត្រ ឲ្យ​កូន​៥​នាក់​របស់ខ្លួន​នា​ពិធី​ខួបកំណើត ដោយ​អះអាង​១​សន្លឹក​មានទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ ទិដ្ឋភាព​នេះ ត្រូវបាន​ថត​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ ហើយ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​។​


​បើតាម​ប្រធាន ACU លោក គឹម រស្មី ធ្លាប់ជា​មនុស្ស​ក្រខ្សត់ និង​មានត្រកូល​គ្រួសារ​ជា​អ្នកធ្វើ​កៅស៊ូ ហើយក៏​បាន​ជួប​ប្រពន្ធក្រោយ​ដែលមាន​ជីវភាព​ធូរធារ​។ ចំពោះ​មូល​ប្ប​ទា​នប​ត្រ​ដែល​លោក គឹម រស្មី បាន​ចែក​ឲ្យ​កូនៗ​នោះ​មាន​លុយ​មិន​គ្រប់​នោះឡើយ​។​

​លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា​៖ «​សែក [​មូល​ប្ប​ទា​នប​ត្រ​] ៥​សន្លឹក ដែល​លោក គឹម រស្មី ចែក​ឲ្យ​កូនៗ​ទាំង​៥​នាក់​នោះ បើក​អត់​បានទេ  ហើយពីរ​សន្លឹក ហាក់ដូចជា​ហែក​ចោល​។ សែក​ទាំង​ប៉ុន្មាន​យើងខ្ញុំ រឹបអូស​យកបាន​មក​ធ្វើជា​ភស្តុតាង​»​។​

«​យើង​មើល​ទ្រព្យសម្បត្តិ​របស់លោក គឹម រស្មី គឺ​មិនទាន់មាន​អ្វីដែល​អាចជា​បញ្ហា​ទេ ហើយ​យើង​ឃើញថា ៥០​ម៉ឺន​ដុល្លារ ដែល​ចែក​ឲ្យ​កូនៗ​នោះ​អត់​មាន​ទេ ព្រោះ​លុយ​ក្នុង​ធនាគារ​របស់គាត់ មាន​មិន​គ្រប់​៥០​ម៉ឺន​ដុល្លារ​ផង បាន​អី​បើក​សែក​... គឺ​អត់​មាន​លុយ​ទេ​... គឺ​អួត​សម្ញែង ទ្រព្យ​ទេ​... អ្វី​ដែលជា​បញ្ហា​គាត់​ខុស គឺ​ការ​សម្ញែង​ទ្រព្យ​»​។ នេះ​ជាការ​ពន្យល់​របស់​មេ ACU ដោយ​អះអាងថា ច្បាប់ ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា គ្មាន​ការដាក់​គុក​ករណី​សម្ញែង​ទ្រព្យ​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មិន​ចង់ឃើញ​ករណីបែបនេះ​ឡើយ ដោយ​កាលពី​ខែកុម្ភៈ ដដែល​នោះ លោក គឹម រស្មី ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ និង​អស់តំណែង​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្តរតនគិរី​។ លោក​ឱម យ៉ិនទៀង បាន​បន្ថែមថា ករណីនេះ​ហាក់ដូចជា​ចប់ ប៉ុន្តែ​លោក គឹម រស្មី នៅតែ​ភ័យ​ទៀត ដោយសារ ACU នៅ​បន្ត​ស៊ើបអង្កេត​ផ្សេងទៀត​។​



​ដូចគ្នា​ផងដែរ ករណី​របស់​ស្នងការរង​ខេត្តកណ្ដាល​លោក ស្រេង សុខា ក៏ត្រូវ​ប្រធាន ACU ក៏ អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ​។ លោក​បាន​កត់សម្គាល់ថា​៖«​ស្នងការរង​នេះ ដូចគ្នា អា​លុយ​បង្អួត​នោះ​ជា​លុយ​របស់​ខាង​ស្រី  ពោលគឺ​ស​ម្ងែ​ង​ដូចគ្នា​ហ្នឹង​»​។

​កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ  បានប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ស្នងការរង​ខេត្តកណ្ដាល​រូបនេះ   ក្រោយពី​មានការ​ចែករំលែក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្នងការរង​រូបនេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​បាន​ជូន​ថ្លៃ​បណ្ណាការ​ជូន​បណ្ណាការ​ត​ម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ដល់​គូ​ដណ្ដឹង កាលពី​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com