សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេត​វិមាន​៖ អាមេរិក​នឹងមិន​ដក Huawei ពី​បញ្ជីខ្មៅ​ឡើយ គ្រាន់តែ​ផ្តល់​អាជ្ញា​បណ្ណ​បន្ថែម​
01, Jul 2019 , 2:17 pm        
រូបភាព
ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានអាមេរិក លោក Larry Kudlow (ប្រភពរូប៖ AFP)
ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានអាមេរិក លោក Larry Kudlow (ប្រភពរូប៖ AFP)
ដោយ:
​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេត​វិមាន​អាមេរិក លោក Larry Kudlow នៅ​ថ្ងៃទី​៣០ ខែមិថុនា បាន​ឆ្លើយតប​នឹង​ការរិះគន់​លើ​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ទិញ​ផលិតផល​អាមេរិក​។ ការបត់ ១៨០ ដឺ​ក្រេ​នេះដែរ ស្ថិតក្នុង​ផ្នែក​មួយ​នៃ​បទ​ឈប់​បាញ់​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ជំនួប​កំពូល G២០ ក្នុងប្រទេស​ជប៉ុន កាលពី​ចុង​សប្តាហ៍​មុន ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​។



​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក  Fox News Sunday ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​សហរដ្ឋអាមេរិក លោក Larry Kudlow គូសបញ្ជាក់ថា រដ្ឋបាល​លោក​ត្រាំ ពុំបាន​ដក​ក្រុមហ៊ុន Huawei របស់​ចិន ចេញពី​បញ្ជីខ្មៅ ដែល​ខ្ទប់​ក្រុមហ៊ុន​នេះ​ពី​ការទិញ​ផលិតផល​អាមេរិក​។ ផ្ទុយទៅវិញ ក្រសួងពាណិជ្ជកម្ម​អាមេរិក នឹង​ផ្តល់​អាជ្ញា​បណ្ណ​បន្ថែម  ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក លក់​ផលិតផល​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei ដរាបណា​ការលក់​ទាំង​អស់នោះ ពុំ​បង្ក​ផលប៉ះពាល់​ដល់ សន្តិសុខ​ជាតិ​ទេនោះ​។

«​នេះ ពុំមែន​ជាការ​លើកលែងទោស​ជាទូទៅ​នោះឡើយ​»​។ លោក Kudlow សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា ក្រុមហ៊ុន Huawei នឹង​បន្ត​ស្ថិតក្នុង​បញ្ជីខ្មៅ ដែល​រឹតត្បិត​លើ​ការនាំចេញ​យ៉ាង​តឹងតែង និង​ក្នុង​កង្វល់​សន្តិសុខ​ជាតិ​អាមេរិក​ដដែល​។​    ​

​ពី​ប្រទេស​ជប៉ុន នៅ​ជំនួប​កំពូល G២០ កាលពី​ថ្ងៃ​សៅរ៍​ទី ២៩ មិថុនា ឆ្នាំ​២០១៩ លោក ដូ​ណា​ល់ ត្រាំ និយាយថា ការសម្រេចចិត្ត​អនុ​ញ្ញា​យ​ឲ្យ​ក្រុមហ៊ុន Huawei ទិញ​ផលិតផល​អាមេរិក គឺ​តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​អាមេរិក​។ មេដឹកនាំ​វ័យ ៧៣​ឆ្នាំ​រូបនេះ បន្ថែមទៀតថា លោក​នឹង​ទៅ​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​អាមេរិក ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ក្រុមហ៊ុន Huawei ប៉ុន្តែ​សង្កត់ធ្ងន់ថា ពួកគេ​ពុំទាន់​បង្កើត​ការសម្រេច​ចិត្តជា​ផ្លូវការ​ក្នុង​ដកហូត​ការ​រឹតត្បិត​នេះ​នៅឡើយ​ទេ​។​

អត្ថបទទាក់ទង


​គួរកត់សម្គាល់​ដែរ​ថា ការសម្រេចចិត្ត​របស់​លោក​ត្រាំ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការលក់​បន្ថែម​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei ទទួលរង​ការរិះគន់​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋៈ​អាមេរិក​។ លោក​ព្រឹទ្ធសភា​អាមេរិក Marco Rubio លើកឡើងថា សភា Congress គួរតែ​រឹតត្បិត​លើ​ការសម្រេចចិត្ត​ក្នុង​ការគាំទ្រ​ក្រុមហ៊ុន Huawei ដោយ​ការបោះឆ្នោត Veto ដោយ​មតិ​ភាគច្រើន ប្រសិនបើ​លោក ត្រាំ បន្ត​ការគាំទ្រ​សេចក្តីព្រាងច្បាប់​ថ្មី​ទាក់ទិន​នឹង​បញ្ហា​នេះ​។

​ផ្ទុយទៅវិញ អង្គការ «The Semiconductor Industry Association» ដែល​គ្របដណ្តប់​ប្រមាណ ៩៥​ភាគរយ​នៃ​ឧស្សាហកម្ម Semiconductor អាមេរិក រួមមាន ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប ដូចជា Broadcom, Qualcomm និង Intel បាន​ឆ្លើយតប​ប្រកបដោយ​វិជ្ជមាន​ចំពោះ​បទ​ឈប់​បាញ់​របស់លោក ត្រាំ ជាមួយ​លោក ស៊ី ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ប៉ុន្តែ​អះអាងថា ខ្លួន​ចង់បាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ស្តីពី​គម្រោង​ទាក់ទិន​នឹង​សំណុំរឿង Huawei ។ នេះ​ជា​សម្ដី​របស់លោក  John Neuffer ប្រធាន និង​នាយក​ប្រតិបត្តិការ​អង្គការ​នេះ​។

​គួរ​រម្លឹក​បន្តិច​ដែរ​ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៦ ខែឧសភា បានប្រកាស​អាសន្ន​ជាតិ​លើ​វិស័យ​គមនាគមន៍ ដោយ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ពី​ការប្រើប្រាស់​សម្ភារ​គមនាគមន៍​បរទេស​នានា ដែល​រដ្ឋបាល​លោក​ចាត់ទុកថា បង្ក​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ចំណាត់ការ​ថ្មី​នេះ ទំនងជា​សំដៅលើ​ក្រុមហ៊ុន​យក្ស​ចិន Huawei ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការធ្វើ​ចារកម្ម​៕





Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សេត​វិមាន​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com