ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ សិទ្ធិមនុស្ស​ផ្ដើមចេញពី​សិទ្ធិ​រស់រៀនមានជីវិត មិនមែន​ចេញពី​សំណេរអ្នកកាសែត​ឡើយ​
01, Jul 2019 , 2:45 pm        
រូបភាព
​ភ្នំពេញ​៖ សិទ្ធិមនុស្ស​ផ្ដើមចេញពី​សិទ្ធិ​រស់រៀនមានជីវិត មិនមែន​កើតចេញពី​ការសរសេរ​របស់អ្នកកាសែត​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រៀម​ឡើង​ថ្លែង​សន្ទរកថា​ពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​ថ្ងៃទី​៤ កក្កដា​។ ប្រមុខ​រដ្ឋាភិបាល នឹងចូលរួម​កិច្ចប្រជុំ « ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ » ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៣ ដល់​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​


 
​មុន​ទៅ​ប្រទេស​ស្វី​ស សម្ដេច ហ៊ុន សែន បាន​អះអាងថា សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនបាន​ស្ថិតនៅក្រោម​គ្រាប់ផ្លោង និង​សង្គ្រាម​ទេ ខណៈដែល​ប្រទេស​ខ្លះ កំពុងមាន​ការបាញ់សម្លាប់​នៅឡើយ​។ ត្រង់ចំណុច​នេះ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចោទ​ជា​សំនួរ​វិញ​ថា តើ​ប្រទេស​ដែល​កំពុង​ប្រើប្រាស់​ហិង្សា​បាញ់សម្លាប់​គ្នា​នោះ គេ​មាន​ការគោរព​សិទ្ធិមនុស្ស​ដែរ​ទេ​?
 
​សួរ​បែបនេះហើយ​ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ជំហរ​ជាថ្មី​ថា កម្ពុជា មិន​ព្រម​ឱនក្បាល​ជាដាច់ខាត ចំពោះ​ប្រទេស​ដទៃ ដែល​តែងតែ​ព្យាយាម​ទន្ទ្រាន​មកលើ​កម្ពុជា​។ ក្នុងន័យនេះ​លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា សិទ្ធិមនុស្ស​ផ្តើមចេញពី​សិទ្ធិ​រស់រៀនមានជីវិត មិនមែន​ស្ថិតនៅលើ​ការសរសេរ​ព័ត៌មាន​រៀបរាប់​ពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​នីមួយៗ​នោះឡើយ​។​
 
« យើង​បានឃើញ​បញ្ជាក់​ច្បាស់​នឹង​ភ្នែក សិទ្ធិមនុស្ស​ចាប់ផ្តើម​ពី​សិទ្ធិ​រស់រៀនមានជីវិត មិនមែន​ចាប់ផ្ដើម​ពី​ការសរសេរ​កាសែត​នោះទេ​។ បើ​វា​ងាប់​ទៅហើយ តើ​វាសរ​សេរ​កាសែត​របៀប​ម៉េច​? យើង​ហ៊ាន​និយាយ​គ្នា​យ៉ាងច្បាស់​ដូច្នេះ​។ ដូច្នេះហើយ​បានជា​កម្ពុជា​មិន​ព្រម​ឱនក្បាល​ជាមួយ​ការ​ប្រៀនប្រដៅ​របស់​អ្នកដទៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​ក្រោយ​អះអាង​ដូច្នេះហើយ មេដឹកនាំ​កម្ពុជា​៤០​ឆ្នាំ​រូបនេះ មិន​ភ្លេច​លើក​ពី​គុណសម្បត្តិ​ខ្លួន ដែល​តស៊ូ​ទាញ​ប្រជាជន​កម្ពុជា ចេញពី​ការគាបសង្កត់​សិទ្ធិសេរីភាព និង​សិទ្ធិ​រស់រៀនមានជីវិត នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ​។​
 
​កាលពី​ថ្ងៃទី​១៩ មិថុនា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ពីររូប គឺ​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ដា​វីដ កា​យ៉េ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានបង្ហាញ​កង្វល់​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល ក្នុងការ​បំបិទ​សំឡេង​ដៃគូ​នយោបាយ និង​សំឡេង​ក្រុម​ដែល​ប្រឆាំង​រដ្ឋាភិបាល​។ បញ្ហា​ដែល​ជំរុញ​ឲ្យ​អ្នករាយការណ៍​អង្គការសហប្រជាជាតិ​ទាំង​ពីររូប ព្រួយបារម្ភ និង​ចាត់ទុកជា សកម្មភាព​រំលោភ​សិទ្ធមនុស្ស និង​សិទ្ធិ​បញ្ចេញមតិ​នោះ គឺពាក់ព័ន្ធ​ករណី​តុលាការ​កោះហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​ជាង​១០០​នាក់​ទៅ​សួរនាំ ដោយសារតែ​ពួកគេ​នៅ​រក្សា​ជំហរ​គាំទ្រ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។​
 
​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ អ្នករាយការណ៍​ទាំង​ពីររូប ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​វប្បធម៌​សន្ទនា​ជាថ្មី ដើម្បី​ពង្រឹង​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​កម្ពុជា​។​
 
អត្ថបទទាក់ទង
 
តែ​យ៉ាងណា​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាងថា សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​នៅ​កម្ពុជា ត្រូវបាន​រក្សា​ការពារ​ដោយ​ពេញលេញ​ស្របតាម​ច្បាប់​។ ចំណែក​ការកោះហៅ​អតីតមន្ត្រី​បក្សប្រឆាំង​ជាង​១០០​សាកសួរ​នោះ គឺជា​គ្រាន់តែ​ជាការ​អនុវត្ត​នីតិ​វិធិ​ច្បាប់ ដែល​តុលា​ការដាក់​ការសង្ស័យ​លើ​ពួកគេ​ប៉ុណ្ណោះ នៅ​គ្រា​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧៕

Tag:
 ​ហ៊ុន សែន​
  សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com